សហ​ស្ថាបនិក​ក្រុមហ៊ុន​Inbiznest៖ ត្រូវ​គិត​២​ចំណុច​នេះ​មុន​សម្រេច​ចិត្ត​បើក​អាជីវកម្ម​



កុំ​សម្លឹង​ឃើញ​តែ​ពី​ភាព​ជោគជ័យ​របស់​បុគ្គល​ឆ្នើម​មួយ​ចំនួន​ដែល​នៅ​ចំពោះ​មុខ​អ្នក រហូត​ធ្វើ​ឲ្យ​ខ្លួន​ឯង​ពុះកញ្ជ្រោល​ចង់​ធ្វើ​តាម​គេ ហើយ​ភ្លេច​គិត​ពី​ឧបសគ្គ​ជា​ច្រើន​ដែល​នៅ​ពី​ក្រោយ​ខ្នង​នៃ​ភាព​ជោគជ័យ​របស់​បុគ្គល​​ទាំង​នោះ។ មុន​សម្រេច​ចិត្ត​ចាប់​ផ្ដើម​អាជីវកម្ម​ អ្នក​គួរ​ត្រៀម​ខ្លួន​ឲ្យ​បាន​សព្វ​ជ្រុងជ្រោយ​តាម​រយៈ​ការ​ទទួល​យក​ចំណេះដឹង​ពី​អ្នក​ជំនាញ និង​មាន​បទពិសោធន៍​ផ្នែក​នេះ។ ខាង​ក្រោម​នេះ​ជា​ការ​ចែក​រំលែក​ពី លោក​ ឆេង មករា សហ​ស្ថាបនិក​នៃ​ក្រុមហ៊ុន Inbiznest នូវ​តិចនិកច​​ ២​ចំណុច​ដែល​អ្នក​ត្រូវ​ត្រៀម​ខ្លួន​មុន​ចាប់​ផ្ដើម​បើក​អាជីវកម្ម។

សហ​ស្ថាបនិក​នៃ​ក្រុមហ៊ុន  Inbiznest លោក ឆេង មករា បាន​ប្រាប់​ថា​មុន​ចាប់​ផ្ដើម​អាជីវកម្ម​វា​ជា​ការ​ចាំបាច់​ណាស់​ដែល​តម្រូវ​ឲ្យ​យើង​ត្រូវ​គិតគូរ​ឲ្យ​បាន​ល្អិតល្អន់។ ចំណុច​ដំបូង​ដែល​ត្រូវ​គិត​នោះ​គឺ​ផ្នែក​ទីផ្សារ ជាក់​ស្ដែង​ទីផ្សារ​បច្ចុប្បន្ន​បាន​ចូល​ជា​ទីផ្សារ​ Digital អ្វី​ៗត្រូវ​ពឹង​ផ្អែក​ច្រើន​លើ​ប្រព័ន្ធ​អ៊ីនធឺណេត។ មួយ​វិញ​ទៀត​យើង​ត្រូវ​សម្លឹង​ថា​តើ​ទីផ្សារ​ដែល​យើង​ចង់​ចូល​នោះ​មាន​ទំហំ​ប៉ុន​ណា ហើយ​អ្នក​ណា​ខ្លះ​នឹង​ក្លាយ​ជា​អតិថិជន​របស់​យើង ហើយ​តើ​យើង​អាច​ទំនាក់​ទំនង​ជា​មួយ​ពួកគាត់​តាម​វិធី​ណា។

លោក​បន្ត​ថា ធ្វើ​ជា​ម្ចាស់​អាជីវកម្ម​យើង​ត្រូវ​មាន​ជំនាញ​ច្រើន រួម​មាន​ជំនាញ​គ្រប់គ្រង​ក្នុង​ក្រុមហ៊ុន ការ​គ្រប់គ្រង​ប្រព័ន្ធ​ប្រតិបត្តិការ​នានា​នៅ​ក្នុង​ក្រុមហ៊ុន​ជា​ដើម សុទ្ធ​តែ​ជា​អ្វី​ដែល​ទាមទារ​ឲ្យ​យើង​ត្រូវ​យល់ដឹង​និង​ស្វែង​យល់​ពី​វិធីសាស្ត្រ ក៏​ដូច​ជា​យុទ្ធសាស្ត្រ​បច្ចេកទេស​ ព្រោះ​នៅ​ក្នុង​ក្រុមហ៊ុន​នីមួយៗ​គឺ​មាន​ស្ថានភាព​ខុសៗ​គ្នា​ ដូច្នេះ​ត្រូវ​ចេះ​ជំនាញ​ឲ្យ​បាន​ច្រើន​ទើប​អាច​គ្រប់​គ្រង​អាជីវកម្ម​របស់​ខ្លួន​បាន៕

ដោយ៖ ជួប ស្រីរ័ត្ន