អនុវត្តទម្លាប់ “កុំ” ទាំង១០ ចំណុចដើម្បីទទួលបានភាពជោគជ័យដ៏អស្ចារ្យ​



ភាពជោគជ័យ ឬបរាជ័យកើតឡើងពីទង្វើរបស់ខ្លួនឯងផ្ទាល់។ ភាពជោគជ័យរបស់បុគ្គលម្នាក់ៗ មិនចាំបាច់ទាល់តែធ្វើរឿងអស្ចារ្យជាងនរណាទេ ការបង្កើតទម្លាប់សាមញ្ញៗ ធម្មតាៗ នៃការរស់នៅក៏នឹងនាំអ្នកទៅរកភាពជោគជ័យយ៉ាងប្រសើរបានដែរ។ អនុវត្តរឿងធម្មតាៗទាំង ១២ ចំនុចខាងក្រោមនេះដើម្បីបង្កើតទម្លាប់នាំអ្នកទៅរកភាពជោគជ័យ៖

១) កុំខ្ជិល
នៅលើពិភពលោកយើងនេះគ្មានបុគ្គលណាទទួលបានភាពជោគជ័យដោយសារភាពខ្ជិលឡើយ។ នាយករដ្ឋមន្រ្តី ប្រធានាធិបតី មហាសេដ្ឋីលំដាប់ពិភពលោក សាស្រ្តាចារ្យល្បីៗ អ្នកប្រាជ្ញ តារាសំដែងលំដាប់ពិភពលោក និងបុគ្គលជោគជ័យជាច្រើនទៀត ពួកគេខិតខំប្រឹងប្រែងធ្វើការណាស់ដើម្បីទទួលបានលទ្ធផលដែលគេរំពឹងទុក។

២) កុំចំណាយពេលឥតប្រយោជន៍
អ្នកមិនអាចដឹងទេថាអ្នកនឹងរស់នៅលើផែនដីនេះបានរយៈពេលយូរប៉ុនណា បើចង់ធ្វើអ្វីក៏ចាប់ផ្តើមធ្វើវាទៅកុំចំណាយពេលវេលាជាមួយរឿងឥតប្រយោជន៍ច្រើនពេក។

៣) កុំទម្លាប់ពឹងអ្នកដទៃរហូត
ជីវិតអ្នកគ្មានន័យ គ្មានរសជាតិគ្រប់គ្រាន់ទេបើអ្នកចូលចិត្តយកអ្វីដែលជារបស់ខ្លួនឯងទៅផ្ញើរទុកជាមួយអ្នកដទៃ។ ចង់បានលទ្ធផលការងារមួយធ្វើវាដោយខ្លួនឯងទើបអ្នកដឹងថា ការងារមួយនោះវាងាយស្រួល ឬលំបាកយ៉ាងណា។ អ្នកត្រូវឆ្លងកាត់ការលំបាក ការសប្បាយរីករាយ ភាពហត់នឿយ ភាពផ្អែមល្អែម រសជាតិល្វីងជូរចង់និយាយរួមគឺភ្លក្សឲ្យបានគ្រប់រសជាតិ ដើម្បីបំពេញន័យឲ្យជីវិតអ្នកកាន់តែមានជាតិទើបអ្នកអាចរកភាពជោគជ័យបាន។ 

៤) កុំបានតែមាត់
ជីវិតមិនមែនគ្រាន់តែជាទ្រឹស្តីទេ យកការអប់រំ និងទ្រឹស្តីទាំងឡាយមកអនុវត្តបង្កើតឲ្យចេញជាលទ្ធផលមួយ បើមិនដើម្បីអ្នកណាក៏ធ្វើដើម្បីខ្លួនឯងដែរ បន្ទាប់មកអ្នកអាចស្វែងរកភាពខ្លាំង និងភាពខ្សោយរបស់ខ្លួនឯងបាន។ បន្តព្យាយាមពង្រឹងភាពខ្លាំងបន្ថែម និងកែប្រែភាពខ្សោយតាមរយៈស្វែងរកការអប់រំបន្ថែមធ្វើឲ្យខ្លួនឯងមានភាពជោគជ័យ។

៥) កុំធ្វើជាកូនក្មេង ជីវិតវាមិនដែលស្រួលទេ
មេរៀនមួយដែលពិបាករៀនជាងគេគឺមេរៀនជីវិត វាមិនដែលស្រួលទេក្នុងការដឹកនាំជីវិតទៅរកភាពជោគជ័យដ៏ត្រចះត្រចង់។ អ្នកមិនមែនជាកូនក្មេងរហូតទេ កុំខ្លាចដួលបើអ្នកចង់មានជំហររឹងមាំ ការងារកាន់តែលំបាកត្រូវតែហ៊ានសាកហ៊ានប្រលូក។

