២០ភាគរយនៃ​សំរាម​ជិត​៤លានតោន​ក្នុង១ឆ្នាំ​នៅ​កម្ពុជា​ ​ជា​សម្រាមនិងកាកសំណល់​ប្លាស្ទិក​



កម្ពុជា​បាន​បង្កើត​បរិមាណ​សំរាម​រហូត​ដល់​ជិត​៤លានតោន​ឯណោះ​នៅ​ក្នុង​រយៈពេល​មួយ​ឆ្នាំ ក្នុង​នោះ​សំណល់​និង​សំរាម​ប្លាស្ទិក​មាន​ប្រមាណ​២០% ដោយ​នៅ​តាម​ទីក្រុង​ធំៗ​ប្រជាពលរដ្ឋ​ម្នាក់​បាន​ប្រើប្រាស់​ថង់​ប្លាស្ទិក​ចន្លោះ​ពី ៤០ ទៅ ៥២ ថង់​ឯណោះ​ក្នុង​មួយ​សបា្តហ៍។ ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​ឯកឧត្ដម  នេត្រ ភក្ត្រា រដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន នា​ឱកាស​នៃ​ព្រឹត្តិការណ៍​ប្រគំ​តន្រ្តី​ក្រោម​ប្រធានបទ «តូរ្យតន្ត្រី​ដើម្បី​កិច្ច​គាំពារ​បរិស្ថាន សូម​និយាយ​ថា​ទេ​ចំពោះ​ប្លាស្ទិក» កាល​ពី​ ថ្ងៃ​ទី០៦ ខែ​វិច្ឆិកា ឆ្នាំ​២០១៩​កន្លង​ទៅ។

នៅ​ក្នុង​ឱកាស​ព្រឹត្តិការណ៍​នោះ​ដែរ ឯកឧត្ដម​រដ្ឋលេខាធិការ​បាន​លើក​ឡើង​ថា នៅ​តាម​ទីប្រជុំជន​បរិមាណ​សំរាម​កម្ពុជា​នៅ​ក្នុង​មួយ​ថ្ងៃ​មាន​ចំនួន​រហូត​ដល់​ជាង​១ម៉ឺនតោន​ ក្នុង​នៅ​រាជធានី​ភ្នំពេញ​បរិមាណ​សំរាម​មាន​ប្រមាណ​ជាង ៣០០០តោន​ក្នុង​មួយ​ថ្ងៃ, ក្រុង​ព្រះសីហនុ​មាន​ប្រមាណ​ ៧០០តោន​ក្នុង​មួយ​ថ្ងៃ និង​ក្រុង​សៀមរាប​មាន ៣៨០តោន​ក្នុង​មួយថ្ងៃ។ តាម​ការ​ប៉ាន​ប្រមាណ​ ភាគរយ​នៃ​ប្លាស្ទិក​ដែល​ប្រមូល​បាន​តាម​រយៈ​ការ​បោសសម្អាត​តាម​ផ្លូវ​ក្នុង​ក្រុង​ចំនួន ៣ គឺ ១៧,៣% ក្នុង​រាជធានី​ភ្នំពេញ ២០,៧%ក្នុង​ខេត្ត​សៀមរាប និង ៣៤% ក្នុង​ខេត្ត​ព្រះសីហនុ។ 

លោក Nick Beresford តំណាងអង្គការ UNDP នៅកម្ពុជា បាន​សម្តែង​នូវ​ការ​សប្បាយ​រីករាយ​ដោយ​បាន​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​ប្រគំ​តន្ត្រី​ក្នុង​បុព្វហេតុ​បរិស្ថាន ដោយ​សារ​កាក​សំណល់​ប្លាស្ទិក​គឺ​ជា​បញ្ហា​ប្រឈម​របស់​កម្ពុជា តាម​រយៈ​ការ​ស្រាវជ្រាវ​ក្នុង​១ឆ្នាំ កម្ពុជា​មាន​សំណល់​សំរាម​ប្រមាណ ៤ លាន​តោន ក្នុង​នោះ ២០% ជា​សំណល់​ប្លាស្ទិក ហើយ​កន្លង​មក UNDP បាន​សហការ​គាំទ្រ​ជាមួយ​ក្រសួង​បរិស្ថាន​តាម​រយៈ​យុទ្ធនាការ 4R គឺ បដិសេធ កាត់បន្ថយ ប្រើប្រាស់​ឡើង​វិញ និង​កែច្នៃ៕

ដោយ៖ ជួប ស្រីរ័ត្ន