VR Legend PLC បានជួបជុំដៃគូអាជីវកម្មដើម្បីបង្ហាញសមិទ្ធផលជោគជ័យ និងឱកាសរីកចម្រើនក្នុងវិស័យពាណិជ្ជកម្ម​



 

រាជធានីភ្នំពេញ៖ កាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្រុមហ៊ុន VR Legend PLC ដែលជាក្រុមហ៊ុនកំពុងរីកចម្រើនយ៉ាងឆាប់រហ័សលើការវិនិយោគក្នុងវិស័យផ្សព្វផ្សាយពាណិជ្ជកម្ម និងរៀបចំព្រឹត្តិការណ៍ក្នុងប្រទេសកម្ពុជា បានរៀបចំកម្មវិធីជួបជុំអ្នកវិនិយោគ និងដៃគូអាជីវកម្មរបស់ខ្លួននៅសណ្ឋាគារ​ Rosewood Phnom Penh

 

កម្មវិធីជួបជុំដ៏ឱឡារិកនេះ រៀបចំឡើងក្រោមប្រធានបទធំៗនិង សំខាន់ៗចំនួនបីក្នុងនោះមាន៖

ប្រធានបទទីមួយ គឺណែនាំអំពីជម្រើសជាច្រើននៃការធ្វើវិនិយោគនៅជុំវិញពិភពលោក ហើយការវិនិយោគមួយចំនួនបានចាប់ផ្តើមក្នុងប្រទេសកម្ពុជាជាយូរណាស់មកហើយ។

 

ប្រធានបទទីពីរ គឺបង្ហាញពីភាពរីកចម្រើនគួរឲ្យកត់សម្គាល់របស់វិស័យផ្សព្វផ្សាយពាណិជ្ជកម្មនៅកម្ពុជានៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ រួមនឹងការណែនាំពីការវិវឌ្ឍនៃបច្ចេកវិទ្យា Virtual Reality (VR) និង Augmented Reality (AR) ដែលបានប្រើប្រាស់នៅក្នុងប្រទេសភាគខាងលិច ហើយបច្ចេកវិទ្យាទាំងអស់នេះ អាចនឹងក្លាយជាទម្រង់នៃការផ្សព្វផ្សាយពាណិជ្ជកម្មដ៏ទំនើបនាពេលអនាគតក្នុងព្រះរាជាណាចក្រកម្ពុជា។

 

ប្រធានបទសំខាន់ចុងក្រោយ គឺពាក់ព័ន្ធនឹងការបង្ហាញពីសមិទ្ធផលការងារ​​សំខាន់ៗដែល VR Legend PLC សម្រេចបានក្នុងឆ្នាំ ២០១៩។


 

លោក Dr. Henry Sim ដែលជា Group Chairman របស់ក្រុមហ៊ុន VR Legend PLC បានបង្ហាញចំណាប់អារម្មណ៍ប្រកបដោយទំនុកចិត្តថា៖ «ត្រឹមរយៈពេលមួយដ៏ខ្លី VR Legend PLC អាចពង្រីកសក្តានុពលរបស់ខ្លួនរហូតក្លាយជាក្រុមហ៊ុនដែលរីកចម្រើនយ៉ាងឆាប់រហ័សមួយក្នុងចំណោមក្រុមហ៊ុនជាច្រើននៅកម្ពុជា ហើយខ្ញុំជឿជាក់យ៉ាងមុតមាំថា VR Legend PLC នឹងទទួលបានជោគជ័យលើសពីផែនការណ៍ដែលបានគ្រោងទុក នេះក៏ដោយសារមានថ្នាក់ដឹកនាំ និងបុគ្គលិកដែលពោរពេញដោយការប្តេជ្ញាចិត្តខ្ពស់ មានឆន្ទះ មានចក្ខុវិស័យវែងឆ្ងាយ រួមនឹងជំនាញច្បាស់លាស់ថែមទៀតផង។»

 

