រឿង​៤​ចំណុច​ដែល​អ្នក​ត្រូវ​គិតគូរ​មុន​ជួល​បុគ្គលិក​ដំបូង​គេ​មក​ធ្វើ​ការ​



នៅ​ពេល​អ្នក​ចាប់​ផ្តើម​ជំនួញ​ថ្មីថ្មោង អ្វី​ដែល​អ្នក​ព្រួយបារម្ភ​បំផុត​នោះ​គឺ​ថា ​អ្នក​អាច​អូសទាញ​ប្រាក់​ចំណូល​បាន​ដោយ​របៀបណា ខណៈ​ដែល​ការ​ចំណាយ​របស់​អ្នក​មាន​ច្រើន បទពិសោធន៍​នៅ​ខ្ចី និង​បារម្ភ​ពី​ហានិភ័យ​ដែល​កើត​មាន​ឡើង។ នេះ​ជា​ករណី​ទូទៅ​ទៅ​ហើយ​សម្រាប់​សហគ្រិន​ជា​ច្រើន ហើយ​មាន​សហគ្រិន​តិចតួច​ប៉ុណ្ណោះ ដែល​អាច​ឈរ​ជើង​នៅ​លើ​សមរភូមិ​នេះ​បាន​​​។ 

ឥឡូវ​នេះ​ឧទាហរណ៍​ថា ជំនួញ​អ្នក​ចាប់​ផ្តើម​មក​ជោគជ័យ​ខ្លាំង រក​ចំណូល​បាន​ឆាប់រហ័ស ហើយ​អ្នក​មាន​បំណង​ចង់​ពង្រីក​វា​ឲ្យ​កាន់តែ​ធំ​។ ចំណុច​នេះ​អ្នក​ជៀស​មិន​ផុត​ពី​ការ​ជ្រើសរើស​បុគ្គលិក​មក​ធ្វើ​ការ​ឲ្យ​កាន់តែ​ច្រើន​នោះ​ឡើយ។ នេះ​ទាមទារ​ឲ្យ​អ្នក​ស្វែង​យល់​ពី​គន្លឹះ​មួយ​ចំនួន​​​ជាមុន​សិន​មុន​សម្រេច​ចិត្ត​ជ្រើសរើស​បុគ្គលិក​ដំបូង​របស់​អ្នក។ ​

១.ធ្វើ​​សៀវភៅ​បញ្ជី​ និង​ការងារ​ដែល​ត្រូវ​ធ្វើ
មុន​ជួល​បុគ្គលិក​​ដំបូង​គេ​មក​ធ្វើការ ដំបូងដៃ​អ្នក​ត្រូវ​យល់​ឲ្យ​បាន​ច្បាស់​ថា ការងារ​​​ប្រចាំ​ថ្ងៃ​អ្វី​ខ្លះ​ដែល អ្នក​ត្រូវតែ​ធ្វើ​ឲ្យ​រួចរាល់​ និង​តម្រូវការ​អ្វី​ខ្លះ​ដែល​អ្នក​ចង់​ឲ្យ​បុគ្គលិក​ថ្មី​​យកចិត្ត​ទុកដាក់​ធ្វើ និង​មក​ជំនួសដៃ​របស់​អ្នក។ អ្នក​គួរ​ចំណាយ​ពេល​យ៉ាងហោចណាស់​​ពី ១ ទៅ ២​សប្តាហ៍​ដើម្បី​កត់ត្រា​ការងារ​ទាំងឡាយ​ដែល​អ្នក​ត្រូវ​ធ្វើ​ឲ្យ​រួចរាល់​​ក្នុង​ថ្ងៃ​នីមួយ ហើយ​​​ត្រូវ​ដឹង​ថា តើ​ការងារ​​ទាំង​នោះ​ចំណាយ​ពេល​យូរ​ប៉ុណ្ណា? បន្ទាប់​មក ស្រង់​ការងារ​ទាំង​នោះ​កត់​ចូល​ទៅ​ក្នុង​បញ្ជី​ដោយ​ចែក​ចេញ​​​ជា​៤​ផ្នែក​គឺ ​ ការងារ​ធ្វើ​បាន​ ​ការ​ងារ​ធ្វើ​មិន​បាន ដំណោះស្រាយ​បញ្ហា និង​​គំនិត​​វិជ្ជមាន​​។

