តស៊ូ​ព្យាយាម​ដើរ​តាម​ក្ដី​ស្រមៃ​



យុវតី​គំរូ​ម្នាក់​ក្លាយ​ជា​ស្ថាបនិក​ហាង​ផ្កា​ល្បី​ឈ្មោះ​​ទាំង​វ័យ​ក្មេង

មាន​កំណើត​ក្នុង​ត្រកូល​គ្រួសារ​កសិករ​ដាំ​ផ្កា​នា​ទឹកដី​ខេត្ត​កណ្ដាល យុវតី​រូប​ស្រស់​សម្បុរ​ស្រអែម កញ្ញា ផល្លី ស្រីរ៉ុង ហាក់​ជាប់​ចិត្ត​នឹង​មុខ​របរ​ដាំ​ផ្កា​របស់​ឪពុកម្ដាយ​តាំង​ពី​ខ្លួន​នៅ​វ័យក្មេង ដោយ​ក្ដី​ស្រលាញ់​បូករួម​ជា​មួយ​នឹង​ទេពកោសល្យ​ផង យុវតី​រូប​នេះ​មាន​មហិច្ឆតា​ចង់​ចាប់​ផ្ដើម​អាជីវកម្ម​ហាង​ផ្កា​ទាំង​ដែល​ខ្លួន​មាន​ត្រឹម​ទុន​គំនិត​ប៉ុណ្ណោះ ប៉ុន្តែ​ក្ដី​ស្រមៃ​មួយ​នេះ​ត្រូវ​បាន​​ក្រុម​គ្រួសារ​របស់​នាង​ជំទាស់។

នៅ​ក្នុង​កិច្ច​សម្ភាសន៍​ជា​មួយ​ Bizkhmer ស្រីរ៉ុង ប្រាប់​ថា ដោយ​ក្ដី​ស្រលាញ់​ខ្លាំង​ ជា​មួយ​នឹង​ជំនឿ​មុតមាំ​ចំពោះ​កា​របង្កើត​អាជីវកម្ម​ហាង​ផ្កា នាង​បាន​ប្រឆាំង​និង​ការ​ជំទាស់​របស់​គ្រួសារ​ហើយ​នៅ​តែ​បន្ត​សន្សំ​ចិត្ត​ចង់​ធ្វើ​ឲ្យ​អាជីវកម្ម​មួយ​នេះ​ដំណើរ​ការ។ ដោយ​មាន​គំនិត​អាជីវកម្ម​ស្រាប់ នាង​បាន​ឈ្មុសឈ្មុល​សិក្សា​និង​ស្វែង​រក​បទពិសោធន៍​ជា​ហូរហែ​ រហូត​មាន​ពេល​មួយ​នាង​បាន​ស្គាល់​និង​ចូល​រួម​កម្មវិធី​របស់​ក្លាហាន​៩ ជា​ពេល​មួយ​ដែល​បាន​ផ្ដល់​ឲ្យ​នាង​នូវ​ទន់​គំនិត និង​ជំនាញ​សម្រាប់​អាជីវកម្ម ហើយ​បន្ថែម​ពី​នោះ​នាង​ក៏​បាន​ទទួល​ការ​គាំទ្រ​ផ្នែក​ដើម​ទុន​ពី​ម្ដាយ​មីង​ផង​ដែរ។

អាជីវកម្ម​បាន​ចាប់​ផ្ដើម​លេច​ជា​រូបរាង​ឡើង​នា​ដើម​ខែ​កុម្ភៈ ឆ្នាំ​២០១៧ ក្រោម​យីហោរ ភូមិ​ផ្កា (Phum Pka) ប៉ុន្តែ​ភាព​ជោគជ័យ​នៅ​មិន​ទាន់​អាច​ហៅ​បាន​នោះ​ទេ​សម្រាប់​អាជីវកម្ម​ក្មេង​ខ្ចី​មួយ​នេះ។ ឆ្លើយ​តប​ដោយ​សម្ដី​រួសរាយ​រាក់​ទាក់​ម្ចាស់​ហាង​វ័យ​ក្មេង​បង្ហើប​ថា នាង​អាច​ធ្វើ​ឲ្យ​អាជីវកម្ម​ដែល​មាន​ត្រឹម​គំនិត​បាន​លេច​ជា​រូបរាង​ឡើង ក៏​ព្រោះ​តែ​នាង​មើល​ឃើញ​ភាព​លំបាក​របស់​ឪពុកម្ដាយ ហើយ​ចង់​ឲ្យ​ពួកគាត់​ឆាប់​បាន​រស់​នៅ​ស្រណុក​សុខ​ស្រួល។ ប៉ុន្តែ​មហិច្ឆតា​មួយ​នេះ​មិន​បាន​បន្ត​ផ្ដល់​ភាព​ជោគជ័យ​ឲ្យ​នាង​រហូត​នោះ​ទេ ទី​បំផុត​បញ្ហា​ជា​ច្រើន​បាន​កើត​ឡើង​ម្ដង​ទៀត​ចំពោះ​អាជីវកម្ម​នេះ។

