សេដ្ឋី ៥ នាក់ប្រាប់គន្លឹះធ្វើឲ្យលុយ ១០០ ដុល្លារទៅជា ១ លានដុល្លារ​



ធ្វើម៉េចទើបធ្វើឲ្យលុយ ១០០ ដុល្លារក្លាយទៅជាលុយ ១ លានដុល្លារបាន? នេះជាសំនួរដ៏សំខាន់មួយ ហើយក៏មិនមានមនុស្សច្រើនដែរដែលអាចដឹងពីគន្លឹះមួយនេះ។ បើនេះជាចម្ងល់របស់អ្នក សូមងាកមកមើលគន្លឹះរបស់អ្នកជំនាញ ៥ រូបខាងក្រោមដែលនឹងចូលមកបង្ហើបពីយុទ្ធសាស្រ្តខាងលើ។ 

១. “វិនិយោគទៅលើអ្វីដែលអ្នកស្រលាញ់បំផុត”
«ចង់មានមិនមែនជារឿងងាយស្រួលទេ។ អ្នកត្រូវចេះសន្សំសម្ចៃ រកលុយឲ្យបានច្រើនពីមុខរបរជំនួញ ឬត្រូវចេះវិនិយោគ។ អ្នកត្រូវសន្សំលើសពីអ្វីដែលអ្នកគិតទៅទៀតបើសិនចង់មានសុវត្ថិភាពរឿងនេះ ហើយវាក៏ត្រូវការចំណាយច្រើនដែរដើម្បីឲ្យជំនួញរបស់អ្នកបន្តដំណើរទៅមុខទៀតបន្ទាប់ពីបានជោគជ័យ។ នេះហើយជាមូលហេតុដែលខ្ញុំត្រូវវិនិយោគ។ ស្វែងរកក្រុមមនុស្សដែលអ្នកជឿទុកចិត្ត និងដាក់ប្រាក់ ១០០ ដុល្លាររបស់អ្នកជាមួយពួកគេដើម្បីអប់រំលើចំណេះដឹងវិនិយោគ ។ អ្នកត្រូវវិនិយោគលើអ្វីដែលអ្នកដឹង និងមានចក្ខុវិស័យច្បាស់លាស់ដូជាវិនិយោគលើអចលនទ្រព្យជាដើម។ វិនិយោគអ្វីក៏ដោយ ត្រូវជ្រើសរើសអ្វីដែលអ្នកស្រលាញ់។ ខ្ញុំជឿថា បើអ្នកស្រលាញ់អ្វីមួយ អ្នកនឹងពូកែរឿងនោះ»

-សេដ្ឋីនីលោកស្រី Bethenny Frankel ស្ថាបនិកក្រុមហ៊ុន Skinnygirl


ប្រភពរូបភាព៖ UPI.com

២. “អភិវឌ្ឍ និងវិនិយោគលើខ្លួនឯង”
“ជាការពិត មានមនុស្សមួយចំនួនបានវិនិយោគចំឱកាសល្អ ហើយក៏បានក្លាយជាអ្នកមានតែម្តង។ បើអ្នកបានវិនិយោគ ១០០ ដុល្លារទៅលើ Bitcoin កាលពីឆ្នាំ ២០១០ អ្នកពិតជាចំណេញច្រើនណាស់នៅពេលឥឡូវនេះ។ ប៉ុន្តែសម្រាប់ខ្ញុំ វាមើលទៅដូចជាការចាក់ឆ្នោតអញ្ចឹង។ វិធីដ៏ល្អមួយដើម្បីក្លាយជាអ្នកមានជាមួយលុយ ១០០ ដុល្លាររបស់អ្នកគឺវិនិយោគទៅលើវគ្គបណ្តុះបណ្តាលខ្លីៗ ចំណេះដឹង សៀវភៅ ឬ កម្មវិធីផ្សេងៗដែលធ្វើឲ្យសមត្ថភាពរបស់អ្នករីកមច្រើនទៅមុខ។ ចំណាយពេលអភិវឌ្ឍជំនាញថ្មីៗ បង្កើនសមត្ថភាពចំណេះដឹង និងពង្រីកបណ្តាញទំនាក់ទំនងរបស់អ្នក។ នៅពេលអ្នកវិនិយោគលើខ្លួនឯង អ្នកនឹងបរាជ័យរហូតទេ”

