សហស្ថាបនិក VR Event Planner ប្រាប់ពីគន្លឹះមួយដល់ម្ចាស់អាជីវកម្មក្នុងការចងចិត្តអតិថិជន​



"អ្វីជាចំនុចស្នូលដើម្បីអោយអាជីវកម្មដើរទៅមុខ?"

នៅពេលដែលអាជីវកម្មមួយចាប់ផ្តើមដំណើរការ ម្ចាស់អាជីវកម្មជាច្រើនផ្តោតទៅលើការរក និងចងចិត្តអតិថិជនជាចំបង។ តើមានអ្វីផ្សេងទៀតដែលម្ចាស់អាជីវកម្មជាច្រើនមើលរំលង?

តោះ អានប្រសាសន៍របស់សហស្ថាបនិក VR Event Planner ជាមួយ BizKhmer ទាំងអស់គ្នា!

VR Event Planner ជាក្រុមហ៊ុនក្នុងស្រុកមួយដែលមានជំនាញឯកទេសឈានមុខគេនាពេលបច្ចុប្បន្ន   ក្នុងការផ្តល់សេវាកម្ម៣៦០ដឺក្រេ ទាក់ទងទៅនឹង ការរៀបចំព្រឹត្តិការណ៍ (Event Managment) ការរៀបចំផែនការយុទ្ធសាស្រ្ត (Branding Strategy) Digital Marketing និងវីដេអូផ្សាយពាណិជ្ជកម្ម ជាដើម។ រយៈពេលជិតមួយឆ្នាំ នៃការបើកដំណើរការអាជីវកម្ម ក្រុមហ៊ុន VR Event Planner ទទួលបានអតិថិជនជិត ៨០ក្រុមហ៊ុន មានទាំងក្រុមហ៊ុនក្នុងស្រុក និងក្រុមហ៊ុនអន្តរជាតិ។ ក្នុងនោះដែរ អតិថិជន VR Event Planner មានទាំងអតិថិជនកុងត្រា និងអតិថិជនជាគម្រោង ដែលយើងហៅថា Project Based (អតិថិជនដែលត្រូវការសេវាកម្មពេលមានកម្មវិធីម្តងៗ)។

អ្នកស្រី តាក់ ពិសិដ្ឋរដ្ឋលីដា ដែលជាសហស្ថាបនិក និង ជាប្រធានក្រុមប្រឹក្សាភិបាលប្រតិបត្តិក្រុមហ៊ុន VR Event Planner បានមានប្រសាសន៍ថា៖ "ដើម្បីអោយក្រុមហ៊ុនអាចឈរជើង និង រីកចម្រើនដល់សព្វថ្ងៃ ខ្ញុំក៏ដូចជាគណៈគ្រប់គ្រងរបស់ក្រុមហ៊ុន បាននិងកំពុងបន្តផ្តោតទៅលើចំនុចសំខាន់ធំៗ ពីរ។ នាងខ្ញុំសូមរៀបរាប់ពីលេខពីរ មកមុន។

ចំនុចទីពីរ៖ អតិថិជន

ជាការពិតណាស់ បើគ្មានការគាំទ្រពីអតិថិជន អាជីវកម្មរបស់យើងនឹងមិនអាចទទួលបានជោគជ័យទេ។" 

អ្នកស្រី បានរៀបរាប់ថា "ដើម្បីអាចបំពេញចិត្តអតិថិជនបាន លុះត្រាយើងជាអ្នកផ្គត់ផ្គង់សេវាកម្ម ដឹងច្បាស់ថាអតិថិជនដែលមករកយើង ថាតើក្រុមហ៊ុនគាត់លក់ផលិតផល ឬផ្តល់សេកម្មអ្វី។ បន្ទាប់មកយើងសិក្សាថា តើគាត់ត្រូវការអោយយើងធ្វើអ្វីសម្រាប់គាត់ ហើយក្នុងទំហំទឹកប្រាក់ប៉ុន្មាន។ នៅពេលយើងបានព៌តមានទាំងអស់នោះមក យើងត្រូវគិត រៀបផែនការ ផ្តល់ការប្រឹក្សាយោបល់ដល់អតិថិជនឲ្យបានច្បាស់ថាគម្រោងរបស់គាត់ប៉ុណ្ណេះ គួរជ្រើសសេវាកម្មនេះទើបសក្តិសម ឬយកសេវាកម្មមួយនេះវិញទើបអាចសន្សំការចំណាយបានខ្លះ។" 

អ្នកស្រី រដ្ឋលីដា បានបញ្ជាក់ទៀតថា៖ “អ្វីដែលក្រុមហ៊ុនយើងបានធ្វើ និងតែងតែធ្វើជានិច្ចគឺការរក្សាពាក្យសន្យាជាមួយអតិថិជន ផ្តល់ជូននូវអ្វីដែលបានព្រមព្រៀងគ្នា ផ្តល់ជូនសេវាកម្មសមនឹងតម្លៃដែលអតិថិជនបានចំណាយ និងលើសពីការរំពឹងទុករបស់អតិថិជន។"

អ្នកស្រីបន្តថា៖ "ចំនុចទីមួយដែលសំខាន់ជាងគេ គឺផែនការច្បាស់លាស់សម្រាប់ក្រុមការងារ។ ជាការពិតណាស់ ជារឿយៗយើងតែងតែឮថា បើគ្មានអតិថិជន អាជីវកម្មមួយមិនអាចដំណើរការទៅមុខបានទេ។ ក៏ប៉ុន្តែ រឿងមួយដែលយើងមិនគួរមើលស្រាលគឺចំនុចថា៖ បើគ្មានក្រុមការងារ តើបានអ្នកណាផ្តល់សេវាកម្មដល់អតិថិជនរបស់យើង?

