មូលដ្ឋានគ្រឹះ​ភាព​ជា​អ្នកដឹកនាំ​ចំនួន ៦​ដែល​អ្នក​គួរ​រៀនសូត្រ​តាម​សត្វ​ឥន្ទ្រីយ៍​



ឥន្ទ្រី​គឺ​ជា​សត្វស្លាប​មួយ​​ប្រភេទ​ដែល​មនុស្ស​ជាច្រើន​ធ្លាប់​បាន​ពិពណ៌នា​ថា ​វា​មាន​លក្ខណៈ​ពិសេស​ និង​ឥទ្ធិពល​ខុស​ពី​សត្វ​​ស្លាប​ដទៃ​ទៀត​ដោយសារតែ​វា​អាច​ផ្តល់​​​មេរៀន​​​ដ៏​​មានតម្លៃ​ជាច្រើន​សម្រាប់​មនុស្សលោក។  មេរៀន​មួយ​នៅ​ក្នុង​ចំណោម​មេរៀន​​​ទាំង​នោះ ​គឺ​​គោលការណ៍​ភាព​ជា​អ្នកដឹកនាំ​ចំនួន​ ៦ ​ចំណុច​ដែល​អ្នក​អាច​​សិក្សា​ស្វែងយល់​នៅ​ខាងក្រោម​នេះ៖ ​

១. សត្វ​ឥន្ទ្រី​ចូលចិត្ត​ហោះហើរ​​ម្នាក់ឯង និង​នៅ​រយៈកម្ពស់​​​​​ខ្ពស់ៗ 
នៅ​ពេល​អ្នក​បាន​ឃើញ​សត្វ​ឥន្ទ្រីយ៍​ហោះ អ្នក​នឹង​កត់សម្គាល់​បាន​ថា សត្វ​​មួយ​នេះ​មិន​​ចូលចិត្ត​ហោះហើរ​ដូចជា​​ហ្វូង​ចាប ក្អែក និង​បក្សី​តូចៗ​ដទៃ​ទៀត​នោះ​ឡើយ។ វា​ចូលចិត្ត​​ហោះហើរ​ម្នាក់ឯង និង​នៅ​រយៈកម្ពស់​ខ្ពស់​ដែល​កម្រ​មាន​សត្វ​ផ្សេងទៀត​ធ្វើ​បាន​ណាស់។ 

មេរៀន​សម្រាប់​រៀនសូត្រ៖  អ្នក​គួរ​នៅ​ឆ្ងាយ​ពី​​ក្រុមហ៊ុន​មនុស្ស​ដែល​មាន​គំនិត​អវិជ្ជមាន ​ឬ​ចង្អៀតចង្អល់ ​ដែល​អាច​​អូសទាញ​ទម្លាក់​អ្នក​ឲ្យ​បរាជ័យ​ដូច​ពួកគេ។ ឥន្ទ្រី​​ចូលចិត្ត​ហោះហើរ​ជា​មួយ​សត្វ​ឥន្ទ្រី។ មនុស្ស​ជោគជ័យ ចូលចិត្ត​ស្ថិត​នៅ​ជាមួយ​ក្រុម​មនុស្ស​ជោគជ័យ។

២. សត្វ​ឥន្ទ្រី​មាន​ចក្ខុវិស័យ​ច្បាស់លាស់​
​ពួកវា​មាន​សមត្ថភាព​​​ក្នុង​ការ​ផ្ដោត​សម្លឹង​មើល​ទៅ​លើ​អ្វី​មួយ​ដូចជា​ចំណី​របស់​វា​ដែល​នៅ​ឆ្ងាយៗ​រហូត​ដល់​ចម្ងាយ ៥ គីឡូម៉ែត្រ​ពី​វា។ ​ទោះបីជា​មាន​ឧបសគ្គ​មក​រារាំង​យ៉ាងណាក៏ដោយ  ក៏​សត្វ​ឥន្ទ្រី​​មិន​ផ្លាស់ប្ដូរ​ការ​ផ្ដោត​អារម្មណ៍​របស់​វា​​ដែរ​ ​រហូត​ដល់​វា​អាច​​ចាប់​​ចំណី​របស់​វា​បាន។ 