អ្នក​នឹង​​ភ្ញាក់ផ្អើល​នៅ​ពេល​អ្នក​​សង្កេត​ឃើញ​ថា អ្នក​បាន​ចំណាយ​ពេល​ច្រើន ទៅ​លើ​កិច្ចការ​ដែល​អ្នក​ធ្វើ​មិន​បាន ឬ​មិន​មាន​ពេល​ធ្វើ​វា​។ នេះ​ដូច​ជា ការ​បិទ​បញ្ជី​បញ្ជាទិញ ផ្ញើ​អ៊ីមែល ការ​ទុកដាក់​ឯកសារ​តាម​លំដាប់លំដោយ។ ​នៅ​ពេល​នេះ​ហើយ​​ដែល​អ្នក​អាច​​ដោះលែង​ការងារ​ដែល​អ្នក​​ធុញទ្រាន់​ ឬ មាន​ភាព​ខ្វះចន្លោះ​ការងារ​មួយ​ចំនួន​ដែល​​​​អ្នក​យល់​ថា អ្នក​អាច​ត្រូវការ​បុគ្គលិក​ណា​ម្នាក់​មក​​ធ្វើ​ជំនួស​អ្នក​បាន។ ប្រការ​នេះ​នឹង​អាច​ធ្វើ​ឲ្យ​អ្នក​មាន​​​មាន​សេរីភាព​​ដើម្បី​ផ្ដោត​ទៅ​លើ​ផ្នែក​មួយ​ទៀត​គឺ គម្រោង​​ការងារ​សំខាន់​ផ្សេងៗ​ទៀត​គឺ ដំណោះស្រាយ​បញ្ហា យុទ្ធសាស្ត្រ និង​​គំនិត​ដែល​ធ្វើ​ឲ្យ​អាជីវកម្ម​របស់​អ្នក​បោះជំហាន​ទៅ​មុខ​បន្ថែម​ទៀត។

២.យល់ដឹង​ពី​ផល​ប៉ះពាល់​ហិរញ្ញវត្ថុ​ចំពោះ​បុគ្គលិក
មើល​ទៅ​វា​ជា​សញ្ញាណ​ល្អ​មួយ​នៅ​ពេល​​ដែល​អ្នក​ចង់​ជួល​បុគ្គលិក។ ក៏ប៉ុន្តែ​អ្នក​ត្រូវ​ទន្ទឹង​រង់ចាំ​រហូត​ដល់​រឿង​មួយ​កើត​មាន​ឡើង​គឺ អ្នក​អាច​រកចំណូល​បាន។ អ្នក​ត្រូវ​ប្រាកដ​ថា​  មុខ​ជំនួញ​របស់​អ្នក​ទទួល​បាន​ប្រាក់ចំណេញ​ជាប់លាប់​មុន​នឹង​នាំ​​បុគ្គលិក​ចូល។  នៅពេល​​អ្នក​ចាប់ផ្តើម​រក​បាន​​ប្រាក់ចំណេញ​ច្រើន​ហើយ​​ និង​មាន​អារម្មណ៍​ថា​  អ្នក​មាន​​សមត្ថភាព​គ្រប់គ្រាន់​​ដែល​​អាច​ជួល​បុគ្គលិក​បាន អ្នក​អាច​ជួល​មក​បាន។ 

មាន​ស្ថាបនិក​ខ្លះ​ រក​បាន​ប្រាក់​ចំណេញ​​ខ្លាំង​ហើយ​នៅតែ​មិន​ហ៊ាន​ជួល​បុគ្គលិក​ដើម្បី​មក​ពង្រីក​អាជីវកម្ម​របស់​ខ្លួន។ សម្រាប់​អ្នក​វិញ អ្នក​មិន​គួរ​ឲ្យ​បញ្ហា​​មួយ​នេះ​​រាំងស្ទះ​ដល់​ភាព​លូតលាស់​អាជីវកម្ម​របស់​អ្នក​ឡើយ។ បើ​មើល​ឃើញ​ឱកាស​រីកចម្រើន​ខ្លាំង​ និង​រក​ប្រាក់​ចំណូល​បាន​ច្រើន​ហើយ អ្នក​គួរ​ជួល​បុគ្គលិក​មក​ធ្វើ​ការ​ជំនួស​អ្នក​បាន។ ​​​​

៣.រៀបចំ​​ប្រព័ន្ធ​ការងារ​របស់​បុគ្គលិក 
នៅពេល​អ្នក​នាំ​បុគ្គលិក​ចូល វា​ជា​ការ​សំខាន់ណាស់​សម្រាប់​​ធ្វើ​ឲ្យ​ពួកគេ​អាច​បំពេញ​ការងារ​ប្រកបដោយ​គុណភាព ​និង​ឆាប់រហ័ស​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។ មធ្យោបាយ​ដ៏​ល្អ​បំផុត​ដើម្បី​​សម្រេច​បាន​កិច្ចការ​នេះ គឺ​​អ្នក​​ត្រូវ​​​​​បណ្តុះបណ្តាល​ពួកគេ ផ្តល់​​ឯកសារ ឬ​វីដេអូ​​ដែល​បង្ហាញ​អំពី​របៀប​​ធ្វើការ​របស់​ពួកគេ។  ទាំងនេះ​គឺ​ជា​ទ្រព្យ​​ដែល​អ្នក​អាច​ប្រើ​សម្រាប់​​បណ្តុះបណ្តាល​នៅ​​ពេល​អនាគត​ ឬ​​ក៏​ត្រូវ​វិនិយោគ​ពួកគេ​ឲ្យ​កាន់តែ​មាន​សមត្ថភាព​ខ្លាំង​ឡើង។

