កុំគិតថា លុយសំខាន់រហូតដល់ភ្លេចគិតរឿង ៥ យ៉ាងនេះ!​



អ្នកណាក៏ដឹងដែរថា លុយពិតជាសំខាន់សម្រាប់មនុស្សគ្រប់រូប។ ក៏ប៉ុន្តែដោយសារតែមនុស្សមួយចំនួនឲ្យតម្លៃលុយខ្លាំងពេករហូតដល់ភ្លេចខ្លួនគិតរឿងផ្សេងដែលជាគ្រឿងម៉ាស៊ីនសម្រាប់ផលិតលុយ ជារឿយៗតែងតែធ្វើឲ្យពួកគេក្លាយជាអ្នករងគ្រោះដោយសារលុយ។ សុខភាព ភាពជឿជាក់ ចំណេះ បទពិសោធន៍ ។ល។ សុទ្ធតែជារបស់មានតម្លៃក្នុងជីវិតរបស់អ្នក។  សូមកុំមើលរំលង ហើយយកលុយជារឿងអាទិភាពលើចំណុចទាំងនេះ។ 

១.ជំនឿចិត្តរបស់អ្នក
ជំនឿនៅចំណុចនេះមិនមែនសំដៅលើជំនឿសាសនាអ្វីទេ។ វាជាជំនឿចិត្តដែលមាននៅក្នុងខ្លួនរបស់អ្នកដូចជា ក្តីសុបិន្ត និងអាជីវកម្មរបស់អ្នកជាដើម។ នៅក្នុងជីវិតជាអ្នកជំនួញ បើគ្មានជំនឿចិត្តទេនោះ វាមិនសំខាន់ថាផលិតផល ឬសេវាកម្មរបស់អ្នកល្អប៉ុណ្ណាទេ អ្នកនឹងបរាជ័យ។ 

អ្នកប្រហែលជាបានបង្កើតកំហុស ឬភាពសង្ស័យជាច្រើនដល់មនុស្សជុំវិញអ្នក ជាពិសេសបុគ្គលិកដែលធ្វើឲ្យពួកគេបាត់បង់ភាពជឿជាក់មកលើអ្នក។ ទីបំផុតពួកគេអាចរត់ចោលអ្នកម្តងមួយៗ។ ក៏ប៉ុន្តែប្រសិនបើអ្នកចូលចិត្តធ្វើអ្វីតាមវិធីរបស់អ្នក អ្នកត្រូវតែជឿជាក់លើខ្លួនឯង និងគ្រប់ទិដ្ឋភាពនៃអាជីវកម្មរបស់អ្នក។ ប្រាកដណាស់អ្នកបានដឹងពីកំហុសរបស់អ្នក ប៉ុន្តែអ្នកនៅតែប្តេជ្ញាធ្វើវាឲ្យល្អជាងមុន ដោសារអ្វី? ពីព្រោះអ្នកជឿជាក់លើអ្វីដែលអ្នកកំពុងធ្វើ។

២.សុខភាពរបស់អ្នក
ក្នុងនាមជាសហគ្រិន អ្នកបានចំណាយពេលច្រើនណាស់ដើម្បីគិតគួររឿងចំណូលអាជីវកម្មជាងនរណាទាំងអស់។ នេះអាចធ្វើឲ្យអ្នកភ្លេចគិតពីសុខភាពរបស់អ្នក។ ប៉ុន្តែបើអ្នកបណ្តោយឲ្យសុខភាពខ្លួនឯងទ្រុឌទ្រោមដោយសារអាជីវកម្ម នៅទីបំផុតបន្ទុកនឹងធ្លាក់មកលើអ្នក។ បើសុខភាពរបស់អ្នកមិនល្អមុននឹងក្រោយអាជីវកម្មរបស់អ្នកនឹងប៉ះពាល់ព្រោះវាត្រូវការវត្តមានរបស់អ្នក។ 

ចាប់ផ្តើមដាក់កាលវិភាគហាត់ប្រាណឲ្យបានទៀងទាត់ជាពិសេសនៅពេលព្រឹក លេងកីឡាដែលអ្នកចូលចិត្ត ឬដើរកម្សាន្តលំហែរខួរក្បាលនៅកន្លែងឆ្ងាយជាដើម។ ទន្ទឹមនឹងនេះ គួរឧហ្សារណ៍ណាត់ជូបគ្រួពេទ្យដើម្បីឆែកមើលសុខភាពរបស់អ្នក។ សុខភាពរបស់អ្នករឹងមាំ ទើបអាចកសាងក្រុមការងាររឹងមាំបាន។

