លោក អោម សេងបូរ៉ា ក្លាយជាអ្នកកាន់ពានស្ថាបនិកឆ្នើមពីឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត​



នៅក្នុងកម្មវិធីរាត្រីសមោសរជួបជុំម្ចាស់អាជីវកម្ម កម្ពុជា CEO Award 2019 ដែលបានរៀបចំឡើងដោយ CEO Master Club នៅសណ្ឋាគារសុខាភ្នំពេញ លោក អោម សេងបូរ៉ា បានក្លាយជាអ្នកកាន់ពានស្ថាបនិកឆ្នើមពីឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក។

កម្មវិធីនេះប្រព្រឹត្តទៅនៅដោយមានការអញ្ជើញចូលរួមពីគណៈអធិបតីរួមមាន ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ឯកឧត្តម វ៉េង សុធី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោកបណ្ឌិត តាន់ មុនីវណ្ណ​ អគ្គនាយករងម៉ុងរិទ្ធីគ្រុប ឯកឧត្តមបណ្ឌិត សុក ស៊ីផាន់ណា ទីប្រឹក្សារាជរដ្ឋាភិបាល ឯកឧត្តម ម៉ម វណ្ណៈ រដ្ឋលេខាធិការក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ឯកឧត្តម ស៊ូ សុជាតិ អគ្គនាយកគណៈកម្មការមូលប័ត្រកម្ពុជា និងលោក អោម សេងបូរ៉ា ស្ថាបនិក CEO master club និងវិទ្យាស្ថានស៊ីអ៊ីអូ រួមទាំងម្ចាស់អាជីវកម្មកម្ពុជាចំនួនប្រមាណជាង ១០០០នាក់ ចូលរួម។

ថ្លែងក្នុងពិធីដ៏មានអត្ថន័យនេះ  លោក អោម សេងបូរ៉ា បានមានប្រសាសន៍ថា CEO master club ជាបណ្ដុំម្ចាស់អាជីវកម្មកម្ពុជាដ៏ធំមួយនៅប្រទេសកម្ពុជាដែលមានទស្សនៈវិស័យចង់ឃើញប្រទេសកម្ពុជាក្លាយជាប្រទេសមានការរីកចម្រើនយ៉ាងឆាប់រហ័ស តាមរយៈការបណ្តុំបណ្ដាលម្ចាស់អាជីវកម្មឲ្យក្លាយជាអគ្គនាយកអាជីព ពង្រីកអាជីវកម្មរបស់ខ្លួនពីតូចទៅធំ ពីលក្ខណៈស្តង់ដារទៅគ្រួសារ ធ្វើឲ្យអាជីវកម្មខ្លួនអាចរីកចម្រើនពិសេសឈានដល់ការអភិវឌ្ឍថ្នាក់អន្តរជាតិថែមទៀតផង។ 

លោក អោម សេងបូរ៉ា ក៏បានបន្តទៀតថា ក្នុងរយៈពេលកន្លងមកនេះ CEO master club បានបណ្តុះបណ្ដាលសហគ្រិនកម្ពុជារាប់ម៉ឺននាក់ ក្នុងនោះមានម្ចាស់អាជីវកម្មពេញមួយជីវិតប្រមាណជាងមួយពាន់នាក់ ដែលគ្រប់គ្រងអាជីវកម្មប្រមាណជាងពីរពាន់ក្រុមហ៊ុន អាចបង្កើតប្រតិបត្តិការអាជីវកម្មក្នុងទឹកប្រាក់ប្រមាណជាងមួយពាន់លានដុល្លារក្នុងមួយឆ្នាំ ថែមទាំងអាចបង្កើតការងារជូនប្រជាពលរដ្ឋជាងដប់ម៉ឺននាក់ក្នុងប្រទេសកម្ពុជា។ 

គួរបញ្ជាក់ថា កម្មវិធីរាត្រីសមោសរជួបជុំម្ចាស់អាជីវកម្ម កម្ពុជា CEO Award 2019 នេះក៏ធ្វើឡើងដើម្បីជាការប្រារព្ធអបអរសារទរខួប ១០ឆ្នាំ របស់ CEO Master Club និងការកើនឡើងសមាជិកភាពពេញមួយជីវិត CEO Master Club ចំនួនជាង ១,០០០នាក់។ ទាំងអស់នេះជាសក្ខីភាព បង្ហាញពីភាពជោគជ័យនៃការដឹកនាំធុរកិច្ចដ៏ល្អបំផុតពីសំណាក់លោក អោម សេងបូរ៉ា៕

ដោយ៖ យ៉ាយ៉ា

 

X
5s