-លោក Grant Cardone អ្នកជំនាញផ្នែកលក់ដែលបានកសាងចក្រភពអចលនទ្រព្យតម្លៃ ៧៥០ លានដុល្លារ និងអ្នកនិពន្ធល្បីល្បាញប្រចាំសារព័ត៌មាន New York Times


ប្រភពរូបភាព៖ Entrepreneur

៣. “រៀនជំនាញដែលជួយឲ្យអ្នករកលុយបានច្រើន”
«បើអ្នកគ្មានលុយដើម្បីរកស៊ី អ្នកមិនគួរចេញរកស៊ីទេ។ ផ្ទុយមកវិញ អ្នកគួរយកលុយ ១០០ ដុល្លារទៅទិញសៀវភៅ និងរៀនជំនាញនៅក្នុងវគ្គបណ្តុះបណ្តាលណាមួយដែលអាចធ្វើឲ្យអ្នករកលុយបាន ១០ ០០០ ដុល្លារក្នុងមួយខែ ឬលើសពីនេះ។ ជ្រើសរើសជំនាញណាដែលអាចជួយឲ្យអ្នករកចំណូលបានច្រើនដូចជា ទីផ្សារ ផ្នែកលក់ ឬអ្នកសរសេរអត្ថបទជាដើម។ ជំនាញទាំងនេះអ្នកអាចរៀនឆាប់ចេះ ហើយមានទីផ្សារខ្ពស់។ កន្លែងណាក៏ត្រូវការវាដែរ។ នៅពេលអ្នករកប្រាក់បានគ្រប់គ្រាន់ អ្នកអាចបង្វែរការងារក្រៅម៉ោងរបស់អ្នកទៅជាការងារពេញម៉ោងបាន។ បន្ទាប់មកកំណត់មាត្រដ្ឋាន និងវិនិយោគលើប្រាក់ចំណូលដែលអ្នករកបានតែម្តង។ នោះហើយជារបៀបដែលអ្នកអាចកសាងទ្រព្យសម្បត្តិពិតប្រាកដបាន។ ប្រសិនបើអ្នកតស៊ូ និងពូកែអ្វីដែលអ្នកធ្វើ អ្នកនឹងទៅដល់គោលដៅរបស់អ្នក។ ប៉ុន្តែសូមចាំ រឿងហ្នឹងវាមិនអាចកើតឡើងត្រឹមតែមួយយប់ទេ ដូច្នេះហើយអ្នកត្រូវបោះជំហានទៅមុខបន្តិចម្តងៗ»

-លោក Dan Lok គ្រូបណ្តុះបណ្តាល អ្នកនិពន្ធ អ្នកជំនួញ និងជាស្ថាបនិករបស់ក្រុមហ៊ុន Closers.com


ប្រភពរូបភាព៖ Finansialku.com

៤. “កសាងកេរ្តិ៍ឈ្មោះខ្លួនឯង”
“ភាពជាសហគ្រិន គឺជាការងារដ៏ចាប់អារម្មណ៍មួយដែលមនុស្សគ្រប់គ្នាចង់ចូលរួមនាពេលបច្ចុប្បន្ននេះ។ អ្នកអាចរកលុយបានរាប់លានដោយបង្កើតម៉ាកយីហោផ្ទាល់ខ្លួនរបស់អ្នកជាមនុស្សមានឥទ្ធិពល ឬអាជីវកម្ម។ ក៏ប៉ុន្តែវាមិនងាយស្រួលដូចអ្នកគិតទេ ហើយក៏អរគុណដល់បណ្តាញសង្គមដែលអាចធ្វើឲ្យអ្នកសម្រេចគោលដៅបានងាយស្រួលជាងមុន។ មនុស្សនឹងធ្វើតាមអ្នក ប្រសិនបើពួកគេយល់ពីមូលហេតុនូវអ្វីដែលអ្នកកំពុងធ្វើ និង កំណត់បានពីសកកកម្មរបស់អ្នក ។ អ្នកអាចថតវីដេអូពន្យល់មនុស្សម្នាពីរឿងរ៉ាវរបស់អ្នក បន្ទាប់មកវិនិយោគ ១០០ ដុល្លារសម្រាប់ផ្សាយពាណិជ្ជកម្មតាម Facebook ដើម្បីទទួលបានវានៅចំពោះមុខមនុស្សដែលចូលចិត្តអ្នក ឬមានស្ថានភាពដូចអ្នក»

