រៀនមេរៀនទាំង ៧ នេះសិនមុននឹងចាប់ផ្តើមអាជីវកម្មឬមុខរបររកស៊ី​



ការចាប់ផ្តើមអាជីវកម្មគឺប្រៀបដូចជាការធ្វើដំណើរផ្សងព្រេងមួយ។ ជាទូទៅដំណើរផ្សងព្រេងមួយវាតែងមានជួបការលំបាក ឧបសគ្គ ឬបញ្ហាបរាជ័យជាមិនខាននៅពេលដែលគ្មានការណែនាំ ឬបង្ហាញផ្លូវសោះ។  តែពេលនេះយើងនឹងធ្វើការណែនាំនូវមេរៀនដ៏ល្អមួយនៃការចាប់ផ្តើមអាជីវកម្មដល់អ្នក៖

១) ស្វែងរកការអប់រំ

ការសិក្សាអប់រំគឺជាអ្វីៗទាំងអស់ ពិសេសអ្នកដែលចង់ក្លាយជាសហគ្រិនត្រូវស្វែងរកការសិក្សាជាប្រចាំ។ អ្នកអាចមិនបាច់ទាល់តែចាំបញ្ចប់បរិញ្ញាបត្រ ឬអនុបណ្ឌិតផ្នែកពាណិជ្ជកម្មទេ តែអ្នកគួររៀនវគ្គខ្លីៗនៃការលក់ ការគ្រប់គ្រង គណនេយ្យ ឬការងាររដ្ឋបាលជាដើម។

២) មានឆន្ទៈក្នុងការរៀន

អ្នកដែលមានឆន្ទៈក្នុងការរៀនសូត្រ គឺជាមនុស្សដែលតែងស្វែងរកចំណេះដឹងដាក់ខ្លួនជានិច្ច។ ធ្វើអាជីវកម្មទាមទារឲ្យម្ចាស់មានចំណេះដឹងច្រើនណាស់ ដូច្នេះអ្នកត្រូវមានឆន្ទៈក្នុងការរៀនជានិច្ច។ 

៣) ដឹងពីគោលដៅរបស់អ្នក

កុំព្យាយាមចាប់អាជីវកម្មពីរបីក្នុងពេលតែមួយ ខណៈដែលអ្នកមិនទាន់អាចរកស្ថិរភាពសម្រាប់អាជីវកម្មណាមួយបាននោះ។ អ្នកត្រូវមានផែនការច្បាស់លាស់ និងធ្វើយ៉ាងណាដើម្បីបានទៅដល់ចំនុចគោលដៅដែលអ្នកចង់បាន។

៤) វាស់ស្ទង់នូវភាពខ្លាំង និងភាពខ្សោយរបស់អ្នក

សិក្សាពីភាពខ្លាំង ជាអ្វីដែលអ្នកគួរធ្វើដើម្បីចាប់យកថាអ្នកនឹងបើកអាជីវកម្មអ្វីឲ្យសមនឹងភាពខ្លាំងរបស់អ្នក។ ចំណែកឯភាពខ្សោយ ក៏ជាចំនុចមួយដែលអ្នកត្រូវដឹងពីខ្លួនឯងអ្នកឲ្យបានច្បាស់ ដើម្បីកែប្រែចំនុចខ្សោយទាំងនោះឲ្យទៅជាឱកាស និងការអភិវឌ្ឍខ្លួនហើយងាយជ្រៀតខ្លួនចូលក្នុងទីផ្សារឲ្យបានកម្រិតអតិបរមា។

៥) បន្តពង្រឹង

បន្តពង្រឹងសមត្ថភាព និងចំណេះដឹងជាអ្វីដែលសហគ្រិនគ្រប់រូបត្រូវធ្វើជាចាំបាច់ ប្រសិនបើអ្នកចង់ឲ្យអាជីវកម្មអ្នកនៅតែមានវត្តមានក្នុងទីផ្សារ និងអាចបន្តប្រកួតប្រជែងជាមួយដៃគូរបស់អ្នកបាន។

៦) បង្កើនទំនាក់ទំនងជាមួយមនុស្សឲ្យបានច្រើន

គ្មាននរណាម្នាក់ដែលថាគ្មានមិត្តនោះទេ អ្នកគួរតែរក្សាទំនាក់ទំនងជាមួយមិត្តឲ្យបានល្អ ហើយក៏ព្យាយាមបង្កើនមិត្តបន្ថែមទៀតឲ្យបានច្រើន ដើម្បីអាចឲ្យគេស្គាល់ និងគាំទ្រអាជីវកម្មអ្នកឲ្យបានច្រើន។ ត្រូវចាំថា អ្នកលក់ផលិតផលឬសេវាកម្មទៅដល់មនុស្ស ដូចនេះចំណូលរបស់យើងគឺបានមកពីទំនាក់ទំនងមនុស្ស។ 

៧) ស្រលាញ់អ្វីដែលអ្នកធ្វើ

វាជារឿងសំខាន់បំផុតដែលអ្នកត្រូវស្រលាញ់អ្វីដែលអ្នកកំពុងធ្វើ។ ពេលអ្នកស្រលាញ់វាជាកតាលីករមួយជួយជំរុញចិត្តអ្នកឲ្យព្យាយាមបំពេញវាឲ្យបានសម្រេចគោលដៅ។ ទោះបីជាពេលខ្លះអ្នកហត់បន្តិចក្តី តែដោយសារចំណង់ចំណូលចិត្ត ដោយសារក្តីស្រលាញ់វាធ្វើឲ្យអ្នកមិនបោះបង់បំណងប្រាថ្នារបស់អ្នកចោលទេ ហើយមិនយូរមិនឆាប់អ្នកនឹងទទួលបានជោគជ័យ។

បន្ទាប់ពីចំនុចទាំង ៧ នេះហើយអ្វីដែលសំខាន់បន្ទាប់គឺ ចាប់ផ្តើមវា ហើយការចាប់ផ្តើមក៏ត្រូវមើលលើស្ថានភាពសេដ្ឋកិច្ចផងដែរ៕

ដោយ៖ យ៉ាយ៉ា