មេរៀន​សម្រាប់​រៀនសូត្រ៖ អ្នក​ត្រូវ​មាន​ចក្ខុវិស័យ​ច្បាស់លាស់​ និង​វែងឆ្ងាយ​ដូច​សត្វ​ឥន្ទ្រីយ៍ ។ ទោះបី​ជា​មាន​ឧបសគ្គ​ធំ ឬ​តូច​ អ្នក​ត្រូវ​ផ្ដោត​អារម្មណ៍​​យកចិត្ត​ទុកដាក់​នឹង​គោលដៅ​របស់​អ្នក​ដែល​អ្នក​បាន​ដៅ​ទុក​ទើប​​អ្នក​​អាច​ទទួល​​បាន​ភាព​ជោគជ័យ។ អ្នក​ត្រូវ​មាន​គោលដៅ​ក្នុង​ជីវិត ហើយ​ធ្វើ​ដំណើរ​ទៅ​កាន់​គោលដៅ​នោះ​ដោយ​​ប្រើ​ចក្ខុវិស័យ និង​សមត្ថភាព​ផ្ទាល់​ខ្លួន​របស់​អ្នក។  

៣.សត្វ​ឥន្ទ្រី​​ចូលចិត្ត​ស៊ី​សាច់​ស្រស់ មិន​ស៊ី​សាច់​ស្អុយរលួយ
ខុស​ពី​សត្វ​ផ្សេងៗ​​ទៀត​ដូចជា​សត្វ​ត្មាត​ ឥន្ទ្រី​​ចូលចិត្ត​​​ស៊ី​សាច់​ស្រស់ៗ​ដែល​វា​ចាប់​បាន​ ។ វា​​មិន​ប៉ះពាល់​សាច់​សត្វ​ងាប់​ស្អុយ​រលួយ​មក​ធ្វើ​ចំណី​របស់​វា​ឡើយ​​។  វា​​​ចេញ​ស្វែងរក​ចំណី​​យ៉ាង​សកម្ម​ជា​ពិសេស​​វា​ចូលចិត្ត​ប្រមាញ់​ដេញចាប់​សត្វ​ព្រៃ​ថ្មីៗ។

មេរៀន​សម្រាប់​រៀនសូត្រ៖ កុំ​ពឹង​ផ្អែក​លើ​ភាព​ជោគជ័យ​ពី​អតីតកាល​របស់​អ្នក​។ អ្នក​មិន​ត្រូវ​នៅ​មួយ​កន្លែង​នោះ​ឡើយ យើ​អ្នក​ត្រូវ​បន្ត​ស្វែងរក​ឱកាស​ថ្មីៗ​​ និង​យក​ជ័យជំនះ​ទៅ​លើ​ឧបសគ្គ​ថ្មីៗ​។ ទុក​អតីតកាល​របស់​អ្នក​នៅ​កន្លែង​​មួយ​ដែល​​ជា​អតីតកាល។ បទពិសោធន៍ ព័ត៌មាន ឬ​​ប្រវត្តិ​អតីតកាល​ច្រំៗដែល​មិន​​មែន​ជា​រឿង​ល្អ​សម្រាប់​អ្នក​ឡើយ។ អ្នក​ត្រូវ​ប្រមាញ់​យក​ព័ត៌មាន បទពិសោធន៍ និង​ចំណេះដឹង​ថ្មី​​ជាប្រចាំ ​​​ជា​ពិសេស​ទាក់ទង​ទៅ​នឹង​អាជីព​របស់​អ្នក។

