ចង់​បើក​អាជីវកម្ម​កាហ្វេ! ស្ថាបនិក​កាហ្វេ​ឦសាន​ប្រាប់​ចំណុច​ដែល​ត្រូវ​ត្រៀម​ខ្លួន​​



ការ​បើក​អាជីវកម្ម​មិន​មែន​ឲ្យ​តែ​មើល​ឃើញ​គេ​ធ្វើ​ជោគជ័យ​ គេ​បើក​ដំណើរ​ការ​ទៅ​មុខ​យើង​ចង់​ធ្វើ​ដូច​គេ ហើយ​អាច​ទទួល​បាន​លទ្ធផល​ដូច​គេ​នោះ​ទេ។ ប្រសិន​បើ​ចង់​បើក​អាជីវកម្ម​អ្នក​ត្រូវ​ប្រាកដ​ថា អ្នក​ពិត​ជា​ចង់​ធ្វើ​អាជីវកម្ម​នោះ​ដោយ​ចេញ​ពី​ចិត្ត​ប្រាកដ​មែន។ ជា​ការ​ចែក​រំលែក​ដល់​អ្នក​ចង់​រកស៊ី​ក្នុង​វិស័យ​កាហ្វេ ស្ថាបនិក​វ័យ​ក្មេង​នៃ​ហាង​កាហ្វេ​ឦសាន​បាន​ចែក​រំលែក​នូវ​គន្លឹះ​ប៉ុន្មាន​ចំណុច​សម្រាប់​ការ​ត្រៀម​ខ្លួន​មុន​ចាប់​ផ្ដើម​បើក។

នៅ​ក្នុង​កិច្ច​សម្ភាសន៍​ ស្ថាបនិក​វ័យក្មេង​នៃ​ហាង​កាហ្វេ​ឦសាន​ កញ្ញា សុវណ្ណ ណាគ្រី បាន​លើក​ឡើង​ថា​ មនុស្ស​មួយ​ចំនួន​ដោយ​សារ​តែ​ឃើញ​អាជីវកម្ម​កាហ្វេ​សព្វ​ថ្ងៃ​កំពុង​តែ​មាន​សន្ទុះ​គាំទ្រ​ច្រើន​ក៏​ចាប់​ផ្ដើម​មាន​គំនិត និង​ចាប់​អារម្មណ៍​រកស៊ី​ក្នុង​វិស័យ​នេះ​តែ​ម្ដង។ ដូច្នេះ​ស្ថាបនិក​រូប​នេះ​ប្រាប់​ជា​យោបល់​ថា យើង​មិន​គួរ​ចាប់​ផ្ដើម​បើក​ភ្លាមៗ​ទាំង​ដែល​មិន​ទាន់​បាន​សិក្សា​ច្បាស់លាស់​ និង​ត្រៀម​ខ្លួន​រួច​រាល់​នោះ​ទេ។ 

កញ្ញា ណាគ្រី ចែក​រំលែក​ថា មុន​បើក​អាជីវកម្ម​កាហ្វេ​យើង​ត្រូវ​សិក្សា​មើល​លើ​ទីតាំង​នៃ​ហាង​កាហ្វេ​របស់​យើង​ជា​មុន តើ​ទី​នោះ​សាក​សម​សម្រាប់​អាជីវកម្ម​ប្រភេទ​នេះ​ដែរ​ឬ​ទេ ព្រោះ​ថា​ការ​បើក​ហាង​កាហ្វេ​មិន​មែន​សុទ្ធ​តែ​អាច​ដំណើរ​ការ​ទៅ​មុខ​ដោយ​រលូន​ទាំង​អស់​នោះ​ឡើយ។ ហើយ​មួយ​វិញ​ទៀត​យើង​ត្រូវ​សិក្សា​ទៅ​លើ​អតិថិជន ថា​តើ​ផលិតផល​និង​សេវាកម្ម​របស់​យើង​សំដៅ​លើ​អតិថិជន​ប្រភេទ​ណា នោះ​ទើប​អាជីវកម្ម​អាច​ដើរ​ទៅ​មុខ​ស្រប​តាម​ការ​រំពឹង​ទុក។

ស្ថាបនិក​វ័យ​ក្មេង​រូប​នេះ​បាន​បន្ថែម​ថា ហាង​កាហ្វេ​ភាគ​ច្រើន​នៅ​ស្រុក​ខ្មែរ​យើង​ច្រើន​តែ​ទិញ​គ្រាប់​កាហ្វេ​មក​ពី​ក្រៅ​ប្រទេស​ ប៉ុន្តែ​ចំពោះ​ឦសាន​កាហ្វេ​វិញ​គឺ​ទិញ​យក​គ្រាប់​កាហ្វេ​ឆៅ​យក​មក​លីង​ដោយ​ខ្លួន​ឯង​ផ្ទាល់​ដើម្បី​តម្រូវ​រសជាតិ​ទៅ​តាម​ការ​ចង់​បាន​របស់​អតិថិជន។ ហើយ​អ្វី​ដែល​ពិសេស​នៅ​ពេល​អតិថិជន​មក​កាន់​ហាង​កាហ្វេ​គឺ​ពួកគាត់​អាច​មើល​ឃើញ​គ្រាប់​កាហ្វេ រួម​ជា​មួយ​នឹង​ការ​លីង​ដោយ​ផ្ទាល់​ផង​ដែរ។ ដែល​នេះ​ក៏​អាច​ជា​ចំណុច​ពិសេស​ និង​ជា​អត្តសញ្ញាណ​នៃ​ហាង​កាហ្វេ​នីមួយៗ ក្នុង​ការ​ទាក់​ទាញ​អតិថិជន​​ផង​ដែរ៕

ដោយ៖ ជួប ស្រីរ័ត្ន