សារ​ជា​ថ្មី​ក្រុម​គ្រួសារ​របស់​នាង​បាន​ជំទាស់​ម្ដង​ទៀត​នៅ​ពេល​អាជីវកម្ម​ជួប​បញ្ហា។ ស្រីរ៉ុង​និយាយ​ថា «មក​ដល់​ចំណុច​នេះ​ប្រសិន​បើ​យើង​មិន​រួចរាល់​សម្រាប់​ខ្លួនឯង​ទេ នៅ​ពេល​ដែល​យើង​ដើរ​ដល់​ចំណុច​គាំង​មួយ​យើង​នឹង​បាត់បង់​ខ្លួន​ឯង​នៅ​ចំណុច​នោះ ខ្ញុំ​បាន​ដាក់​គោលដៅ​ចំពោះ​ខ្លួន​ឯង​ថា ខ្ញុំ​នឹង​ក្លាយ​ទៅ​ជា​មនុស្ស​ម្នាក់​ដែល​មាន​ឥទ្ធិពល​ចំពោះ​នារីៗ​ដទៃ​ទៀត ក្នុង​នាម​នារី​ម្នាក់​ដែល​មក​ពី​ខេត្ត​នឹង​មាន​គ្រួសារ​ដែល​មិន​អាច​ផ្គត់ផ្គង់​ឲ្យ​យើង​បើក​អាជីវកម្ម​បាន ដូច្នេះ​យើង​ត្រូវ​ដក​ពិសោធន៍​ខ្លួនឯង​ និង​បន្ត​ខិតខំ​ព្យាយាម​រហូត​អាច​ត្បុល​ទៅ​ដល់​គោលដៅ​មួយ​ដែល​យើង​ចង់​ទៅ​ដល់»។

អាជីវកម្ម​បាន​ចាប់​ផ្ដើម​ដំណើរ​ការ​រលូន​ឡើង​វិញ ដោយ​យុវតី​ឆ្នើម​រូប​នេះ​ប្រើ​រយៈពេល​ត្រឹម​២​ខែ​ប៉ុណ្ណោះ ក៏​ចាប់​ផ្ដើម​មាន​ការ​គាំទ្រ​ពី​អតិថិជន​ជា​ហូរហែ។ នាង​ប្រាប់​ថា ទំនាក់​ទំនង​ក្នុង​សង្គម​ស្គាល់​គេ​ស្គាល់​ឯង​ជា​ផ្នែក​មួយ​ដែល​ធ្វើ​ឲ្យ​អាជីវកម្ម​របស់​នាង​ដំណើរ​ការ​រលូន។ 

បច្ចុប្បន្ន​ហាង​ផ្កា​របស់​នាង​មាន​លក់​ផ្កា ទាំង​ក្នុង​ស្រុក​និងនាំ​មក​​ពីក្រៅ​ប្រទេស ប៉ុន្តែ​ភាគ​ច្រើន​នាង​សង្កេត​ឃើញ​ថា​ប្រជាជន​ខ្មែរ​ហាក់​គាំទ្រ​តែ​ផ្កា​ដែល​នាំ​ចូល​ពី​ប្រទេស​ជិត​ខាងជាង ជា​ហេតុ​​នាំ​ឲ្យ​បាត់បង់​ទីផ្សារ​ខ្លះ​ចំពោះ​ប្រជាកសិករ​ក្នុង​ស្រុក។ នា​ថ្ងៃ​អនាគត​ស្រីរ៉ុង​ប្រាប់​ថា នាង​នឹង​ព្យាយាម​សិក្សា​ពី​ប្រភេទ​ផ្កា​នានា ហើយ​នឹង​នាំ​យក​ពូជ​ផ្កា​ទាំង​នោះ​មក​ដាំ​នៅ​កម្ពុជា​ ដើម្បី​ចូលរួម​បង្កើត​ឱកាស​ការងារ​​បន្ថែម​ទៀត​សម្រាប់​ប្រជា​កសិករ​ខ្មែរ​យើង៕

ដោយ៖ ជួប ស្រីរ័ត្ន

 

X
5s