ឧកញ៉ា ហ៊ុន ឡាក់ និងឧកញ៉ា សុង សារ៉ន ក្លាយជាក្បាលម៉ាស៊ីនអាណត្តិថ្មី របស់សហព័ន្ធស្រូវអង្ករកម្ពុជា​



ភ្នំពេញ៖ ឧកញ៉ា ហ៊ុន ឡាក់ និងឧកញ៉ា សុង សារ៉ន   បានក្លាយជាក្បាលម៉ាស៊ីនអាណត្តិថ្មី របស់សហព័ន្ធស្រូវអង្ករកម្ពុជា ដើម្បីដឹកនាំសហព័ន្ធនេះ ធ្វើឱ្យសម្រេចគោលដៅ នាំចេញអង្ករឱ្យបានមួយលានតោនក្នុងមួយឆ្នាំ តាមគោលនយោបាយរដ្ឋាភិបាល។

ក្បាលម៉ាស៊ីនអាណត្តិថ្មី អាណត្តិទី៣ របស់សហព័ន្ធស្រូវអង្ករកម្ពុជាបានរកឃើញហើយ គឺលោកឧកញ៉ា ហ៊ុន ឡាក់ ប្រធានក្រុមហ៊ុននាំចេញអង្ករ Mekong Oryza Trading ជាប់ជាប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធ និងលោកឧកញ៉ា សុង សារ៉នដែលប្រធានក្រុមហ៊ុន Amru Rice ជាប់ជាប្រធានសហព័ន្ធស្រូវអង្ករ។

នៅក្នុងកម្មវិធីមហាសន្និបាត និងការបោះឆ្នោតអាណត្តិទី៣ នៃសហព័ន្ធស្រូវអង្ករកម្ពុជា នៅថ្ងៃទី៩ សីហានេះ ឯកឧត្តម ម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ថា ដើម្បីឱ្យផែនការនាំចេញអង្ករឱ្យបានមួយលានតោនក្នុងមួយឆ្នាំបានសម្រេច ក្នុងពេលឆាប់ៗនេះ សហព័ន្ធស្រូវអង្ករកម្ពុជា ត្រូវកែប្រែក្បាលម៉ាស៊ីនដឹកនាំថ្មី  ដោយមានប្រធានចំនួន២ គឺប្រធានប្រតិបត្តិ និងប្រធានក្រុមប្រឹក្សាភិបាល ជាមួយគ្នានោះ ក៏មានការចូលរួមពីភាគីទី៣មួយក្រុមទៀតដែរ ដោយដឹកនាំដោយរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម។

ឯកឧត្តមអះអាងថា ឧបសគ្គចម្បងដែលនាំឱ្យផែនការនាំអង្ករចេញ មិនបានមួយលានតោន គឺដោយសារការគ្រប់គ្រង ដូច្នេះ នៅពេលដែលមានការគ្រប់គ្រងច្បាស់លាស់ ផែនការនាំចេញមួយលានតោន នឹងអាចសម្រេចបាន ក្នុងរយៈពេល២ឆ្នាំខាងមុខនេះ។

ឯកឧត្តមមានប្រសាសន៍ទៀតថា ការកែប្រែនេះ នឹងធ្វើឱ្យការទទួលបានព័តមាន ទាក់ទងនឹងការចំណេញ ឬខាត និងបញ្ហាប្រឈម បានកាន់តែទូលំទូលាយ ដើម្បីងាយស្រួលក្នុងការរកដំណោះស្រាយ និងការអន្តរាគមន៍ពីរដ្ឋាភិបាល។

តែយ៉ាងណា ឯកឧត្តមបញ្ជាក់ថា រដ្ឋាភិបាលនឹងមិនឡូកដៃចូលអាជីវកម្មរបស់ពួកគេនោះទេ ប៉ុន្តែដើរតួជាអ្នកពង្រឹងសមត្ថភាព និងតាមដានពីសកម្មភាពប្រចាំថ្ងៃ និង បង្រួបបង្រួមអ្នកផលិត និងក្រុមហ៊ុននាំចេញទាំងអស់  ដើម្បីពង្រីកការផលិត ឱ្យបានតាមតម្រូវការ នៃការបញ្ជាទិញ។

សូមជម្រាបថា សហព័ន្ធស្រូវអង្ករកម្ពុជា ត្រូវបានបង្កើតឡើងនៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៩ ដោយមានតួអង្គសំខាន់ៗនៅក្នុងវិស័យស្រូវអង្ករ ហើយនៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៤ សហព័ន្ធស្រូវអង្ករកម្ពុជា ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ទទួលស្គាល់ជាដៃគូតែមួយគត់ សម្រាប់ពិភាក្សាគោលនយោបាយ និងជាអ្នកតំណាងវិស័យស្រូវអង្កររបស់កម្ពុជាលើឆាកអន្តរជាតិ។

គួរបញ្ជាក់ថា ក្នុងរយៈពេល៥ឆ្នាំមកនេះ ប្រធានសហព័ន្ធស្រូវអង្ករត្រូវបានគ្រប់គ្រងដោយឯកឧត្តម សុខ ពុទ្ធិវុធ ក្នុងរយៈពេល២អាណត្តិ គឺអាណត្តិទី១ មានរយៈពេល២ឆ្នាំ និងអាណត្តិទី២ មានរយៈពេល៣ឆ្នាំ៕

ដោយ៖ ស្រីពេជ្រ