៣.គ្រូសាររបស់អ្នក
ដោយសារតែអ្នកជាមនុស្សមានការទទួលខុសត្រូវម្នាក់ អ្នកចង់ឲ្យមនុស្សនៅក្នុងគ្រូសាររបស់អ្នកមានអនាគតល្អ។ ក៏ប៉ុន្តែការគិតតែពីរកលុយដោយមិនបានចំណាយពេលនៅជាមួយពួកគេនៅពេលមួយដែលអ្នកយល់ថា អ្នកគួរនៅជាមួយពួកគេ អាចធ្វើឲ្យគ្រួសាររបស់អ្នកខាតបង់ជាងអ្វីដែលអ្នករកបានក៏ថាបាន។ ពេលខ្លះអ្នកយល់ថា លុយសំខាន់សម្រាប់ពួកគេ ក៏ប៉ុន្តែធាតុពិតអ្វីដែលពួកគេចង់បានពីអ្នកគឺការលះបង់ពេលវេលារបស់អ្នកចំពោះពួកគេ។

ដើម្បីផ្តល់តម្លៃដល់គ្រូសាររបស់អ្នក អ្នកគួរបែងចែកពេលវេលាឲ្យបានត្រឹមត្រូវរវាងការងារ និងគ្រួសារ។ អ្នកត្រូវប្រាកថា ពេលវេលាដែលអ្នកបានចំណាយមានប្រសិទ្ធភាព។ បង្កើនទម្លាប់ល្អធ្វើការឲ្យកាន់តែមានគុណភាព ទទួលបានលទ្ធផលខ្ពស់ ចំណាយពេលតិចជាងមុន។ ធ្វើបែបនេះអ្នកនឹងមានពេលច្រើនជាងមុនដើម្បីជួបជុំគ្រួសាររបស់អ្នក។

៤.បទពិសោធន៍របស់អ្នក
អ្នករស់តែម្តងប៉ុណ្ណោះក្នុងឆាកជីវិតរបស់អ្នក ហើយក៏ស្លាប់ទៅវិញ។ គ្មានផ្លូវក្រៅពីហ្នឹងទេ គឺមានតែ២ផ្លូវនេះប៉ុណ្ណោះ។ ក៏ប៉ុន្តែអ្វីដែលអ្នកត្រូវធ្វើក្នុងមួយឆាកជីវិតរបស់អ្នកគឺការប្រើខ្សែជីវិតមួយឲ្យមានតម្លៃមុននឹងអ្នកស្លាប់ទៅវិញ។ ការស្វែងរកចំណេះដឹង ការងារ ស្នេហា គ្រួសារ ជាដើម សុទ្ធតែអ្វីដែលអ្នកត្រូវជួប។ 

ជីវិតរបស់អ្នកគួរមានបទពិសោធន៍ដែលត្រូវឆ្លងកាត់រឿងរ៉ាវទាំងនេះ ជាពិសេសការងារតែម្តង។ បទពិសោធន៍ទាំងនោះគួរតែនាំមកនូវឱកាសល្អៗ ការអភិវឌ្ឍ ផ្តល់គុណសម្បត្តិសម្រាប់អនាគតអាជីពខ្លួនឯង និងមានឥទ្ធិពលជាវិជ្ជមានដល់មនុស្សជុំវិញខ្លួន។

៥.កេរ្តិ៍ដំណែលរបស់អ្នក
ក្រោយការលាចាករបស់អ្នក អ្វីដែលអ្នកអាចបន្សល់ទុកសម្រាប់មនុស្សជំនាន់ក្រោយជាពិសេសសម្រាប់កូនៗរបស់អ្នកនោះគឺកេរ្តិ៍ដំណែលដែលអ្នកបានសាង។ អ្នកប្រហែលជាបានទុកកេរមរតក ឬ លុយយ៉ាងច្រើនឲ្យពួកគេ ក៏ប៉ុន្តែលុយមិនគួរជាកេរ្តិ៍ដំណែលតែមួយគត់ដែលអ្នកផ្តល់ឲ្យពួកគេឡើយ។ បទពិសោធន៍ ចំណេះដឹង យុទ្ធសាស្រ្ត និងស្វែងរកមនុស្សដែលមានសមត្ថភាពមកធ្វើការសម្រាប់និរន្តរភាពនៃអាជីវកម្មដែលជាគ្រឿងម៉ាស៊ីនសម្រាប់រកលុយចូលផ្ទះមិនចេះចប់ គួរជាអ្វីដែលអ្នកត្រូវបន្សល់ទុកឲ្យពួកគេ។

សូមផ្តល់អាទិភាពដល់មនុស្សសំខាន់របស់អ្នក និងក្រុមការងាររបស់អ្នក។ សូមចែករំលែកក្តីស្រលាញ់ ពេលវេលា ថវិកា ការយកចិត្តទុកដាក់ ឲ្យតម្លៃ និងចូលរួមធ្វើការងារមានតម្លៃជាច្រើនទៀតសម្រាប់មនុស្សជុំវិញអ្នកដើម្បីឲ្យកេរ្តិ៍ឈ្មោះរបស់អ្នកត្រូវបានចារទុកថា ជា “វីរបុរសដ៏អស្ចារ្យ” នៃមនុស្សជាទីស្រលាញ់របស់អ្នក៕ 

ប្រភព៖ Entrepreneur