គោលការណ៍ ៧ ចំណុចការពារអ្នកពីការបំផ្លាញភាពជោគជ័យរបស់ខ្លួន​



ការបំផ្លាញខ្លួនឯងកើតមានឡើងនៅពេលដែលសភាវគតិអាក្រក់របស់អ្នក ប្រឆាំងនឹងសភាវគតិល្អដូចជាការចំណាយឥតប្រយោជន៍ ទទួលទានអាហារមិនល្អ ដើរលេងមើលរំលងការសិក្សា និងធ្វើការងារជាដើម។ បន្ទាប់មកនឹងកើតមានជាការប្រឆាំងនឹងខ្លួនឯង ដែលវាធ្វើឲ្យចិត្តនិងខួរក្បាលអ្នកហាក់ស្ថិតក្នុងភាពប្រទាញប្រទុងគ្នា បើអ្នកជ្រើសយកសភាវ គតិល្អអ្នកនឹងមិនបានសប្បាយ តែបើអ្នកជ្រើសយកសភាវគតិមិនល្អអ្នកនឹងជួបក្តីវិនាស។

ខាងក្រោមនេះនឹងធ្វើការបង្ហាញគោលការណ៍ទាំង ៧ ចំណុចដើម្បីការពារខ្លួនពីការបំផ្លាញខ្លួនឯង៖
១) ត្រូវដឹងពីការបំផ្លាញខ្លួនឯងថាវាផ្តល់ផលអាក្រក់អ្វីខ្លះ
ស្ទើរគ្រប់គ្នាដែលបានដឹងថាអ្វីដែលយើងកំពុងធ្វើវាអាចនឹងផ្តល់ផលអ្វីខ្លះត្រលប់មកខ្លួនឯងវិញ យើងសុទ្ធតែដឹងថាការសិក្សាសំខាន់ តែនៅតែជំនះទៅដើរលេងគេចសាលាទាំងដែលដឹងថាវានឹងនាំឲ្យចូចអនាគតខ្លួនឯងបើបន្តបែបនេះជាញឹកញយទៀត។ ប្តូរការគិតរបស់អ្នកផ្តោតសំខាន់ប្រឆាំងនឹងសភាវគតិមិនល្អខ្លះ កុំយកការសប្បាយរយៈពេលខ្លីធ្វើជារនាំងរារាំងភាពជោគជ័យរបស់អ្នក។

២) ទទួលស្គាល់ថាអ្វីជាទម្លាប់នៃការបំផ្លាញខ្លួនឯងរបស់អ្នក
ទម្លាប់ជាអ្វីៗទាំងអស់របស់អ្នក ជោគជ័យឬបរាជ័យវាអាស្រ័យលើការបង្កើតទម្លាប់របស់អ្នក។ ជំហានដំបូងដើម្បីកំចាត់ការបំផ្លាញខ្លួនឯង អ្នកត្រូវកំចាត់ទម្លាប់អាក្រក់ដែលនាំឲ្យអ្នកឈានដល់ការបំផ្លាញខ្លួនឯង បង្អាក់អ្នកមិនឲ្យដើរទៅរកភាពជោគជ័យ។ បើអ្នកមិនដឹងថាអ្វីដែលអ្នកកំពុងធ្វើបច្ចុប្បន្នវាបំផ្លាញខ្លួនឯងឬយ៉ាងណា អ្នកត្រូវចាប់ផ្តើមធ្វើការសង្កេតឡើងវិញថាទង្វើរាល់ថ្ងៃផ្តល់ផលវិជ្ជមានដល់ខ្លួនប៉ុន្មានភាគរយហើយ អ្នកអាចទទួលបានលទ្ធផលល្អអ្វីខ្លះហើយដើម្បីអភិវឌ្ឍខ្លួន។ ឬទង្វើដែលអ្នកកំពុងធ្វើបានហុចផលអាក្រក់ដល់ខ្លួន និងអនាគតវិញ។

