ចង់បើកអាជីវកម្ម​ចំណី​អាហារ! អ្នកជំនាញ​ប្រាប់​វិធីសាស្ត្រ​រៀបចំ​ទីតាំង​ប្រកប​ដោយ​ស្ដង់ដា​រនិង​អនាម័យ​



ការ​គាំទ្រ​ពី​សំណាក់​អតិថិជន​គឺ​ជា​កត្តា​ចម្បង​ក្នុង​ដំណើរ​ការ​អាជីវកម្ម​មួយ ដូច្នេះ​តើ​ធ្វើ​យ៉ាងណា​ទើប​អាច​ទទួល​បាន​ការ​ទុក​ចិត្ត​និង​ការ​គាំទ្រ​ពី​អតិថិជន​ ច្បាស់​ណាស់​គឺ​ភាព​ស្មោះ​ត្រង់​ចំពោះ​គុណភាព​និង​ការ​ធានា​នូវ​សុវត្ថិភាព​ជូន​អតិថិជន។ ជាមួយ​គ្នា​នេះ លោក សុង ខេងលាន អ្នក​ជំនាញ​ផ្នែក​សុវត្ថិភាព​ចំណីអាហារ​ នឹង​ជា​ប្រធាន​ក្រុមហ៊ុន​ CSL enterprise បាន​ចែក​ររំលែកនូវ​វិធីសាស្ត្រ​មួយ​ចំនួន​ក្នុង​ការ​រៀបចំ​សហគ្រាស​ក៏​ដូច​ជា​ក្រុមហ៊ុន​ ឲ្យ​មាន​ស្ដង់ដារ​និង​ប្រកប​ដោយ​អនាម័យ។


អ្នក​ជំនាញ​រូប​នេះ​បាន​លើក​ឡើង​ថា តាម​ក្បួនច្បាប់​នៃ​ការ​ផលិត​ចំណី​អាហារ​អ្វី​ដែល​ត្រូវ​គិត​មុន​គេ​គឺ​ទីកន្លែង​ផលិត​ថា​តើ​យើង​មាន​ការ​រៀប​ចំបែប​ណា យើង​ត្រូវ​ដឹង​ថា​ការងារ​ណា​គួរ​ដាក់​កន្លែង​ណា ឧទាហរណ៍​ជាក់​ស្ដែង​ក្រុមហ៊ុន​របស់​ខ្ញុំ​ផលិត​ផលិតផល​ចេកឆាប ដូច្នេះ​នៅ​ពេល​ដែល​យក​វត្ថុធាតុ​ដើម​មក​ យើង​ត្រូវ​ដឹង​ថា​តើ​គួរ​ចិត​ចេក​និង​លាង​នៅ​កន្លែងណា ពោល​គឺ​យើង​មិន​អាច​យក​វត្ថុធាតុដើម​ទាំង​នោះ​ទៅ​ដាក់​ក្បែ​កន្លែង​វេចខ្ចប់​បាន​ទេ ព្រោះ​ថា​ស្ដង់ដារ​អនាម័យ​គឺ​ខុស​គ្នា។



ចំណុច​មួយ​ទៀត​គឺ​បុគ្គលិក យើង​ត្រូវ​បង្រៀន​ពួក​គាត់​ឲ្យ​បាន​ត្រឹមត្រូវ​ទាក់ទង​នឹង​អនាម័យ​ព្រោះ​ថា​ការ​ឆ្លង​ក៏​អាច​បណ្ដាល​មក​ពី​បុគ្គលិក​ផងដែរ  ដោយ​ពេល​ខ្លះ​ទីកន្លែង​យើង​បាន​រៀប​ចំល្អ​បន្តែ​បុគ្គលិក​ខ្វះ​ការ​យល់​ដឹង​ផ្នែក​អនាម័យ​ ដូច​ជា​ពួកគាត់​មិន​បាន​ពាក់មួក​ត្រឹម​ត្រូវ មាន​ពាក់​គ្រឿង​អលង្ការ​ឬ​ចេញ​ពី​បន្ទប់​ទឹក​មិន​បាន​លាង​ដៃ​ជា​ដើម នេះ​មិន​មែន​មក​ពី​បុគ្គលិក​ទាំង​ស្រុង​ទេ ប៉ុន្តែ​មក​ពី​ពេល​ខ្លះ​យើង​មិន​បាន​រៀបចំ​ត្រឹម​ត្រូវ​សម្រាប់​គាត់​ប្រើប្រាស់​។



ចំណុច​បន្ទាប់​គឺ​ទាក់ទង​នឹង​ការ​សម្អាត​បន្ទាប់​ពី​ធ្វើ​ការ​ហើយ ដូច្នេះ​បន្ទាប់​ពី​ធ្វើ​ការ​ហើយ​តើ​យើង​សម្អាត​ឧបករណ៍​ប្រើប្រាស់​ដោយ​របៀប​ណា​ ឬ​យើង​ទុក​វា​សិន​ចាំ​ស្អែក​ចាំ​សម្អាត​ឬ​យ៉ាង​ណា តើ​នឹង​មាន​បញ្ហា​អ្វី​កើត​ឡើង​ទៅ​ប្រសិន​បើ​យើង​ទុក​វា​ចោល​មួយ​យប់​ទើប​សម្អាត​ ច្បាស់​ណាស់​ថា​ប្រាកដ​ជា​មាន​សត្វល្អិត​មក​រញ៉េរញ៉ៃ​វត្ថុ​ទាំង​នោះ ជួន​កាល​ពេល​ដែល​យើង​លាង​សម្អាត​ក៏​មិន​អាច​អស់​សារធាតុ​មេរោគ​នៃ​សត្វ​ទាំង​នោះ​បាន​ដែរ។



ចំណុច​សំខាន់​ចុង​ក្រោយ​គឺ​ការ​ការពា​សត្វល្អិត ដើម្បី​ការពារ​សត្វចង្រៃ​ផ្សេងៗ​ដូច​ជា​កណ្ដុរ កន្លាត ឬ​ស្រមោច​ជា​ដើម​យើង​ត្រូវ​មាន​ការ​ត្រៀម​ខ្លួន​ទុក​ជា​មុន ដូច្នេះ​កន្លែង​យើង​ត្រូវ​មាន​ការ​បិទជិត​ត្រឹម​ត្រូវ ឧទាហរណ៍​ថា​បើ​ផលិតផល​យើង​ត្រូវ​ការ​មាន​ខ្យល់​ចេញចូល​យើង​អាច​ប្រើ​សំណាញ់​បាន ឬ​ផលិតផល​ខ្លះ​ត្រូវ​ការ​ត្រជាក់​យើង​ក៏​មិន​អាច​បើក​បង្អួច​ដែរ ពោល​គឺ​យើង​អាច​រក្សា​វា​នៅ​កន្លែង​បិទ​ជិត​ហើយ​ប្រើ​មាស៊ីន​ត្រជាក់​វិញ៕

ដោយ៖ ជួប ស្រីរ័ត្ន