អ្នក​គ្រប់គ្រង​ជោគជ័យ​ប្រើ​យុទ្ធសាស្ត្រ​ចំនួន​ ៧ នេះ​ដើម្បី​លើក​ទឹកចិត្ត​បុគ្គលិក​



នៅ​គ្រប់​ស្ថាប័ន​ក្រុមហ៊ុន​នីមួយៗ គេ​តែង​សង្កេត​ឃើញ​អ្នកដឹកនាំ​មាន​យុទ្ធសាស្ត្រ​ផ្សេងៗ​គ្នា​ដើម្បី​លើកទឹកចិត្ត​បុគ្គលិករបស់ខ្លួន។ ទន្ទឹម​នឹង​នេះ​ក៏​​មាន​ដែរ​អ្នក​ដឹកនាំ​ដែល​មើល​រំលង ឬ​ខ្វះ​សមត្ថភាព​លើ​ជំនាញ​មួយ​នេះ​ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​មាន​ការ​ថ្នាំងថ្នាក់​ពី​បុគ្គលិក ប៉ះពាល់​ដល់​លទ្ធផល​ការងារ។

អត្ថបទ​នេះ​នឹង​បង្ហាញ​យុទ្ធសាស្ត្រ​លើកទឹកចិត្ត ៧ ចំណុច​ដែល​អ្នកដឹកនាំ​ជោគជ័យ​អនុវត្ត។ អ្នក​អាច​ធ្វើ​ការ​ប្រៀបធៀប​ជាមួយ​ថ្នាក់ដឹកនាំ​នៅ​ក្នុង​ស្ថាប័ន​របស់​អ្នក​ ហើយ​រៀន​អង្កេត​មើល​ថា តើ​​ពួកគេ​មាន​ចំណុច​ទាំង​នេះ​ឬ​អត់? ប្រសិន​បើ​ចម្លើយ​អវិជ្ជមាន​ច្រើន​នោះ មានន័យ​ថា បុគ្គល​នោះ​ខ្វះ​ភាព​ជា​អ្នក​គ្រប់គ្រង ឬ​ដឹកនាំ​គេ​ហើយ។  ​

១. ការ​លើកទឹកចិត្តគឺ​ជា​ការ​ផ្តល់​ឲ្យ​នូវ​ភាព​ច្បាស់លាស់
អ្នកគ្រប់គ្រង​ទាំងអស់ និង​បុគ្គលិក​​គ្រប់រូប​​ត្រូវ​ដឹង ស្វែង​យល់ និង​ប្រកាន់​យក​ធាតុផ្សំ​​សំខាន់​ៗ​ដែល​ជា​មូលដ្ឋានគ្រឹះ​របស់​ក្រុមហ៊ុន។ នៅ​ពេល​ដែល​​អ្នក​គ្រប់គ្រង ឬ​មេដឹកនាំ​មាន​​ទស្សនវិស័យ​ និង​ប្រព័ន្ធ​ជឿជាក់​មួយ​ដ៏​​ច្បាស់លាស់ និង​ពិតប្រាកដ​ មនុស្ស​ក្រោម​បង្គាប់​ទាំងអស់​នឹង​​អនុវត្ត​តាម​ជាក់​ជាមិនខាន។

២.​ លទ្ធផល​ការងារ​មិន​អាស្រ័យ​លើ​បរិយាកាស​ការងារ​មួយ​មុខ​ឡើយ វា​អាស្រ័យ​លើ​ការ​រំពឹង​ទុក​ដែល​បាន​រៀបចំ​ដោយ​អ្នក​ដឹកនាំ
នៅ​ពេល​ដែល​បុគ្គលិក​ក្រោម​បង្គាប់​បាន​ដឹង​​ថា អ្វី​​ជា​ការ​រំពឹង​ទុក និង​ស្គាល់​តួនាទី​របស់​ខ្លួន​​ក្នុង​ការ​រួមចំណែក​​ធ្វើ​​ឲ្យ​ក្រុមហ៊ុន​ជោគជ័យ ពួកគេ​​អាច​នឹង​ធ្វើ​បាន​លើស​ពី​ការ​រំពឹង​ទុក​នោះ​ទៅ​ទៀត។ សូម​ចាំ​ថា អ្នក​ដឹកនាំ​ខ្លះ​​គឺ​ជា​អ្នក​រារាំង​សមត្ថភាព​របស់​​បុគ្គលិក​របស់​ខ្លួន​ទៅ​វិញ​ទេ​ដោយសារតែ​​ខ្លួន​មិន​បាន​ដាក់​​ការ​រំពឹង​ទុក​មួយ​ឲ្យ​​បាន​ច្បាស់លាស់។

