នាយិកាមីជាតិ៖ ការប្រើបច្ចេកទេសជប៉ុន បូកគ្រឿងផ្សំខ្មែរ បង្កើតជារសជាតិមីស្តង់ដាតម្រូវការក្នុងស្រុក​



ភ្នំពេញ៖ នាយិកាក្រុមហ៊ុន One More Manufacturing Co. Ltd ដែលបានវិនិយោគបង្កើតរោងចក្រផលិតមី យីហោ «មីជាតិ» ថា យើងប្រើបច្ចេកទេសជប៉ុន បូកគ្រឿងផ្សំខ្មែរ បង្កើតជារស់ជាតិមីស្តង់ដាសម្រាប់បំរើតម្រូវការក្នុងស្រុក ដើម្បីលើកស្ទួយវិស័យសហគ្រាសធុនតូចនឹងមធ្យម។

លោកជំទាវនាយិកា ជឹង សុគន្ធាវី នាយិកាក្រុមហ៊ុន One More Manufacturing Co. Ltd បានបន្ថែមថា៖ «ការបង្កើតរោងចក្រ ផលិតមីនេះឡើង បានភ្ជាប់នូវគោលបំណងចម្បង៣ គឺទី១ ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍វិស័យផលិតចំណីអាហារក្នុងស្រុកអោយមានភាពជឿនលឿន មិនចាញ់ប្រទេសជិតខាង។  ពោលគឺ សំដៅកាត់បន្ថយការពឹងផ្អែកទៅលើការនាំចូលផលិតផលពីបរទេស។ ទី២ គឺដើម្បីផ្គត់ផ្គង់បំពេញតម្រូវការប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ តាមរយៈការផលិតចំណីអាហារនៅក្នុងស្រុក  ដែលប្រកបដោយអនាម័យ សុវត្ថិភាព និងស្តង់ដារសមស្រប។ និងទី៣ គឺ ដើម្បីចូលរួមបង្កើតឱកាសការងារថ្មីៗបន្ថែមទៀត ជូនដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានស្របតាមគោលការណ៍អភិវឌ្ឍន៍វិស័យឧស្សាហកម្មរបស់រាជរដ្ឋាភិបាលកម្ពុជា។»

លោកជំទាវបញ្ជាក់ថា ការរួមផ្សំជាមួយម៉ាស៊ីនជប៉ុន បច្ចេកវិទ្យាជប៉ុន ម្សៅពីបរទេស និងគ្រឿងផ្សំបែបផែនខ្មែរ គឺជាគុណតម្លៃ ដែលក្រុមហ៊ុនផលិតមីជាតិ បានប្តេជ្ញាចិត្តយ៉ាងហ្មត់ចត់ដើម្បីធានានូវគុណភាព អត្ថប្រយោជន៍ និងរសជាតិដើម្បីខ្មែរ។

ក្រោមពាក្យស្លោកថា «មីជាតិ ស្នាដៃខ្មែរ រសជាតិខ្មែរ» «មីជាតិ» ត្រូវបានផលិតដោយមានរសជាតិបីជម្រើស គឺរសជាតិខគោ រសជាតិសាច់ជ្រូកចិញ្រ្ចាំ និងរសជាតិស៊ុបមាន់ ដែលរសជាតិទាំងបីនេះ ត្រូវបានឆ្លងកាត់ការពិសោធន៍ស្រាវជ្រាវយ៉ាងហ្មត់ចត់បំផុត ដើម្បីឲ្យសមស្របទៅតាមបែបបទរសជាតិខ្មែរ និងការពេញនិយមរបស់ប្រជាជនខ្មែរ។

លោកជំទាវលើកឡើងថា ចំពោះផលិតផលមី គេអាចនិយាយថា ជាអាហារប្រចាំថ្ងៃមានប្រជាប្រិយបន្ទាប់ពីការ បរិភោគបាយនិងចំណាយវេលាតិចក្នុងការចំអិន ដែលសមស្របចំពោះអ្នកដែលមានពេលវេលាតិច និងមិនមានពេលគ្រប់គ្រាន់ក្នុងការចំអិន។ ផលិតផលមួយនេះ ពិតជាសមស្របចំពោះប្រជាជនទូទៅគ្រប់កម្រិត ទាំងជីវភាពទាប មធ្យម និងខ្ពស់ ដែលអាចបរិភោគសឹងគ្រប់ពេលវេលា មិនថាព្រឹក ថ្ងៃ ល្ងាច ឬយប់។

ឆ្លៀតក្នុងឱកាសនេះ លោកជំទាវ ជឹង សុគន្ធាវី បានអំពាវនាវដល់ប្រជាពលរដ្ឋ ខ្មែរគ្រប់ស្រទាប់ទាំងអស់ ចូលរួមគាំទ្រផលិតផលស្នាដៃខ្មែរ ដើម្បីចូលរួមចំណែកលើក កម្ពស់ និងអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ ក៏ដូចជាគាំទ្រផលិតផលក្នុងស្រុក។ លោកជំទាវនាយិកាបានផ្តាំផ្ញើថា គ្មានអ្នកណា គាំទ្រផលិតផលខ្មែរក្រៅពីខ្មែរនោះទេ។ ដូច្នេះ ដើម្បីការរីកចម្រើនរបស់ខ្មែរ ដើម្បីកូនចៅជំនាន់ក្រោយរបស់ខ្មែរ និងដើម្បីមោទនភាពកិត្តិយសរបស់ខ្មែរ យើងជាកូនខ្មែរត្រូវគាំទ្រនិងរួមគ្នាជួយលើកកម្ពស់ផលិតផលខ្មែរនៅលើទីផ្សារ។  យើងរួមគ្នាដើម្បីវឌ្ឍនភាពរបស់កម្ពុជា៕

ដោយ៖ ស្រីពេជ្រ

X
5s