ស្ថាបនិក RL Supply៖ ការងារហាត់ការមិនបានប្រាក់ច្រើនទេ តែអ្នកនឹងបានបទពិសោធន៍ដ៏មានតម្លៃ​



ធ្លាប់ជាអតីតនិស្សិតមួយរូបដែលសិក្សាជំនាញព័ត៌មានវិទ្យា នៅសកលវិទ្យាល័យភូមិន្ទភ្នំពេញ ពេលនេះលោក ឡឹប រីយ៉ា បានវិវត្តន៍ខ្លួនម្ដងមួយជំហានៗ រហូតក្លាយជាសហគ្រិនវ័យក្មេងមួយរូបយ៉ាងជោគជ័យ។ ប៉ុន្តែមុននឹងលោកអាចឈានមកដល់ត្រង់ចំណុចនេះគឺមិនមែនជារឿងដែលងាយស្រួលនោះទេ សហគ្រិនរូបសង្ហារូបនេះ ធ្លាប់បានប្រឡូកក្នុងវិស័យការងារផ្សេងៗមិនតិចជាង ៧ ឆ្នាំនោះទេ។

លោកបាននិយាយថា ការងារដំបូងរបស់លោកគឺត្រឹមតែជា Clerk នៅនាយកដ្ឋានទីផ្សារ និងការលក់នៅក្រុមហ៊ុនឯកជនមួយ ហើយវាក៏ជាពេលដំបូងដែលលោកចាប់ផ្តើមឈានជើងចូលជីវិតជានិស្សិតនៅសកលវិទ្យាល័យដូចគ្នា។ នៅពេលនោះលោកត្រូវទទួលបន្ទុកលើ ការសិក្សាផង បន្ទុកការងារផង វាមិនមែនជារឿងងាយស្រួលឡើយ។ តួនាទីត្រឹមតែជា Clerk ដែលអាចចាត់ទុកថាជាបុគ្គលិកហាត់ការគឺត្រូវធ្វើការងារស្ទើរគ្រប់មុខ។ ដោយសារតែភាពនឿយហត់នឹងការងារពេក ពេលខ្លះធ្វើឲ្យលោកមានអារម្មណ៍ថាអន់ចិត្តនឹងខ្លួនឯងម្តងម្កាលផងដែរ។

ពេលខ្លះក៏មានអារម្មណ៍ខឹងអ្នកដែលដាក់ការងារឲ្យធ្វើច្រើនៗផង ពេលខ្លះអន់ចិត្តនឹងខ្លួនឯងផង មិនគួរណារស់នៅស្រណុកសុខស្រួលសុខៗ ចូលមកធ្វើការងារឱ្យគេធ្វើឱ្យជីវិតខ្លួន​ឯង​ពិបាកយ៉ាងនេះសោះ។ លោកបានបន្តថា៖ “ពេលនោះខ្ញុំមានតួនាទីត្រឹមតែជាបុគ្គលិកហាត់ការ ប៉ុន្តែត្រូវធ្វើការងារច្រើនមុខមែនទែនដែលមានទាំង ការលក់ផង រៀបចំឯកសារផង ចុះ​ប្រមូលទិន្នន័យផង ប្រមូលយុទ្ធសាស្រ្តពីគេ និងការងារជាច្រើនទៀតត្រូវធ្វើទាំងអស់ ចំណែកឯប្រាក់ខែវិញក៏តិចតួចចាយមិនគ្រប់កន្លះខែផង។ នៅពេលនោះខ្ញុំមិនសូវគិតដល់អត្ថប្រយោជន៍ដែលទទួលបានពីការងារហាត់ការដ៏លំបាកទាំងអស់នោះទេ”។ 