៣) កំណត់ដើមហេតុ
ក្នុងករណីដែលអ្នករកឃើញថាអ្នកកំពុងមានទម្លាប់មិនល្អ ហើយវាកំពុងបំផ្លាញខ្លួនឯងអ្នកត្រូវរកច្រកមួយដើម្បីគេចខ្លួនចេញ។ ជាដំបូងអ្នកត្រូវកំណត់ថាអ្វីជាដើមហេតុនាំឲ្យអ្នកដើរក្នុងផ្លូវមួយនេះ តែជារឿយៗទម្លាប់បំផ្លាញខ្លួនឯងត្រូវបានចាក់ឫសយ៉ាងជ្រៅនៅក្នុងអារម្មណ៍មួយនៃការមិនឲ្យតម្លៃខ្លួនឯង វាធ្វើឲ្យអ្នកមានអារម្មណ៍ថា អ្នកមិនសមនឹងទទួលបានជោគជ័យទេ។ ហើយយើងទទួលស្គាល់ថា នេះជាដើមហេតុចម្បងមួយនិងធំធេងបំផុត ហើយវាក៏ពិបាកកែប្រែបានដែរ ដរាបណាអ្នកមិនព្រមបង្កើតស្នាដៃមួយដើម្បីជាការលើកទឹកចិត្តខ្លួនឯង។

៤) យកពេលឆ្លុះបញ្ចាំងខ្លួនឯង
ការឆ្លុះបញ្ចាំងខ្លួនឯងជារឿងល្អ តែអ្នកកុំច្រឡំរវាងការឆ្លុះបញ្ចាំង និងការប្រៀបធៀបខ្លួនឯងជាមួយអ្នកដទៃ។ មនុស្សជោគជ័យបំផុតគឺជាអ្នកដែលចំណាយពេលគិតតាមរយៈជម្រើសការសម្រេចចិត្តនិងសកម្មភាព ជាមនុស្សដែលយកភាពបរាជ័យមកបំលែងជាភាពជោគជ័យ។ 

៥) ស្វែងរកសម្លេងវិជ្ជមានពីខាងក្នុងខ្លួនរបស់អ្នក
ភាពភ័យខ្លាចជាឬសគល់ និងជាកត្តាជំរុញមួយដែលនាំឲ្យអ្នកងាកក្រោយត្រលប់មកវិញ ព្រោះអ្នកចាប់ផ្តើមបារម្ភពីអនាគត និងសុភមង្គល ប្រើសភាវគតិល្អអូសទាញចិត្តឲ្យងាកមកធ្វើអ្វីដែលនឹងផ្តល់ប្រយោជន៍ដល់អនាគត។

៦) បង្កើតអ្វីមួយតូច តែមានន័យអាចផ្លាស់ប្តូររឿងធំៗបាន
បើអ្នកដឹងថាខ្លួនកំពុងត្រូវសភាវគតិមិនល្អគ្រប់គ្រង កំពុងធ្វើអ្វីបំផ្លាញខ្លួនឯង ហើយចង់ធ្វើការផ្លាស់ប្តូរអ្នកក៏ព្យាយាមផ្លាស់វាចេញទាំងស្រុងពេក ត្រូវផ្លាស់ប្តូរវាបន្តិចម្តងៗ ឬបង្កើតទម្លាប់ថ្មីមួយដោយចាប់ផ្តើមពីតូចហើយប្រាកដថាវានឹងជះឥទ្ធិពលអាចផ្លាស់អ្វីផ្សេងបានយ៉ាងច្រើន។

៧) កំណត់គោលដៅ និងបង្កើតផែនការ
ការរស់នៅក្នុងជីវិតមួយដែលគ្មានគោលដៅច្បាស់លាស់ ច្បាស់ណាស់ថាអ្នកមិនអាចរកភាពជោគជ័យក្នុងជីវិតបានឡើយ។ ការកំណត់គោលដៅជាវិធីសាស្រ្តសាមញ្ញមួយការពារកុំឲ្យអ្នកដើរក្នុងផ្លូវមួយបំផ្លាញខ្លួនឯង ហើយការរៀបចំផែនការនានាដើម្បីឲ្យដំណើអ្នកបានទៅដល់គោលដៅជារឿងចាំបាច់ ព្រោះបើអ្នកមានតែគោលដៅតែគ្មានផែនការក្នុងការចាប់យកគោលដៅ អ្នកក៏គ្មានថ្ងៃអាចសម្រេចវាបានដែរ៕

ដោយ៖ យ៉ាយ៉ា

 

 

X
5s