“បណ្តុះបណ្តាលអ្នកដឹកនាំសម្រាប់ថ្ងៃស្អែក”ជាអ្វីដែលបុគ្គលិក VR Event Planner ទទួលបានលើសពីបៀរវត្ស​



ដំណើរការអាជីវកម្មមួយមិនអាចសម្រេចបានជោគជ័យទេ ដរាបណាអ្នកមិនមានធនធានមនុស្សដែលពោរពេញទៅដោយសមត្ថភាព និងទេពកោសល្យធ្វើការងាររួមគ្នា។ បើក្នុងអាជីវកម្មមួយមានតែម្ចាស់ដែលមានចំណេះដឹង និងសមត្ថភាព ដោយឡែក សមត្ថភាពបុគ្គលិកនៅមានកម្រិត វាមិនត្រឹមតែធ្វើឲ្យអាជីវកម្មនោះដំណើរការយឺតទេ តែវានឹងធ្វើឲ្យអាជីវកម្មនោះដើរថយក្រោយរហូតបិទទា្វរក៏ថាបាន។ 

ក្នុងកិច្ចសម្ភាសន៍ផ្តាច់មុខមួយជាមួយក្រុមការងារ BizKhmer អ្នកស្រី តាក់ ពិសិដ្ឋរដ្ឋលីដា សហស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាលប្រតិបត្តិក្រុមហ៊ុន VR Event Planner បានមានប្រសាសន៍ថា ក្រុមហ៊ុនរបស់ អ្នកស្រីទទួលបានភាពជោគជ័យនៅថ្ងៃនេះ ក៏ព្រោះតែផ្តោតលើការបណ្ដុះបណ្ដាលសមត្ថភាពបុគ្គលិកជាប្រចាំ។ 

ប្រាក់បៀរវត្សជាអ្វីដែលបុគ្គលិកគ្រប់រូបត្រូវការជាចាំបាច់ មិនថាបុគ្គលិកបម្រើការក្នុងមុខតំណែងណា ឬស្ថាប័នណាទេ។ តែជាក់ស្ដែងអ្វីដែលបុគ្គលិកចាំបាច់ត្រូវទទួលបានលើសពីនេះគឺចំណេះដឹង មិនថាចំណេះដឹងពាក់ព័ន្ធនឹងការងាររបស់ខ្លួនផ្ទាល់ ឬចំណេះដឹងអ្វីផ្សេងទៀតដែលស្ថាប័នអាចផ្តល់ជូនទាំងផ្ទាល់ និងប្រយោល។  

អ្នកស្រី រដ្ឋលីដា បានមានប្រសាសន៍បន្តទៀតថា នៅពេលសម្ភាសន៍ការងារ បុគ្គលិកដែលត្រូវបម្រើការងារអោយក្រុមហ៊ុន VR Event Planner នឹងត្រូវឆ្លើយសំណួរថា “តើអ្នករំពឹងចង់បានអ្វីពីក្រុមហ៊ុនក្នុងរយៈពេល១ឆ្នាំ ឬ ៣ឆ្នាំ ឬ ៥ឆ្នាំ? តើអ្នកចង់ឃើញខ្លួនឯងក្នុងតំណែង ឬមុខនាទីជាអ្វី ហើយដាក់ផែនការប៉ុន្មានឆ្នាំ ដើម្បីអាចយកតំណែងនោះបាន?”។ នៅពេលដែលគាត់មានទស្សនៈវិស័យច្បាស់លាស់មួយសម្រាប់ខ្លួនឯង និងដឹងច្បាស់ពីទស្សនៈវិស័យរបស់ក្រុមហ៊ុន ក្រុមហ៊ុននឹងជម្រុញបន្ថែមតាមរយៈការកំណត់សូចនាករការអនុវត្តសំខាន់ (KPI) ថាក្នុងឆ្នាំនេះ គាត់ត្រូវបំពេញការងារអោយកម្រិតណា។ ហើយនៅពេលដែលគាត់អាចបំពេញបានតាមអ្វីដែលដាក់ចេញ គាត់នឹងទទួលបានអ្វីត្រលប់មកវិញ។  

“VR Event Planner មិនខ្ជិលក្នុងការបង្ហាត់បង្រៀន ឬបណ្ដុះបណ្ដាលបុគ្គលិកឡើយ ហើយគ្រប់គ្នានៅទីនេះក៏មិនខ្ជិល ឬកំណាញ់ក្នុងការចែករំលែកចំណេះដឹងដល់គ្នាទៅវិញទៅមកដែរ។ អ្វីដែលពួកយើងធ្វើគឺការបន្តបណ្ដុះបណ្ដាល និងបំផុសគំនិតដល់បុគ្គលិកឲ្យពួកគាត់បានដឹងថាក្រៅពីប្រាក់ខែ គាត់នឹងទទួលបានចំណេះដឹង ចំណេះធ្វើ បន្ថែមដែលជាដើមទុនធំបំផុតសម្រាប់គាត់។ ត្រលប់មកវិញអ្វីដែល VR Event Planner ខ្លាចបំផុត គឺបុគ្គលិកដែលធ្វើការរយៈពេល ៣ឆ្នាំ ឬ៥ឆ្នាំ ហើយនៅតែបន្តធ្វើការក្នុងតួនាទីដដែលគ្មានការអភិវឌ្ឍ គ្មានការរីកចម្រើន។" នេះជាការលើកឡើងរបស់ អ្នកស្រី រដ្ឋលីដា។ 

 

មកទល់ពេលនេះ VR Event Planner មានបុគ្គលិកចូលជាបន្តបន្ទាប់ជិត ៨០ នាក់ហើយ ដែលជារៀងរាល់ឆ្នាំ ក៏មានបុគ្គលិកដែលបានឡើងទៅកាន់តំណែងធំជាងមុន និងបុគ្គលិកមួយចំនួនទៀតបានផ្លាស់ទៅធ្វើការក្នុងក្រុមហ៊ុនថ្មីដែលជាបុត្រសម្ព័ន្ធរបស់ VR Event Planner។ ច្បាប់ទម្លាប់នៃការបណ្ដុះបណ្ដាលនេះនៅតែបន្តធ្វើសម្រាប់បុគ្គលិកថ្មីក្រោយៗទៀត។  

គួររំឮកផងដែរថា ក្រុមការងាររបស់ VR Event Planner មានទាំងជនជាតិខ្មែរ និងបរទេសហើយមួយចំនួនធំជាយុវជន។ ជាមួយគ្នានេះផងដែរ ការធ្វើការជាមួយយុវវ័យវាពិតជាជួយហុចផលវិជ្ជមានជាច្រើន ហើយផលនេះបានទាំងក្រុមហ៊ុន និងបុគ្គលិកខ្លួនឯងផ្ទាល់។ ការដែលក្រុមហ៊ុន VR Event Planner មានបុគ្គលិកទាំងជនជាតិខ្មែរ និងបរទេសបែបនេះជាឱកាសធំបំផុតក្នុងការពង្រីកខ្លួន ព្រោះពួកគេបានច្របល់ចូលនូវគំនិតច្នៃប្រឌិតទាំងក្នុងស្រុកនិងក្រៅស្រុក បង្កើតបានជាស្នាដៃច្នៃប្រឌិតថ្មី សម្រាប់ជូនអតិថិជន៕

 

ដោយ៖ យ៉ាយ៉ា

 

 

 

 

 

 

 

X
5s