ទម្លាប់ទាំង ៥ មានប្រសិទ្ធិភាពខ្ពស់ក្នុងការគ្រប់គ្រងការកេងបន្លំប្រកបដោយវិជ្ជាជីវៈ​



ក្នុងសង្គមរស់នៅមានមនុស្សជាច្រើនដែលចូលចិត្តធ្វើរឿងរ៉ាវមិនល្អទាំងដែលធាតុពិតខ្លួនជាមនុស្សល្អ ចូលចិត្តបង្កើតទម្លាប់អាក្រក់មួយសម្រាប់ខ្លួនពិសេសការកេងបន្លំ។ និយាយដល់ការកេងបន្លំមិនមែនសំដៅដល់ការកិបកេងលុយកាក់មួយមុខទេ តែវាបានបូកបញ្ចូលទាំងការកេងបន្លំពេលវេលាក្នុងការបំពេញការងារ ការកេងបន្លំដើម្បីបានទទួលអ្វីមួយច្រើនជាងការងារជាក់ស្តែង ហើយត្រូវចាំថាអ្នកដែលមានគំនិតកេងបន្លំនេះ តែងទៅរកតែកន្លែងណាដែលនឹងបានផលប្រយោជន៍សម្រាប់ប៉ុណ្ណោះ ហើយផលប្រយោជន៍នោះទាល់តែជាប្រយោជន៍ធំទៀត។ ម្ចាស់អាជីវកម្ម ឬក្រុមហ៊ុនមួយបើសិនជាមានបុគ្គលិកចាំកេងបន្លំត្រឹមតែមួយ ឬពីរនាក់ ហើយគ្មានអ្នកអាចតាមដាននិងមានចំណាត់ការលើពួកគេ នោះក្រុមហ៊ុនច្បាស់ជាត្រូវអង្គុយរាប់ថ្ងៃចាំបិទទ្វារមិនខាន។

Fake, Money, Fraud, Bank, Bankrupt, Bankruptcy, Cash

មិនថាអ្នកនឹងជួបមនុស្សឆ្លាតមានគំនិតតែខាងកេងបន្លំនេះច្រើនយ៉ាងណា បើមានទម្លាប់នៃការគ្រប់គ្រងទាំង ៥ ខាងក្រោមនេះពួកគេមិនអាចបំផ្លាញអ្នកបានឡើយ៖

១) មានទម្លាប់សម្របខ្លួនបំផុត

ជាអ្នកគ្រប់គ្រងម្នាក់អ្នកត្រូវមានការអត់ធ្មត់ច្រើន ព្រោះអ្នកមិនអាចយកបទពិសោធន៍ដែលធ្លាប់ធ្វើការជាមួយបុគ្គលិកគំនិតមិនល្អ ហើយដាក់សម្ពាធលើបុគ្គលិកដទៃ ឬបុគ្គលិកថ្មីទេ ព្រោះវាមិនប្រាកដថាបុគ្គលម្នាក់នោះដូចបុគ្គលម្នាក់នោះឡើយ។ ការដែលចេះសម្របខ្លួនធ្វើការជាមួយបុគ្គលិក ឬអ្នកក្រោមបង្គាប់ខ្លួនធ្វើឲ្យអ្នកគ្រប់គ្រងក្លាយជាមនុស្សម្នាក់ដែលមានតម្លៃ មានការគោរពពីបុគ្គលិកថ្នាក់ក្រោម ពេលខ្លួនអាចធ្វើឲ្យបុគ្គលិកដែលមានទម្លាប់មិនល្អអាចកែប្រែខ្លួន កែប្រែចរិតជាមនុស្សល្អវិញបាន។

តែទោះជាយ៉ាងណា ក្នុងនាមអ្នកជាអ្នកគ្រប់គ្រងមួយរូបអ្នកត្រូវមានការប្រុងប្រយ័ត្នជាប់ជានិច្ច និងត្រូវមានសកម្មភាពដែលជាប្រតិកម្មភ្លាមៗឆ្លើយតបនឹងបញ្ហាណាមួយដែលអ្នកគិតថាវាខុសពីប្រក្រតី។ 

២) ធ្វើការងារ និងបង្កើតទំនាក់ទំនងបានល្អ 

ព្រោះអ្នកជាអ្នកគ្រប់គ្រងដូច្នេះការបំពេញការងារ និងការប្រាស្រ័យទាក់ទងល្អជាមួយបុគ្គលិកជារឿងសំខាន់។ អ្នកត្រូវតែជាមនុស្សដែលមានភាពស្ទាត់ជំនាញក្នុងការស្វែងរកដំណោះស្រាយពេលដឹងថា មានការកេងបន្លំណាមួយបានកើតឡើងក្នុងកន្លែងការងារ។  ការធ្វើបែបនេះបង្ហាញថាអ្នកជាអ្នកគ្រប់គ្រងឆ្លាតវៃ មានភាពបត់បែន ចេះគ្រប់គ្រងបុគ្គលិក គ្រប់គ្រងបញ្ហា ទប់ស្កាត់ និងដោះស្រាយបញ្ហាបានទាន់ពេលវេលាជាជាងចាំដល់ពេលមានបញ្ហាធំកើតឡើង។