៣. បង្កើត​វប្បធម៌​វិជ្ជមាន និង​​ការ​លើក​ទឹកចិត្ត​ក្នុង​ក្រុមហ៊ុន
មាន​ក្រុមហ៊ុន​​ស្ថាប័ន​ជា​ច្រើន​បាន​កសាង​កេរ្តិ៍ឈ្មោះ​របស់​ខ្លួន​ដោយ​ការ​បង្កើត​វប្បធម៌​មិន​ច្បាស់លាស់​មួយ។ ជំនួស​ឲ្យ​វប្បធម៌​នេះ អ្នក​គួរ​បង្កើត​​វប្បធម៌​​ក្នុង​ក្រុមហ៊ុន​មួយ​ដែល​ផ្តល់​តម្លៃ និង​មាន​អត្ថន័យ​សម្រាប់​បម្រើ​ផលប្រយោជន៍​បុគ្គលិក និង​ថ្នាក់ដឹកនាំ​គ្រប់​ជាន់ថ្នាក់។ វប្បធម៌​មួយ​នេះ​ អាច​​ធ្វើ​ឲ្យ​ស្ថាប័ន​ទាំងមូល​មាន​ទំនាក់ទំនង​ល្អ ធ្វើការ​ជា​ក្រុម ចេះ​ឈឺឆ្អាល ធ្វើដំណើរ និង​ចែករំលែក​គុណតម្លៃ​រួមគ្នា។

៤. ផ្តល់​សេរីភាព​ដល់​បុគ្គលិក​ក្នុង​ការ​បញ្ចេញ​សមត្ថភាព
បរិយាកាស​ការងារ​មួយ​ដែល​មាន​លក្ខណៈ​រឹតត្បិត​ខ្លាំង ឬ​ការ​គ្រប់គ្រង​ដឹកនាំ​ការងារ​​បែប​ប្រមូល​ផ្តុំ​ មិន​ផ្តល់​សិទ្ធិ​ទូលំទូលាយ​ដល់​បុគ្គលិក​បញ្ចេញ​សមត្ថភាព គឺ​ជា​​​​របៀប​ធ្វើ​ការ​មួយ​របស់​អ្នកដឹកនាំ​បរាជ័យ។ ជំនួស​មក​វិញ អ្នកដឹកនាំ​​គួរ​ផ្ទេរ​ភារកិច្ច​ការងារ​ឲ្យ​បុគ្គលិក​ក្រោម​បង្គាប់​អនុវត្ត។ មិនតែប៉ុណ្ណោះ អ្នក​គ្រប់គ្រង​គួរ​បើក​ឱកាស​ឲ្យ​​ពួកគេ​ចូលរួម​បញ្ចេញ​មតិយោបល់ ទស្សនៈ និង​បង្កើត​ភាព​ច្នៃប្រឌិត​ថ្មីៗ​សម្រាប់​ស្ថាប័ន​ទាំងមូល។

​​​៥. ផ្សារភ្ជាប់​ទំនាក់ទំនង​​ទៅវិញ​ទៅ​មក​នៅ​គ្រប់ជាន់ថ្នាក់​ និង​គ្រប់​ច្រកល្ហក​កន្លែង​ការងារ​
នៅពេល​ដែល​​អ្នកដឹកនាំ​បង្កើត​វប្បធម៌​ការងារ​មួយ​ដែល​មាន​ការ​​ផ្សារភ្ជាប់​ទំនាក់ទំនង​​ទៅវិញ​ទៅ​មក​នៅ​គ្រប់​ជាន់ថ្នាក់ មានន័យ​ថា អ្នកដឹកនាំ​នោះ​កំពុង​​ធ្វើការ​យ៉ាងសកម្ម​ដើម្បី​បង្កើត​ទំនាក់ទំនង​​​ដ៏​ល្អ​​នៅ​ក្នុង​ក្រុមហ៊ុន​ដោយ​ចេតនា និង​​មាន​គោលបំណង​ពិតប្រាកដ​។ នេះ​ជា​​បរិយាកាស​ការងារ​មួយ​ដែល​ធ្វើ​ឲ្យ​​ស្ថាប័ន​ទាំងមូល​​អាច​បណ្ដុះ​គ្រាប់ពូជ​ ​ភាព​ស្មោះត្រង់ ​ការ​គោរព​គ្នា និង​ការ​ឲ្យ​តម្លៃ​កាន់តែ​ខ្លាំង​ឡើង។