អ្នកស្រី តាក់ ពិសិដ្ឋរដ្ឋលីដា ជា Group CEO របស់ VR Legend PLC ក៏បានបញ្ជាក់បន្ថែមដែរថា៖ «ចាប់តាំងពីយើងចាប់ផ្តើមបង្កើតក្រុមហ៊ុនដំបូង យើងបាន និងកំពុងឈរលើគោលជំហរដ៏រឹងមាំក្នុងការក្លាយជាក្រុមហ៊ុនផ្តល់សេវាកម្មផ្សព្វផ្សាយគ្រប់ប្រភេទ ដែលមិនទាក់ទងនឹងថ្នាំជក់ និងគ្រឿងស្រវឹង ដែលគោលជំហរនេះកំពុងឆ្លើយតប ១០០% ទៅនឹងគោលនយោបាយរបស់រដ្ឋាភិបាលកម្ពុជា។ ទោះបីជាក្រុមហ៊ុនរបស់យើងថ្មីទើបតែមានវត្តមានឡើង ក៏ប៉ុន្តែសមាជិកក្រុមការងាររបស់យើងម្នាក់ៗសុទ្ធតែមានចំណុចពិសេសមួយដូចគ្នា។ ពួកគាត់ចូលចិត្តការប្រកួតប្រជែងនឹងឧបសគ្គដែលកើតឡើងនៅនឹងមុខ ហើយពួកគាត់នឹងដាក់ចិត្ត និងកម្លាំង ១០០ភាគរយ ដើម្បីសម្រចកិច្ចការនោះដោយជោគជ័យ។ មានសមាជិកក្រុមការងារយើងខ្លះ មានបទពិសោធន៍ការងារក្នុងវិស័យផ្សព្វផ្សាយពាណិជ្ជកម្មនេះជិត ៣០ឆ្នាំហើយ ប៉ុន្តែការគិត និងអារម្មណ៍របស់ពួកគាត់នៅតែក្មេង និងទាន់សម័យកាលជានិច្ច។ ដោយសារគុណសម្បត្តិទាំងអស់នេះហើយ ទើបជម្រុញឲ្យពួកយើងបានលទ្ធផលជោគជ័យលើសពីដែនកំណត់។ ខ្ញុំមានទំនុកចិត្ត និងសុទិដ្ឋិនិយមខ្ពស់ ដែលក្រុមហ៊ុន VR Legend PLC នឹងក្លាយជាចំណែកមួយដ៏សំខាន់នៃការស្ថាបនាវិស័យផ្សព្វផ្សាយពាណិជ្ជកម្មរបស់ព្រះរាជាណាចក្រកម្ពុជាយើងឲ្យកាន់តែខ្លាំងក្លាឡើង។»

 

អ្នកស្រី Tho Socheatvanny ជា Board Member របស់ VR Legend PLC មានប្រសាសន៍បន្ថែមថា៖ «តាមរយៈមតិយោបល់ល្អៗដែលយើងទទួលបានពីអ្នកចូលរួមទាំងអស់ យើងសម្រេចថានឹងរៀបចំកម្មវិធីជួបជុំបែបនេះជាប្រចាំ ដើម្បីឲ្យអ្នកវិនិយោគ និងដៃគូអាជីវកម្មរបស់យើងទទួលចំណេះដឹងអំពីឱកាសវិនិយោគក្នុងវិស័យផ្សព្វផ្សាយពាណិជ្ជកម្ម និងការអភិវឌ្ឍនាពេលអនាគតរបស់កម្ពុជា។ នាងខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយបំផុតនៅពេលដែលឃើញ Group CEO និង Group COO របស់យើងឡើងមកបង្ហាញអំពីគោលជំហរនៃការចូលរួមចំណែកអភិវឌ្ឍន៍ប្រទេសកម្ពុជា ខណៈពេលដែលប្រទេសកម្ពុជារបស់យើងកំពុងត្រូវបានគេចាត់ទុកថាជាប្រទេសដែលពោរពេញទៅដោយឱកាសវិនិយោគប្រសើរជាងគេប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិច។»