៤.សត្វ​ឥន្ទ្រី​ពេញចិត្ត​ទោះបី​ជា​មាន​ព្យុះ​មកដល់
ខុស​ពី​សត្វ​ផ្សេងៗ​ទៀត​ដែល​តែង​​រក​ទី​ជម្រក​ និង​កន្លែង​សុវត្ថិភាព​ សត្វ​ឥន្ទ្រីយ៍​ឯណេះ​វិញ​វា​ពេញចិត្ត​ហោះហើរ​​​បង្ហាញ​មហិទ្ធិឫទ្ធិ​​នៅ​ពេល​មាន​ព្យុះ​បោកបក់​ចូល​មកដល់។ នៅ​ពេល​ប្រឈមមុខ​ទៅ​នឹង​ខ្យល់ព្យុះ វា​ហោះហើរ​​នៅ​ក្នុង​រយៈកម្ពស់​កាន់តែ​ខ្ពស់​ពី​លើ​ពពក​ព្យុះ​នោះ​ទៅ​ទៀត។ ​​នេះ​​នឹង​អាច​ជួយ​​ឲ្យ​វា​មើល​ឃើញ​ឱកាស​​សម្លឹង​បាន​វែងឆ្ងាយ និង​មើល​ស្ថានភាព​ព្យុះ​កាន់តែ​ច្បាស់​ ព្រម​ទាំង​អាច​​​​ត្រដាងស្លាប​សម្រាក​សំកាំង​នៅ​លើ​ឱកាស​ទៀត​ផង។  

មេរៀន​សម្រាប់​រៀនសូត្រ៖ នេះ​វា​បាន​បង្រៀន​ថា អ្នក​ត្រូវ​រីករាយ​​ហ៊ាន​ប្រឈមមុខ​ទៅ​នឹង​ឧបសគ្គ​ធំៗ​របស់​អ្នក។ អ្នក​ត្រូវ​ចេះ​ប្រើ​ឧបសគ្គ​ទាំងនោះ​​ដើម្បី​បង្កើត​ឱកាស​ថ្មីៗ​ដែល​អាច​ធ្វើ​ឲ្យ​អ្នក​កាន់តែ​រឹងមាំ និង​ទទួល​បាន​ជោគជ័យ​ជាង​មុន។ អ្វី​ដែល​អ្នក​ត្រូវ​ធ្វើ​នៅ​ក្នុង​ស្ថានភាព​បែប​នេះ ​គឺ​ការ​អត់ធ្មត់ តស៊ូ និង​បន្ត​ដំណើរ​ទៅ​មុខ​ដោយ​ស្នាមញញឹម។ 

៥.សត្វ​ឥន្ទ្រី​ត្រៀម​ខ្លួន​ជានិច្ច​​សម្រាប់​ការ​បណ្តុះបណ្តាល​អភិវឌ្ឍ​​សមត្ថភាព
នៅ​ពេល​ដែល​កូនៗ​របស់​វា​អាច​ត្រៀម​ហោះហើរ​បាន សត្វ​ឥន្ទ្រីយ៍​ចាប់ផ្តើម​កាយ​សំបុក​ចេញ ដើម្បី​ត្រៀម​ខ្លួន​បង្រៀន​កូនៗ​របស់​វា​ឲ្យ​ចេះ​ហើរ។ ពេល​ខ្លះ​បើ​ទោះបី​ជា​មិន​ទាន់​អាច​ហោះហើរ​បាន វា​ក៏​អាច​បង្រៀន​​កូនៗ​របស់​វា​​ឲ្យ​សាកល្បង​​​ហោះហើរ​​នៅ​ពេល​មាន​ករណី​ចាំបាច់។

មេរៀន​សម្រាប់​រៀនសូត្រ៖ ត្រង់​​នេះ​សត្វ​ឥន្ទ្រីយ៍​បង្រៀន​អ្នក​ថា ​ដើម្បី​ទៅ​កាន់​ពិភពលោក​ថ្មី​មួយ​ដែល​ល្អ​ជាង​នេះ អ្នក​ត្រូវ​ក្លាហាន​ក្នុង​ការ​ផ្លាស់ប្ដូរ​អ្វីៗ​ដែល​អ្នក​មាន​នៅ​ថ្ងៃ​នេះ។ អ្នក​ត្រូវ​ចាកចេញ​ពី​តំបន់​សុវត្ថិភាព​បច្ចុប្បន្ន​របស់​អ្នក។ អ្នក​ត្រូវ​សាកល្បង​ធ្វើ​អ្វី​ថ្មីៗ ដែល​អ្នក​មិន​ដែល​ជួបប្រទះ។ ​កុំ​ឈរ​នៅ​មួយ​កន្លែង​ ត្រូវ​ពង្រីក​ព្រំដែន​សមត្ថភាព​របស់​អ្នក​នោះ​ជីវិត​អ្នក​នឹង​ល្អ​ប្រសើរ​ជាង​នេះ។ 