៦. បង្កើត​បរិយាកាស​ការងារ​ដែល​មាន​ការ​សហការ​គ្នា ​និង​​ទទួលយក​គោលការណ៍​​​ពិតប្រាកដ ១០០% មក​ធ្វើ​ជា​បទដ្ឋាន
អ្នកដឹកនាំ​ជា​ច្រើន​បាន​មើល​រំលង​ចំណុច​នេះ ហើយ​បណ្តែតបណ្តោយ​ឲ្យ​​មាន​​ភាព​ខ្វះចន្លោះ​កើត​មាន​ឡើង​​ និង​ការ​យកលេស​​ចេញ​ពី​បុគ្គលិក​ជាច្រើន​​។ ដើម្បី​ជៀសវាង​បញ្ហា​នេះ នៅ​ពេល​មាន​ប្រធានបទ​ជា​ច្រើន​ត្រូវ​​យក​មក​ពិភាក្សា និង​អនុវត្ត​ អ្នកដឹកនាំ​ត្រូវ​អនុវត្ត​គោលការណ៍​​ប្រាកដ​និយម​ ហើយ​បើ​ទោះបី​ជា​បុគ្គលិក​គ្រប់​ជាន់​ថ្នាក់​ធ្វើ​មិន​ទាន់​បាន ប៉ុន្តែ​បង្កើត​វា​ឲ្យ​ក្លាយ​ទៅ​ជា​ទម្លាប់ រហូត​​ដល់​ភាព​សច្ចភាព​ គឺ​ជា​មូលដ្ឋានគ្រឹះ​ក្នុង​ស្ថាប័ន​ខ្លួន។

៧. ទទួលស្គាល់​សមត្ថភាព​ឲ្យ​លើស​ពី​ការ​ត្រឹមតែ​​ផ្តល់​រង្វាន់
ខណៈ​ដែល​ការ​ផ្តល់​រង្វាន់​លើកទឹកចិត្ត​ដល់​មនុស្ស​ក្រោម​បង្គាប់​គឺ​ជា​រឿង​សំខាន់​មួយ​ដើម្បី​ឆ្លើយតប​ទៅ នឹង​ការ​ខិតខំ ប្រឹងប្រែង​របស់​ពួកគេ ការ​ទទួលស្គាល់​នូវ​សមត្ថភាព​ និង​​ការ​ឲ្យ​តម្លៃ​​គឺ​ជា​រឿង​ចាំបាច់​ដែល​សំខាន់​ជាង​នេះ​ទៅ​ទៀត។ វា​ជា​​ការ​បង្ហាញ​នូវ​ការ​យកចិត្ត​ទុកដាក់​មួយ​របស់​អ្នកដឹកនាំ​ទៅ​ដល់​បុគ្គលិក​ដើម្បី​លើកទឹកចិត្ត​ពួកគេ​ឲ្យ​​រក្សា​បាន​នូវ​លទ្ធផល​ការងារ​​ល្អ​ប្រសើរ និង​​ជា​និរន្ត។ 

សូម​លើកទឹកចិត្ត​ពួកគេ ឲ្យ​តម្លៃ​ពួកគេ យកចិត្ត​ទុកដាក់ ​​និង​ទទួលស្គាល់​សមត្ថភាព​របស់​ពួកគេ អ្នក​នឹង​ទទួល​បាន​នូវ​ការ​តបស្នង​មក​វិញ៕

​ប្រភព៖ Inc