ចង់ក្លាយជាសហគ្រិនគួរត្រៀមអ្វីខ្លះ? តោះទៅមើលការចែករំលែកគន្លឹះ៧ចំណុចរបស់ អគ្គនាយកក្រុមហ៊ុនរតនៈភូល​



ការចាប់ផ្តើមអាជីវកម្មមួយមិនមែនជារឿងងាយនោះស្រួលទេ ជាម្ចាស់អាជីវកម្មទាល់តែអ្នកយល់ដឹងការងារស្ទើរគ្រប់យ៉ាង ដែលអាចនិយាយបានថាអ្នកជាមនុស្សដែលមានចំណេះដឹងទូទៅខ្លាំង និងរៀនសូត្រពីអ្វីៗនៅជុំវិញខ្លួនដោយប្រើពេលវេលាយូរគួរសម។ អគ្គនាយកក្រុមហ៊ុនរតនៈភូល លោក សេង សុផល បានចែករំលែកពីបទពិសោធន៍និងគន្លឹះចំនួន ៧ចំណុច មុនពេលចាប់ផ្តើមអាជីវកម្មមួយឲ្យជោគជ័យ៖

១) មុនចាប់របរមួយ ត្រូវរៀនពីការងារឲ្យបានយ៉ាងតិច ៥ ឆ្នាំសិនដើម្បីបង្វឹកខ្លួនឲ្យស្គាល់ពីអ្វីដែលជាការលំបាកនៃការងារ និងការធ្វើការងារជាក្រុមឲ្យបានយូរបន្តិចសិន។ វាជាពេលវេលាសមល្មមអាចមានចំណេះជំនាញក្នុងខ្លួនធ្វើជាដើមទុនសម្រាប់ដំណើរការអាជីវកម្មខ្លួនឯងបានហើយ ហើយក៏ជាពេលវេលាសមល្មមដែលអ្នកអាចសន្សំដើមទុនខ្លះផ្នែកហិរញ្ញវត្ថុសម្រាប់អាជីវកម្មនោះ។

២) រៀននិងធ្វើឲ្យបានច្រើនតាមដែលអាចធ្វើបានពិសេសចំណេះដឹងទូទៅ ត្រូវចាំថាចង់បើកអាជីវកម្មអ្នកត្រូវស្គាល់អ្វីដែលទាក់ទងនឹងអាជីវកម្មមួយនោះច្រើនជាងអតិថិជនរបស់អ្នក។ 

៣) កំណត់គោលដៅជីវិត គោលដៅអាជីវកម្មឲ្យបានច្បាស់ ក្នុងនាមជាអ្នកដឹកនាំ តើអ្នកត្រូវធ្វើយ៉ាងណាដើម្បីដឹកនាំអាជីវកម្មឲ្យមានដំណើរការទៅមុខ ហើយផ្លូវណាដែលអ្នកនឹងដើរ។

៤) ចូលរួមកម្មវិធីសហគ្រិន ចូលរួមសិក្ខាសាលា ឬព្រិត្តិការណ៍សង្គមឲ្យបានច្រើន ស្តាប់ការចែករំលែកចំណេះដឹងល្អៗពីសហគ្រិនជោគជ័យ។ 

៥) បង្កើតបណ្តាញឲ្យបានច្រើន ចូលក្នុងសង្គមស្គាល់មនុស្សឲ្យបានច្រើន ធ្វើរឿងមួយថ្មីប្រកបដោយគំនិតច្នៃប្រឌិត តែមិនបង្កផលប៉ះពាល់ដល់អ្នកដទៃ ភ្ជាប់ជាមួយការប្រុងប្រយ័ត្នខ្ពស់។

៦) ពិភាក្សាជាមួយអ្នកដែលមានបទពិសោធន៏ ដើម្បីទទួលបានគំនិតថ្មីៗល្អៗច្រើនជាជាងពិភាក្សាតែជាមួយក្រុមគ្រួសារតែមួយមុខ។ 

៧) រៀនចេះឲ្យតម្លៃមនុស្សនៅជុំវិញខ្លួន ពិសេសចេះឲ្យតម្លៃដល់បុគ្គលិកព្រោះពួកគាត់ជាអ្នកជួយជំរុញឲ្យគោលដៅអាជីវកម្មយើងបានសម្រេច និយាយឲ្យចំគឺគាត់ជាអ្នករកចំណូលឲ្យយើងនិងជាដៃគូរសហការដែលមិនអាចខ្វះបាន៕

គួរ​បញ្ជាក់​ថា រតនៈភូល​ជា​ក្រុម​ហ៊ុន​​ផ្គត់​ផ្គង់សម្ភារៈអាង​ទឹក​ និង​ថែទាំ​អាង​ទឹក​​​​​ ដែល​បើក​ដំណើរ​ការ​តាំង​ពី​ពាក់​កណ្តាល​ឆ្នាំ ២០១៥​ មក ដោយ​មាន​លោក សេង សុផល ជា​អគ្គ​នាយក។

 

ដោយ៖ យ៉ាយ៉ា