៣) ទម្លាប់ធ្វើការវិភាគ

ចំពោះម្ចាស់អាជីវកម្មការវិភាគជាជំនាញស្លាប់រស់ពិសេសការវិភាគលើគូប្រកួតប្រជែង ក្រសែភ្នែកអ្នកត្រូវតែមុតដែលអាចចាប់យកព័ត៌មានលម្អិតមកផ្គុំបញ្ចូលគ្នា រួចបកប្រែវាចេញជាលទ្ធផលមួយសម្រាប់រៀបចំយុទ្ធសាស្រ្តក្នុងការដំណើរការអាជីវកម្ម។ ដូចគ្នានេះដែរ ការវិភាគលើបុគ្គលិកសំដៅដល់ការសម្គាល់ឥរិយាបថរបស់បុគ្គលិកទៅនឹងការបំពេញការងារ និងលទ្ធផលការងាររបស់ពួកគេ បើគិតថាពួកគេហាក់មានបញ្ហាត្រូវព្យាយាមតាមដានកត់សម្គាល់អ្វីជាភាពខុសប្រក្រតីដែលកំពុងកើនមានទុកវាជាភស្តុតាង។

៤) ធ្វើការងារក្រោមសម្ពាធ

ទទួលស្គាល់ថាការជំនះធ្វើការងារក្រោមសម្ពាធវាមិនមែនជារឿងងាយស្រួលទេ តែបើអ្នកអាចធ្វើឲ្យខ្លួនក្លាយជាមនុស្សដែលធន់នឹងសម្ពាធបានកាន់តែច្រើន អ្នកនឹងក្លាយជាមនុស្សដែលរឹងមាំកាន់តែខ្លាំង ហើយក៏នឹងកាន់តែក្លាហានជាទីគោរពនៃមនុស្សជុំវិញខ្លួនដែរ។ អ្នកអាចជាមនុស្សដែលដឹងច្បាស់ថាទំហំការងារមួយនោះប៉ុណ្ណា ដើម្បីទប់ទល់នឹងបុគ្គលិកដែលមានទម្លាប់កេងបន្លំយកផលប្រយោជន៍ ព្រោះអ្នកដឹងច្បាស់អ្នកបានរៀបចំ បានត្រៀមរួចជាស្រេចពីបញ្ហាអាក្រក់ ហើយដោះស្រាយបញ្ហាទាំងនោះបានយ៉ាងល្អ។

៥) ការពួតដៃគ្នាក្នុងការបំពេញការងារជាក្រុម

មនុស្សមួយចំនួននៅតែធ្វើឲ្យខ្លួនឯងមានបញ្ហាក្នុងការធ្វើការងារជាក្រុម ចូលចិត្តចាប់កំហុសគ្នាទៅវិញទៅមក មើលបំណាំ មិនឲ្យតម្លៃការសហការគ្នា ទាំងដែលធាតុពិតការងារក្រុមជួយអ្នកឲ្យសម្រេចគោលដៅបានយ៉ាងល្អ និងទទួលបានបទពិសោធន៍យ៉ាងក្រាស់ក្រែល។ 

អ្នកគ្រប់គ្រងលើការកេងបន្លំក្នុងការបំពេញការងារ ដឹងច្បាស់ថាការធ្វើការជាក្រុមសំខាន់ប៉ុនណាព្រោះគេមិនអាចធ្វើការងារដាច់តែឯងហើយគ្រប់គ្រងលើការកេងបន្លំរបស់នរណាម្នាក់បានឡើយ។ ការគាំទ្រ ចាំលើកទឹកចិត្តដល់អ្នកដទៃក្នុងក្រុមទៅវិញទៅមកជាកត្តាជួយជំរុញឲ្យផលិតភាពការងារកើនឡើង ជួយកាត់បន្ថយអត្រាកេងបន្លំការងារបានច្រើន ហើយក្រុមការងារដែលសហកាគ្នាបានល្អ ដឹងសុខទុក្ខធុរៈគ្នា ចេះដោះស្រាយបញ្ហារួមគ្នានោះជាក្រុមដែលតែងទទួលបានជោគជ័យច្រើនជាងគេ និងមានការទទួលស្គាល់ក៏ច្រើនជាងគេដែរ៕

ដោយ៖ យ៉ាយ៉ា

 

X
5s