លោក រេន ស៊ីណា៖ មេល្អចង់ឃើញបុគ្គលិករីកចម្រើនមានឱកាសអភិវឌ្ឍខ្លួន​



ធនធានមនុស្សជាផ្នែកសំខាន់បំផុត សម្រាប់ដំណើការអាជីវកម្ម មិនថាអាជីវកម្មនោះពឹងផ្អែកលើបច្ចេកវិទ្យាកម្រិតណាទេ ក៏នៅតែត្រូវការមនុស្សដើម្បីជួយដដែល។ ក្នុងចំណោមឧស្សាហកម្មធំៗ វិស័យសំណង់ តែងតែត្រូវការធនធានមនុស្សច្រើនដើម្បីបំពេញការងារ ពោលគឺត្រូវការទាំងកម្មករ និងបុគ្គលឹកជំនាញ។

ដំណើរការ ក្រុមហ៊ុនសាងសង់ រយៈពេលជាង ៤ ឆ្នាំមកនេះ លោក រេន ស៊ីណា ស្ថាបនិកក្រុមហ៊ុន អេស៊ា ផញថ៍ អ៊ិនវេសម៉ិន & ឌីវេឡុបម៉ិន (Asia Point Investment & Development) មានប្រសាសន៍ថា មុនពេលលោកបើកអាជីវកម្មសាងសង់នេះ លោកផ្ទាល់ក៏ធ្លាប់បំរើការងារឲ្យគេដែរ មានទាំងក្រុមហ៊ុនក្នុងស្រុក និងក្រុមហ៊ុនបរទេស ដូច្នេះលោកយល់ច្បាស់ពីអារម្មណ៍ និងការចង់អភិវឌ្ឍខ្លួន។ 

លោកបន្តថា យើងគ្រប់គ្នាសុទ្ធតែបានដឹងថា អ្នកធ្វើការងារសំណង់ហត់ណាស់ ត្រូវធ្វើការ ធ្ងន់ៗ ហាលថ្ងៃ ហាលខ្យល់ លុយភក់ជីកដីជាដើម ។ល។ ពេលខ្លះការងារនៅខ្ពស់លើអាកាស ព្រោះសំណង់ច្រើនជាន់ មិនមែនតែកម្មករទេ ទាំងមេការ ទាំងវិស្វករជំនាញ គឺត្រូវប្រឈមនឹងចុះផ្ទាល់ដូចគ្នា។ ក្នុងពេលដែលកម្មករគ្រប់គ្នា ត្រូវធ្វើការងារប្រចាំថ្ងៃរបស់គាត់ ជាជាងពុម្ព ជាងផ្សាដែក អ្នកកាត់ពត់ដែក អ្នកលាយស៊ីម៉ង់ត៍ រៀបឥដ្ឋរហូតនោះ តើធ្វើយ៉ាងណាទើបគាត់មានលទ្ធភាពអភិវឌ្ឍខ្លួន ស្វែងរកភាពជោគជ័យបាន ហើយចុះគ្រួសារដែលនៅក្នុងបន្ទុករបស់គាត់ តើគាត់នឹងផ្គត់ផ្គង់ពួកគេដោយរបៀបណា?

ចម្លើយគឺ ក្រុមហ៊ុនសំណង់ អេស៊ា ផញថ៍ មានគោលការណ៍ផ្តល់ឱកាសឲ្យបុគ្គលិក កម្មករ ទទួលបានការអភិវឌ្ឍខ្លួន រីកចម្រើនជានិច្ច ដូចជា ការបន្តរៀនភាសាក្រៅម៉ោងការងារ ឬបញ្ជូនទៅបណ្តុះបណ្តាលជំនាញបន្ថែម ដើម្បីពង្រឹងសមត្ថភាពគាត់ឲ្យធ្វើការ មានប្រសិទ្ធភាពជាងមុន ឬ អាចចេញទៅប្រឡូកការងារក្រៅដោយខ្លួនឯងនៅថ្ងៃខាងមុខ។

