លោក អាប្រាហាម លីនខូន៖ «បើទោះបីអ្នកជានរណាក៏ដោយ អ្នកត្រូវធ្វើជាមនុស្សល្អជាដរាប»​



សេចក្ដីល្អ ស្មោះត្រង់តែងតែឈ្នះអ្វីៗគ្រប់យ៉ាងនៅលើលោកនេះ។ អំពើអាក្រក់ នៅតែជាអំពើអាក្រក់ដោយមិនអាចលើកលែងបានឡើយ។ រស់នៅជាមនុស្សម្នាក់ត្រូវតែធ្វើខ្លួនជាមនុស្សដែលប្រកាន់ខ្ជាប់នូវចិត្តល្អបរិសុទ្ធ ពីព្រោះភាពចរិតលក្ខណៈបែបនេះហើយដែលធ្វើអ្នកដទៃគោរពរាប់អានឲ្យតម្លៃ និងចងចាំអ្នកទុកក្នុងជីវិតរបស់ពួកគេ។

លោក អាប្រាហាម លីនខូន (Abraham Lincoln) គឺជាប្រធានាធិបតីទី ១៦របស់សហរដ្ឋអាមេរិក បានមានប្រសាសន៍ថា៖ «បើទោះបីអ្នកជានរណាក៏ដោយ អ្នកត្រូវធ្វើជាមនុស្សល្អជាដរាប។» នេះសបញ្ជាក់ មិនថាអ្នកជាអ្នកមាន អ្នកក្រក៏ដោយ ត្រូវរក្សាខ្លួនឲ្យមានតម្លៃ តាមរយៈការធ្វើខ្លួនជាមនុស្សល្អ។ មនុស្សល្អគឺសំដៅលើមនុស្សដែលល្អតាំងពីចិត្តឡើងទៅ ដោយមិនមែនល្អតែសំបកក្រៅនោះទេ។ 

មនុស្សមួយចំនួនមើលទៅហាក់ល្អតែសំបកក្រៅ ដោយខិតខំបំពាក់ខ្លួនឯងឲ្យមើលទៅដូចជាល្អខ្លាំងណាស់។ ពេលខ្លះដើម្បីឲ្យអ្នកដទៃគិតថាខ្លួនល្អត្រឹមត្រូវ ខិតខំស្រែកក្ដែងៗទាំងគួរឲ្យអាណិត ខិតខំបំភាន់ភ្នែកអ្នកដទៃ ខណៈដែលគេគ្រប់គ្នាដឹងពីសណ្ដានពិតរួចទៅហើយ។ ការរស់នៅបែបនេះគ្មានតម្លៃអ្វីនោះទេ។

ដូចនេះ មិនថាអ្នកជាអ្នកណា ឬនៅទីណា ឬមកពីណានោះទេ ត្រូវចេះធ្វើជាមនុស្សល្អ ចេះជួយអ្នកដទៃ ចេះចែករំលែក មានទំនាក់ទំនងល្អ រៀនទទួលយកពីអ្នកដទៃ។ ទង្វើបែបនេះហើយដែលធ្វើឲ្យគេគោរពរាប់អាន មានចំណងទំនាក់ទំនងល្អ និងជាជីវិតដែលមានន័យ មានខ្លឹមសារ។ កើតមកគង់តែស្លាប់ដដែល ធ្វើល្អខ្លះទៅ៕

អត្ថបទដោយ៖ លង់ វណ្ណៈ

 

 

 

 

X
5s