នាងខ្ញុំហៅក្រុមការងារនេះថា "គ្រួសារ វីអារ (VR)"។ យើងដែលជាគណៈគ្រប់គ្រង គឺដូចជាអាណាព្យាបាល យើងត្រូវរៀបចំ ចាត់ចែង អោយបានច្បាស់លាស់ទៅលើផែនការការងារ កម្លាំងសម្រាប់ធ្វើការងារ និងផែនការនៅពេលការងារទាំងនោះសម្រេចបាន ឬនៅពេលពួកគេជួបឧបសគ្គ។ យើងមានការប្រជុំ ចែករំលែកគំនិតថ្មីៗ ក៏ដូចជាស្តាប់យោបល់របស់សមាជិកគ្រួសារយើងជានិច្ច។ គ្រួសារយើងធំ យើងមានកន្លែងជាច្រើនសម្រាប់ផ្តល់ដល់ពួកគាត់ក្នុងការរីកចម្រើនដើម្បីក្លាយជាថ្នាក់ដឹកនាំជំនួសពួកយើងនាពេលអនាគត។"

ឆ្លើយតបនឹងសំណួរថា តើអ្វីទៅជាការប្រកួតប្រជែង ខ្លាំងសម្រាប់អាជីវកម្ម VR Event Planner អ្នកស្រី បានជម្រាបថា៖ "កាលពីមុនការប្រកួតប្រជែងធំនោះគឺការប្រកួតប្រជែងលើតម្លៃ ដែលអតិថិជនភាគច្រើនជ្រើសយកសេវាកម្មពីក្រុមហ៊ុនដែលផ្តល់សេវាកម្មក្នុងតម្លៃទាប ព្រោះជាទូទៅ បញ្ហាតម្លៃនេះស្ថិតក្នុងចំណុចអាទិភាពនៃការគិតរបស់អតិថិជន។ ក៏ប៉ុន្តែ 

ជាក់ស្តែងបន្ទាប់ពីអតិថិជនបានទទួលសេវាកម្មដែលមានតម្លៃទាបរួចមក ពួកគាត់បានដឹងថាអ្នកផ្គត់ផ្គង់សេវាកម្មដែលផ្តល់តម្លៃទាបនោះ មិនបានផ្តល់នូវអ្វីដែលពួកគេបានព្រមព្រៀងដល់ពួកគាត់ឡើង។ ពេលនោះហើយដែលអតិថិជនទាំងនោះ បានត្រលប់មកទទួលសេវាកម្មពី VR Event Planner វិញ។ និយាយដល់បញ្ហានេះ នាងខ្ញុំ មិនបានមានន័យថា រាល់ការផ្គត់ផ្គង់ដែលមានតម្លៃទាបសុទ្ធតែមិនល្អ ហើយអ្នកដែលផ្ដល់ការផ្គត់ផ្គត់ក្នុងតម្លៃថ្លៃសុទ្ធតែល្អឥតខ្ចោះគ្រប់ពេលនោះទេ។ អ្វីដែលនាងខ្ញុំចង់ជម្រាបជូនគឺថា ការសិក្សាពីប្រវត្តិរបស់អ្នកផ្គត់ផ្គង់គឺពិតជាសំខាន់។ អតិថិជនគួរតែចុះទៅមើលដល់ក្រុមហ៊ុន ក៏ដូចកន្លែងផ្សេងៗដែលអ្នកផ្គត់ផ្គង់សេកម្មគាត់ធ្វើការ ដើម្បីអោយបានឃើញច្បាស់ពីសមត្ថភាព និងសម្ភារៈដែលគាត់យកមកផលិតដើម្បីផ្គត់ផ្គង់ផងដែរ។"

លើសពីការផ្តល់សេវាកម្មសមតាមតម្លៃ អ្នកស្រី រដ្ឋលីដា ក៏បានបន្ថែមដែរថា ៖ “អ្វីដែលលើសពីនេះ VR Event Planner តែងប្រកាន់ខ្ជាប់នូវវប្បធម៌ផ្តល់ឲ្យលើសពីការរំពឹងទុក (We Do More) ដល់អតិថិជនទាំងអស់។ ពាក្យនេះហើយដែលជម្រុញចិត្តគ្រួសារ VR Event Planner ក្នុងការយកចិត្តទុកដាក់និងមានភាពទទួលខុសត្រូវខ្ពស់លើការងារទាំងអស់សម្រាប់អតិថិជន៕

 

ដោយ៖ យ៉ាយ៉ា