លោកលើកឡើងបន្តដោយទឹកមុខញញឹមថា លោកចូលចិត្តឲ្យបុគ្គលិក ឬកម្មករបានរៀនសូត្រពីការងារឲ្យច្រើន ហើយសង្កេតមើលបុគ្គលិក កម្មករណាដែលមានសមត្ថភាព និងយកចិត្តទុកដាក់លើការងារបានល្អ ឲ្យទៅកាន់ការងារតាមផ្នែក ដូចជាតម្លើងពីកម្មករធម្មតាទៅជាអ្នកកាន់ការខាងដែក ខាងពុម្ព ខាងបេតុង ឬជាមេការជំនាញផ្សេងៗទៀត។ ជាបទពិសោធន៍ មានកម្មកររបស់ក្រុមហ៊ុន ៣នាក់ បានជាប់ក្នុងឆ្នាំផ្សេងគ្នាទៅធ្វើការនៅប្រទេសកូរ៉េ ហើយក្រុមហ៊ុនក៍បានជប់លៀងអបអរជូនដំណើរពួកគាត់ដែរ។

ស្ថាបនិករូបនេះមានប្រសាសន៍បន្តថា ក្រុមហ៊ុនសំណង់ អេស៊ា ផញថ៍ សព្វថ្ងៃ បានជួយផ្តល់ការងារដល់បុគ្គលិក កម្មករ ចន្លោះពី ៥០ ទៅ ៦០ នាក់ ជាប្រចាំដែរ ហើយពួកគាត់ម្នាក់ៗ ប្រើចំណូលនេះផ្តត់ផ្គង់មនុស្ស ៤ ទៅ ៥នាក់ ផ្សេងទៀតក្នុងគ្រួសារគាត់។ ទោះជាបច្ចុប្បន្នវិស័យសំណង់ហាក់ពិបាកស្វែងរកកម្មករមកបម្រើការងារក្តី តែក្រុមហ៊ុនលោកមិនសូវជាជួបបញ្ហានេះឡើយ ព្រោះខ្លួនលោកផ្ទាល់តែងខិតខំកសាងកេរ្តិ៍ឈ្មោះ និងបង្កើតប្រវត្តិល្អដល់ក្រុមហ៊ុន មានន័យថា រក្សាទំនាក់ទំនងល្អ ជាមួយបុគ្គលិក កម្មករ ពិសេសគឺការបើកប្រាក់ឈ្នួលឲ្យគាត់ត្រឹមត្រូវនិងទៀងទាត់។ នេះជាកត្តាចម្បងមួយធ្វើឲ្យបុគ្គលិក កម្មករសប្បាយចិត្ត និងមានទំនុកចិត្តធ្វើការងារជាមួយក្រុមហ៊ុនលោក។ នៅពេលក្រុមហ៊ុនខ្វះខាតកម្លាំងគឺ កម្មករនេះឯងជាអ្នកជួយកៀរគរ កម្លាំងថែម ឲ្យមកជួយការងារ ទោះជាក្នុងតម្រូវការពេលប្រញ៉ាប់ក៏ដោយ។

ក្រៅពីនេះ លោកបានបញ្ជាក់បន្ថែមទៀតថា ការធ្វើជាគំរូល្អ ការចែករំលែក ផ្តល់យោបល់ផ្សេងៗ និងការរក្សាទំនាក់ទំនងជាមួយបុគ្គលិកចាស់ៗ គឺជារឿងចាំបាច់ដែរ ព្រោះថាមនុស្សយើងចៀសមិនផុតទេពីពេលមានការត្រូវពឹងគ្នាទៅវិញទៅមក ពិសេសអ្នកប្រកបរបរក្នុងវិស័យតែមួយ៕

ដោយ៖ យ៉ាយ៉ា