សហគ្រិន​ក្ដាប់​សាខា​អាជីវកម្ម​ជាង​១០​ក្នុង​ដៃ​ប្រាប់​​យុទ្ធសាស្ត្រចំនួន២​ក្នុង​ការ​ពង្រីក​សាខា​



បន្ទាប់​ពី​​អាជីវកម្ម​ដំណើរ​ការ​ទៅ​មុខ​រលូន​និង​រឹងមាំ​ហើយ ម្ចាស់​អាជីវកម្ម​ឬ​សហគ្រិន​ភាគ​ច្រើន​ច្បាស់​ជា​គិតគូរ​ដល់​ការ​ពង្រីក​សាខា​អាជីវកម្ម​របស់​ខ្លួន។ ជា​មួយ​គ្នា​នេះ លោក ឆេង មករា សហ​ស្ថាបនិក​ក្រុមហ៊ុន  Inbiznest ដែល​ជា​ក្រុមហ៊ុន​មាន​សាខា​អាជីវកម្ម​ច្រើន​ជាង​១០​នៅ​ក្នុង​ដៃ​ បាន​ចែក​រំលែក​នូវ​យុទ្ធសាស្ត្រ​២​ចំណុច​ ដែល​ម្ចាស់​អាជីវកម្ម​ត្រូវ​គិត​និង​ត្រៀម​ខ្លួន​មុន​ពង្រីក​សាខា​អាជីវកម្ម​របស់​ខ្លួន។

លោក ឆេង មករា លើក​ឡើង​ថា​ បន្ទាប់​ពី​យើង​មើល​ឃើញ​ថា​ទីផ្សារ​អាជីវកម្ម​របស់​យើង​មាន​ហើយ អតិថិជន​គេ​ស្គាល់​យើង​ហើយ ការ​ពង្រីក​ខ្លួន​គឺ​ជា​រឿង​សំខាន់​ណាស់ ​ដែល​វា​ចាំបាច់​ត្រូវ​ពឹង​ផ្អែក​ទៅ​លើ​រឿង​២​ចំណុច​នេះ។ ទី​មួយ​គឺ ធនធាន​មនុស្ស និង​ទី​ពីរ​គឺ ប្រព័ន្ធ ដោយ​ចំណុច​ទាំង​ពីរ​នេះ​ចាំបាច់​ត្រូវ​តែ​ដើរ​ទន្ទឹម​គ្នា ព្រោះ​ប្រសិន​បើ​យើង​មិន​មាន​ប្រព័ន្ធ​ក្នុង​ការ​គ្រប់គ្រង​ច្បាស់​លាស់​ទេ យើង​នឹង​ចំណាយ​ធនធាន​មនុស្ស​ក្នុង​ការ​គ្រប់គ្រង​ច្រើន។

លោក​បន្ត​ថា កាល​ណា​យើង​មាន​ធនធាន​មនុស្ស​ដែល​ពូកែ​ ដែល​រួចរាល់​នៅ​ក្នុង​វគ្គ​នៃ​ការ​បណ្ដុះបណ្ដាល​ និង​យល់​ច្បាស់​ពី​ការងារ​ក្រុមហ៊ុន​ហើយ ពួកគាត់​នឹង​អាច​បំពេញ​ការងារ​ទៅ​តាម​គម្រោង និង​ផែន​ការ​របស់​ក្រុមហ៊ុន​បាន ហើយ​អ្វី​ដែល​សំខាន់​មួយ​ទៀត​នោះ​គឺ​យើង​ចាំ​បាច់​ត្រូវ​តែ​មាន​ប្រព័ន្ធ​ក្នុង​ការ​គ្រប់​គ្រង​ឲ្យ​បាន​ល្អ​។ 

លោក​ថា ដើម្បី​ឲ្យ​ថ្នាក់​ដឹក​នាំ​អាច​ដឹង​ថា​កន្លែង​ថ្មី​ដែល​យើង​ដំណើរ​ការ​នោះ​ដំណើរ​ការ​ទៅ​មុខ​យ៉ាង​ដូចម្ដេច​យើង​ត្រូវ​មាន​ប្រព័ន្ធ​ច្បាស់​លាស់។ ម្យ៉ាង​ទៀត​យើង​ត្រូវ​មាន​ម៉ូដែល​ក្នុង​ការ​គ្រប់គ្រង​ផលិតផល​របស់​យើង​ថា​តើ​វា​ទៅ​តាម​ផែន​ការ​ដែល​យើង​កំណត់​ឬ​ទេ បើ​អត់​ទេ​យើង​គួរ​តែ​មាន​ដំណោះ​ស្រាយ​យ៉ាង​ដូចម្ដេច​ ដើម្បី​ឲ្យ​យើង​អាច​ឆ្លើយ​តប​ជា​មួយ​បញ្ញា​ប្រឈម​ដែល​យើង​នឹង​ជួប​នៅ​ពេល​ពង្រីក​សាខា​អាជីវកម្ម៕

ដោយ៖ ជួប ស្រីរ័ត្ន