៦) កុំចំណាយកំលាំងជាមួយបញ្ហាលើព្រំដែននៃការគ្រប់គ្រងរបស់អ្នក
មនុស្សគ្រប់រូប នរណាក៏មានបញ្ហាដែរតែបញ្ហាមួយចំនួនជាបញ្ហាដែលអ្នកត្រូវតែដោះស្រាយ តែមានបញ្ហាមួយចំនួនទៀតវាលើសពីដែនកំណត់នៃការគ្រប់គ្រងរបស់អ្នក។ បើអ្នកដឹងថាបញ្ហាដែលកំពុងជួបវាលើសពីដែនកំណត់នៃការគ្រប់គ្រងរបស់អ្នក កុំព្យាយាមឈឺក្បាលជាមួយវាខ្លាំងពេក ពេលណាមួយដំណោះ ស្រាយចំពោះបញ្ហានោះនឹងត្រូវរកឃើញមិនខាន គិតដោះស្រាយតែបញ្ហាចំពោះមុខសិនទៅ។

៧) កុំដើរតាមនុយបញ្ឆោតរបស់គេពេក
ធ្វើជាមនុស្សត្រូវមានគោលដៅ គោលជំហរ និងក្តីស្រមៃផ្ទាល់ខ្លួន។ អ្នកអាចដើរតាមគេបាននៅពេលដំបូងព្រោះអ្នកមិនទាន់អាចឈរ ឬដើរដោយខ្លួនឯងបាន តែបន្ទាប់ពីពេលនោះអ្នកត្រូវរៀនដើរដោយខ្លួនឯង ដើរសំដៅទៅរកគោលដៅដែលអ្នកបានកំណត់។

៨) កុំរង់ចាំ
ការរងចាំវាមិនអាក្រក់ទេ តែវាក៏មិនល្អនៅពេលដែលអ្នកចេះតែបណ្តោយពេលវេលាឲ្យកន្លងហួសហើយគិតថាវាមិនទាន់ដល់ពេលវេលាដែលអ្នកគួរចាប់ផ្តើម។ អ្នកកាន់តែបណ្តោយពេលមិនចាប់ផ្តើមធ្វើនូវអ្វីដែលអ្នកចង់បាន គឺអ្នកកាន់តែបណ្តោយឱកាសនៃភាពជោគជ័យរសាត់ទៅបាត់ ហើយអ្នកកាន់តែក្លាយជាមនុស្សកំសាក។ ត្រូវចាំថាចាប់ផ្តើមថ្ងៃនេះ ដើម្បីភាពជោគជ័យនៅថ្ងៃស្អែក។

៩) កុំចំណាយពេលជាមួយមិត្តមិនចម្រើន
មិនមែនជារឿងអាក្រក់ទេក្នុងការរាប់មនុស្ស ការបង្កើតមិត្តភាព តែអ្នកត្រូវចេះធ្វើការបែងចែកឲ្យច្បាស់ថាមិត្តប្រភេទណាដែលអ្នកគួរចំណាយពេលនៅជាមួយឲ្យបានច្រើន ហើយមិត្តប្រភេទណាដែលអ្នកគ្រាន់តែមានដើម្បីបង្កើតចំណងមិត្តភាព។ បើអ្នកចំណាយពេលវេលាជាមួយមិត្តភក្តិដើរលេងស៊ីផឹកសប្បាយច្រើនពេក លទ្ធផលដែលអ្នកនឹងទទួលបានក៏បានជាការផឹកស៊ីដែរ តែបើអ្នកចំណាយពេលជាមួយមិត្តនាំអ្នកស្វែងរកចំណេះ ស្វែងរកចំណូលអ្នកនឹងថ្កុំថ្កើនតាមនោះដែរ។

១០) កុំបំផ្លាញខ្លួនឯង
កំលាំងចិត្ត ជារឿងមួយដែលអ្នកត្រូវផ្តល់ឲ្យខ្លួនឯងជានិច្ចដើម្បីដើរទៅរកគោលដៅនៃភាពជោគជ័យបាន។ អ្នកដទៃអាចបំផ្លាញទ្រព្យសម្បត្តិអ្នកបាន តែមិនអាចបំផ្លាញគោលដៅ ការតាំងចិត្តរបស់អ្នកបានទេបើគ្មានការអនុញ្ញាតពីអ្នក ត្រូវចាំថាគ្មាននរណាអាចបំផ្លាញអ្នកបានទេ លុះត្រាអ្នកបំផ្លាញខ្លួនឯង។ ចង់ជោគជ័យ លើកទឹកចិត្តខ្លួនឯងឲ្យបានច្រើនជាងនរណាៗទាំងអស់៕

ដោយ៖ យ៉ាយ៉ា  

 

X
5s