លោក Torben Platzer ស្ថាបនិក និងជានាយកប្រតិបត្តិក្រុមហ៊ុនកសាងម៉ាកយីហោ TPA Media GmbH


ប្រភពរូបភាព៖Digishop24

៥. “បើកវគ្គបណ្តុះបណ្តាលអាជីវកម្ម”
«ខ្ញុំបានរកចំណូលដល់ទៅ ៧ ខ្ទង់ដោយចាប់ផ្តើមពីបាតដៃទទេ និងជួយឲ្យអ្នកផ្សេងទៀតសម្រេចបានជោគជ័យប្រហាក់ប្រហែលខ្ញុំដែរ។ ខ្ញុំបានចាប់ផ្តើមត្រឹមតែប្រាក់ ១០០ ដុល្លារប៉ុណ្ណោះ វាមិនលើសពីហ្នឹងទេ។ នៅពេលអ្នកវិនិយោគលុយ ១០០ ដុល្លាររបស់អ្នកដើម្បីអភិវឌ្ឍជំនាញណាមួយដែលធ្វើឲ្យអ្នកក្លាយជាអ្នកជំនាញ អ្នកអាចបង្កើតវគ្គបណ្តុះបណ្តាល ប្រឹក្សាយោបល់ ឬធ្វើជាគ្រូបណ្តុះបណ្តាលក្នុងអាជីវកម្មណាមួយដែលជាជំនាញរបស់អ្នក។ វិធីនេះមានភាពពេញនិយមខ្លាំងដោយសារហេតុផលជាច្រើនដូចជា វាឆាប់រហ័ស មានប្រសិទ្ធភាព និងទាមទារការវិនិយោគតិចតួចប៉ុណ្ណោះពីព្រោះវាត្រូវការការចំណាយតែមួយគត់ គឺពេលវេលារបស់អ្នក។ នៅពេលអ្នករកលុយបានខ្លះពីអាជីវកម្មរបស់អ្នក ត្រូវវិនិយោគលើប្រាក់ចំណេញនោះសម្រាប់ជួលផ្សព្វផ្សាយពាណិជ្ជកម្មតាម Facebook ដើម្បីទទួលបានអតិថិជនកាន់តែច្រើន។ បើអ្នកពូកែអ្វីដែលអ្នកកំពុងធ្វើ អ្នកអាចបង្កើនការវិនិយោគដល់ទៅរាប់ម៉ឺនដុល្លារ។ ហើយបើចង់បានលើសពី ១ លានដុល្លារ អ្នកអាចបង្វឹកគ្រូបង្វឹកឲ្យបានកាន់តែច្រើន និងជួលគ្រូបង្វឹកឲ្យធ្វើការឲ្យអ្នក»

-លោក Rudy Mawer ស្ថាបនិក និងជានាយកប្រតិបត្តិក្រុមហ៊ុន ROI Machines និង RudyMawer.com។ ជាអ្នកជំនាញទីផ្សារ និងផ្សព្វផ្សាយពាណិជ្ជកម្មរបស់ Facebook និងជាអ្នកបង្កើតក្រុមហ៊ុនមានតម្លៃពាន់លានដុល្លារនៅអាយុ ២៦ ឆ្នាំ


ប្រភពរូបភាព៖ Youtube

ប្រភព៖ CNBC