៦.នៅ​ពេល​វា​អាយុ​កាន់តែ​ចាស់ សត្វ​ឥន្ទ្រីយ៍​ចាប់​ផ្តើម​ជម្រុះ​ស្លាប ឬ​រោម​ចាស់ៗ​ចោល​
​ដោយ​សារ​កត្តា​អាយុ ស្លាប​របស់​​ឥន្ទ្រីយ៍​​ចាប់​ផ្តើម​ខ្សោយ ហើយ​មិន​បាន​ខ្ពស់ និង​លឿន​ដូចមុន​ទៀត​ទេ។  នេះ​​អាច​ធ្វើ​ឲ្យ​វា​ស្លាប់​បាន​។ ហេតុដូច្នេះ​​ហើយ ​​​វា​ក៏​ធ្វើ​ដំណើរ​ទៅ​​កន្លែង​ឆ្ងាយៗ ហើយ​នៅ​ទីនោះ ​​វា​ចាប់​ផ្តើម​បោចរោម បំបែក​ចំពុះ និង​ក្រញាំ​​ជាមួយ​នឹង​ផ្ទាំង​ថ្ម​រហូត​ដល់​ខ្លួន​វា​ទទេ​ស្អាត​​ដែល​គេ​ហៅ​ថា ជា​​ដំណើរ​​បង្ហូរឈាម និង​​គួរឲ្យ​ឈឺចាប់​បំផុត​មួយ​ក្នុង​ជីវិត​របស់​វា​​។ បន្ទាប់មក​​វា​សម្ងំ​លាក់ខ្លួន​​រហូតដល់​តែ​វា​ដុះ​រោម​ ចំពុះ និង​ក្រញាំ​​ថ្មី រួចហើយ​ក៏​បង្ហាញ​ខ្លួន​ហោះហើរ​​សាជាថ្មី​បាន​កាន់តែ​ខ្ពស់ និង​លឿន​ជាង​មុន​​។

មេរៀន​សម្រាប់​រៀនសូត្រ៖ ពេល​ខ្លះ​អ្នក​ត្រូវ​ជម្រុះ​ចោល​ទម្លាប់​​មិន​ល្អ​ចាស់ៗ​​ដែល​​អាច​អូសទាញ​អ្នក​ឲ្យ​​​​បរាជ័យ។ អ្នក​​អាច​​ថយក្រោយ​មួយ​ជំហាន ឬ​នៅ​មួយ​កន្លែង​ដើម្បី​សម្រាក និង​ពង្រឹង​សមត្ថភាព​ខ្លួនឯង​ឲ្យ​កាន់តែ​ខ្លាំង​ជាង​មុន។ ​នៅ​ក្នុង​ជីវិត​របស់​អ្នក អ្នក​មិន​អាច​ខ្លាំង​គ្រប់ពេល ហើយ​ក៏​មិន​ត្រូវ​បរាជ័យ​គ្រប់ពេល​ដែរ។ អ្នក​​ជួប​ភាព​បរាជ័យ ការ​ខកចិត្ត អស់​សង្ឃឹម ហើយ​ក៏​ត្រូវ​ការ​ពេល​ដើម្បី​រៀនសូត្រ ពេល​សប្បាយ និង​​មើលថែ​ខ្លួនឯង ព្រម​ទាំង​មនុស្ស​ដែល​អ្នក​ស្រលាញ់៕

ប្រភព៖ thegodspeople​