ប៉ុន្តែក្រោយមក បន្ទាប់ពីលោកបានដាក់ពាក្យឈប់ពីការងារមួយនេះ ដើម្បីទៅកាន់ការងារថ្មី វាបានធ្វើឲ្យលោកដឹងថាធ្វើការងារជាអ្នកហាត់ការនេះ ត្រូវទទួលរ៉ាប់រងការងារច្រើនមុខក៏ពិត​មែន ប៉ុន្តែជាក់ស្ដែងលោកផ្ទាល់បានទទួលនូវបទពិសោធន៍ ចំណេះដឹង និងជំនាញល្អៗជាច្រើនពីការងារហាត់ការនោះ។  បទពិសោធន៍ល្អបំផុតដែលលោកទទួលបានគឺដឹងច្បាស់ពី​របៀបទំនាក់ទំនងដែលមានប្រសិទ្ធភាព របៀបនិយាយចរចាជាមួយអតិថិជន ដឹងថាតើត្រូវធ្វើយ៉ាងដូចម្តេចទើបអាចលក់ផលិតផលឬសេវាកម្មមួយបាន និងដឹងថាត្រូវធ្វើយ៉ាង​ណា​ដើម្បីឲ្យការងារមួយនេះអាចសម្រេចទៅមុខបានដោយរលូន។ នៅមានចំណុចល្អៗជាច្រើនទៀត ដែលលោកទទួលបានពីការងារហាត់ការនេះដូចជា ទទួលខុសត្រូវលើការងារ ការ​ទំនាក់ទំនងការងាររវាងមិត្តរួមការងារ និងមានបទពិសោធន៍ល្អៗមិនអាចកាត់ថ្លៃជាច្រើនទៀតដែលលោកបានរៀនសូត្រពីការងារហាត់ការដំបូងរបស់លោក។

បទពិសោធន៍ទទួលបានពីការងារហាត់ការដំបូងនេះនេះ បានជួយឲ្យលោកអាចចាប់យកការងារល្អៗជាបន្តបន្ទាប់ទៀតបានងាយស្រួល បន្តវិវត្តន៍ខ្លួនពីបុគ្គលិកតូចតាមធម្មតាម្នាក់ទៅ​ជា​អ្នកគ្រប់គ្រង និងផ្លាស់ប្តូរពីបុគ្គលិកគ្រប់គ្រងថ្នាក់ខ្ពស់មកជាអ្នកដឹកនាំអាជីវកម្មមួយខ្លួនឯងយ៉ាងជោគជ័យ។ 

លោកបានបន្តថា៖ “ខ្ញុំមិនទាន់ជោគជ័យអ្វីជាដុំកំភួននៅឡើយនោះទេពេលនេះ ខ្ញុំគ្រាន់តែដើរមកដល់គោលដៅមួយដែលខ្ញុំបានដៅទុក ហើយក៏បន្តធ្វើដំណើរទៅមុខទៅរក​គោល​ដៅ​នា​ពេលអនាគតដ៏វែងឆ្ងាយផ្សេងទៀតដែលខ្ញុំបានកំណត់ទុកយ៉ាងរួចរាល់”។ ខ្ញុំអាចដើរមកដល់ពេលនេះក៏ដោយសារមានថ្ងៃដំបូងនៃការចាប់ផ្តើមរបស់ខ្ញុំដែរ ហើយគ្មានបទពិសោធន៍​ពី​ការងារហាត់ការ ក៏ប្រហែលជាខ្ញុំមិនអាចដើរមកដល់ចំណុចនេះនៅថ្ងៃនេះដែរ វាប្រហែលជាត្រូវចំណាយពេលយូរជាងនេះ លោករីយ៉ាបានបញ្ជាក់បន្ថែម។

ពាក់ព័ន្ធនឹងបញ្ហាការងារនេះ លោកបញ្ជាក់ថា មិនមែនចាំបាច់ទាល់តែចូលធ្វើការងារហាត់ការទើបអាចអភិវឌ្ឍន៍ខ្លួនឲ្យរីកចម្រើនបាននោះទេ តែអ្វីដែលសំខាន់ពេលដែលអ្នកដាក់ពាក្យចូល​បម្រើការងារនៅក្នុងក្រុមហ៊ុន ឬអង្គភាពមួយ សូមកុំខ្លាចថា មេ ឬថ្នាក់លើដាក់ការងារឲ្យធ្វើច្រើន ខ្លាចហត់ តែត្រូវចាំថា ការងារទាំងអស់នេះគឺជាឱកាសដែលអ្នកអាចរៀនសូត្របាន​ច្រើនពីកន្លែងការងារមួយនេះ ដើម្បីឈានឆ្ពោះទៅរកគោលដៅពិតប្រាកដមួយរបស់អ្នកនាពេលអនាគត៕

ដោយ៖ យ៉ាយ៉ា 

 

X
5s