ស្ថាបនិក Carino៖ ការផ្តល់តម្លៃឲ្យបុគ្គលិកជាចំណុចស្នូលនាំអាជីវកម្មទៅរកភាពជោគជ័យ​



អ្នកនាង ទឹម លក្ខិណា ស្ថាបនិក Carino បានមានប្រសាសន៍ថា អាជីវកម្មមួយជោគជ័យនៅពេលដែលមនុស្សគ្រប់គ្នាដែលមានចំណែកពាក់ព័ន្ធនឹងអាជីវកម្ម ឲ្យតម្លៃគ្នាទៅវិញទៅមក។

ដំណើរការផលិតយីហោសំលៀកបំពាក់ក្នុងស្រុក ទាំងការច្នៃម៉ូត និងការផលិតក្នុងស្រុកមួយរយភាគរយ អស់រយៈពេលជិត ៥ ឆ្នាំមក Carino បានឆ្លងកាត់ភាពលំបាក និងភាពរីករាយលាយឡំគ្នាជាច្រើនលើកច្រើនសារ។ ទោះបីជាឆ្លងកាត់ការលំបាក ឬមានការខាតបង់ខ្លះក្នុងដំណើរការអាជីវកម្មក្តី ក៏ Carino មិនធ្លាប់ជួបបញ្ហាបាត់បង់បុគ្គលិកដោយសារការមិនពេញចិត្តនឹងការបំពេញការងារដែរ។

សហគ្រិនស្រ្តីវ័យក្មេងស្រស់ស្អាត អ្នកនាង លក្ខិណា បានចែករំលែកពីវិធីសាស្រ្តមួយចំនួនក្នុងការរក្សាបុគ្គលិកឲ្យពួកគាត់បំពេញចិត្តធ្វើការជាមួយដូចខាងក្រោមនេះ៖

១) ការឲ្យតម្លៃដល់បុគ្គលិក៖ អ្នកនាងបានបញ្ជាក់ចំនុចនេះថា មិនថាយើងជានរណា ហើយបុគ្គលិកយើងជានរណា គ្រប់គ្នាសុទ្ធតែមានកិត្តិយស មានតម្លៃជាមនុស្សដូចៗគ្នា។ ការគោរពនិងការផ្តល់តម្លៃដល់បុគ្គលិកជារឿងមួយដែលគួរឲ្យគោរពបំផុត។

២) បណ្តុះបណ្តាល៖ ការបណ្តុះបណ្តាលជាកត្តាមួយចាំបាច់ ព្រោះពេលបុគ្គលិកមានចំណេះដឹងគ្រប់គ្រាន់វាជាកត្តាស្នូលមួយនាំអាជីវកម្មយើងឈានទៅរកភាពជោគជ័យ។

៣) ចាត់ទុកបុគ្គលិកជាគ្រួសារ៖ សហគ្រិនរូបនេះបានលើកឡើងថា ពាក្យថាគ្រួសារជាក្រុមមនុស្សដែលរស់នៅក្នុងក្រោមដំបូងតែមួយ វាចៀសមិនផុតពីការមានបញ្ហាជាមួយគ្នា។ ពេលដែលយើងចាត់ទុកបុគ្គលិកជាគ្រួសារ ពេលមានបញ្ហាកើតឡើងយើងព្យាយាមដោះស្រាយបញ្ហាជាជាងតាមចាប់កំហុសគ្នា យើងនឹងទទួលបានបទពិសោធន៍ថ្មី ក្នុងការដោះស្រាយបញ្ហាទាំងជាមួយអតិថិជន និងការដោះស្រាយបញ្ហាផ្ទៃក្នុងអាជីវកម្ម។ 

៤) ការផ្តល់ឱកាស៖ បើនិយាយពីហាង Carino របស់អ្នកនាងផ្ទាល់ អ្នកនាងបានផ្តល់ឱកាសការងារដល់ស្រ្តីជាច្រើន ពិសេសស្រ្តីដែលគាត់មានជំនាញដេរសំលៀកបំពាក់ តែគាត់គ្មានពេលវេលាគ្រប់គ្រាន់ក្នុងការមកធ្វើការនៅហាង គាត់អាចធ្វើការដេរនៅផ្ទះបានដោយមានការត្រួតពិនិត្យជាប្រចាំពីលទ្ធផលការងារ។ 

តែអ្នកនាងក៏បញ្ជាក់ដែរថា ឲ្យតម្លៃបុគ្គលិក ចាត់ទុកបុគ្គលិកជាគ្រួសារយ៉ាងណាក៏នូវតែមានការអនុវត្តច្បាប់ឲ្យបានល្អដែរ ព្រោះពេលខ្លះដោយសារមនោសញ្ចេតនាជ្រុលពេកអាចធ្វើឲ្យបុគ្គលិកមិនគោរពតាមអ្វីដែលច្បាប់ទម្លាប់។ ជាមួយគ្នានេះផងដែរ ការប្រើច្បាប់ជាលក្ខណៈគ្រួសារអាចបង្កភាពងាយស្រួលដល់ដំណើរការការងារឲ្យមានភាពរលូន ដោយការប្រើច្បាប់គ្រួសារនេះមកអនុវត្តទៀតសោតវាអាចធ្វើឲ្យទំនាក់ទំនងរវាងបុគ្គលិក និងម្ចាស់អាជីវកម្មមានភាពស្និតស្នាលច្រើន មានការដឹងសុខទុក្ខគ្នាច្រើន តែវាក៏អាចធានារក្សាផលប្រយោជន៍ដល់ភាគីទាំងសងខាងបានល្អដូចគ្នា៕

ដោយ៖ យ៉ាយ៉ា 

 

X
5s