បន្ទាប់​មក​អ្នក​ត្រូវ​ឲ្យ​ពួកគេ​ឆ្លងកាត់​ការងារ​​បញ្ជាទិញ​ឬ បិទ​បញ្ជា​ទិញ​​អតិថិជន ឬ​បង្កើត​វីដេអូ​ដែល​រៀបរាប់​ពី​របៀប​ធ្វើ​កិច្ចការ​ទាំងនោះ។ ​​ នៅ​ពេល​អ្នក​បាន​ផ្តល់​ព័ត៌មាន​ទាំង​នេះ​ទៅ​កាន់​ពួកគេ បន្ទាប់​មក​បុគ្គលិក​របស់​អ្នក​នឹង​ប្រើប្រាស់​វា​ជា​ឯកសារ​យោង ព័ត៌មាន ឬ​គោលការណ៍​​ដែល​អ្នក​អាច​យក​ទៅ​​​អនុវត្ត​​សម្រាប់​ប្រើប្រាស់​នៅ​ពេល​មាន​បុគ្គលិក​ក្រោយៗ​ទៀត។ សូម​ចាំ​ថា អ្នក​ជា​អ្នកចាំ​​​​ជួយ​សម្រួល​​ការងារ​របស់​ពួកគេ​នៅ​ពេល​ដំបូង​ និង​ត្រូវ​ធានា​ថា ​ពួកគេ​អាច​បំពេញ​ការងារ​ទាំង​នោះ​ដោយ​ខ្លួន​ឯង​បាន​នៅ​ពេល​ដែល​គ្មាន​អ្នក​។

៤.រៀបចំ​ភាព​ជោគជ័យ​សម្រាប់​អតិថិជន
បុគ្គលិក​ដំបូង​របស់​អ្នក​ គួរតែ​ជា​នរណា​ម្នាក់​ដែល​ធានា​​ដល់​ការ​ពង្រីក​ប្រាក់ចំណូល​​ឲ្យ​កាន់តែ​ច្រើន​ដល់​អ្នក។  ​នេះ​ទាមទារ​ឲ្យ​អ្នក​​កំណត់​​ប្រព័ន្ធ​ការងារ​ស្តង់ដារ​មួយ​​ដែល​អាច​ដំណើរការ​បាន​យ៉ាង​ល្អ​ និង​ធ្វើ​​ឲ្យ​អតិថិជន​មាន​អារម្មណ៍​ថា​ ពួកគេ​ត្រូវ​បាន​យកចិត្តទុកដាក់​ដោយ​បុគ្គលិក​ដំបូង​របស់​អ្នក។ ក៏ប៉ុន្តែ​វា​ទាមទារ​ឲ្យ អ្នក​ត្រូវ​បង្រៀន​បុគ្គលិក​របស់​អ្នក​ពី​របៀប​មើលថែ​អតិថិជន និង​ស្វែងយល់​ពី​​ចិត្តសាស្ត្រ​​អតិថិជន​ឲ្យ​បាន​ដិតដល់​បំផុត។ ទន្ទឹម​នឹង​នេះ​​ដើម្បី​អាច​បង្កើន​ប្រសិទ្ធភាព​លើ​ការងារ​នេះ​បាន អ្នក​ក៏​ត្រូវ​​ពិចារណា​ឲ្យ​តម្លៃ​លើ​ការ​បំពេញ​ការងារ​បុគ្គលិក​របស់​អ្នក​ជាមួយ​នឹង​ប្រាក់ចំណូល​របស់​ពួកគេ​ផង​ដែរ​។ 

នៅ​ពេល​ជំនួញ​របស់​អ្នក​កាន់តែ​រីកចម្រើន ចំណូល​កាន់តែ​ច្រើន ហេតុ​អ្វី​ត្រូវ​ស្ទាក់ស្ទើរ​! អ្នក​គួរ​ ជួល​បុគ្គលិក​បន្ថែម​ទៀត​ដើម្បី​ពង្រីក​វា​កាន់តែ​ធំ​ឡើង៕

ប្រភព៖ Inc