កុំ​ញៀន​នឹង​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ពេក! ប្រយ័ត្ន​កើត​ជំងឺ​២​ប្រភេទ​នេះ​



ថ្វី​ត្បិត​តែ​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ និង​បណ្ដាញ​សង្គម​នានា​បាន​ផ្ដល់​អត្ថប្រយោជន៍​និង​ភាព​ងាយ​ស្រួល​ជា​ច្រើន​ដល់​អ្នក​ប្រើប្រាស់​ក៏​ពិត​មែន ប៉ុន្តែ​អ្នក​មិន​គួរ​ញៀន​នឹង​ការ​ប្រើប្រាស់​រហូត​ធ្វើ​ឲ្យ​បច្ចេកវិទ្យា និង​ប្រព័ន្ធ​ទំនើប​ទាំង​នោះ​អាច​គ្រប់គ្រង​លើ​អ្នក​បាន​នោះ​ទេ។ ព្រះតេជគុណ គូ សុភាព មាន​សង្ឃដីកា​ថា «យើង​អាច​ប្រឈម​នឹង​ការ​កើត​ជំងឺ​តានតឹង(ស្ត្រេស) និង​ជំងឺ​បាក់​ទឹក​ចិត្ត(Depression) ប្រសិន​បើ​ញៀន​នឹង​ការ​ប្រើប្រាស់​តិកណូឡូជី​ខ្លាំង​ពេក» ការ​លើក​ឡើង​នេះ​ធ្វើ​ឡើង​នៅ​ក្នុង​សិក្ខាសាលា​សុខភាព លើ​ប្រធានបទ "ជំងឺ​ធ្លាក់​ទឹក​ចិត្ត​និង​ជំងឺ​ថប់​អារម្មណ៍" ដែល​រៀបចំ​ដោយ​វិទ្យុ​ផ្កាឈូក កាល​ពី​ពេល​កន្លង​ទៅ។

ព្រះតេជគុណ គូ សុភាព បាន​លើក​ឡើង​ជា​ឧទាហរណ៍​ថា ប្រសិន​បើ​យើង​លេង​បណ្ដាញ​សង្គម(fb) បើ​ក្នុង​ចំណោម​មិត្ត​ទាំង​៥០០០នាក់​របស់​អ្នក មាន​អ្នក​កើត​ទុក្ខ​(sad)ត្រឹម​តែ​២០០​នាក់ ហើយ​តែង​បង្ហោះ​សារ​ក្រៀមក្រំ​ផ្សេងៗ​ នោះ​នឹង​ធ្វើ​ឲ្យ​អ្នក​ធុញថប់​ហើយ​កើត​ទុក្ខ​តាម​ពួកគេ។ ដូច្នេះ​មុន​ពេល​ឡាចផេក ឬ​ទទួល​យក​មិត្ត​ណា​ម្នាក់​ក្នុង​ហ្វេសប៊ុក អ្នក​ត្រូវ​ប្រុង​ប្រយ័ត្ន​ព្រោះ​ជួន​កាល​របស់​ទាំង​នោះ​ប្រៀប​ដូច​សំរាម​ ប្រសិន​បើ​គេ​យក​មក​ចាក់​នៅ​ផ្ទះ​របស់​អ្នក​រាល់​ថ្ងៃ​នោះ​នឹង​ធ្វើ​ឲ្យ​អ្នក​មាន​ជំងឺ។

ព្រះអង្គ​បន្ត​ថា យើង​មិន​ត្រូវ​ផ្ញើ​សេចក្ដី​សុខ​នឹង​របស់​ក្រៅ​ខ្លួន​នោះ​ទេ មាន​មនុស្ស​មួយ​ចំនួន​ឃើញ​គេ​បង្ហោះ​បង្អួត​ផ្ទះ បង្អួត​លុយ​ឡាន មាន​ចិត្ត​ច្រណែន​ចង់​បាន​ដូច​គេ ពេល​ដែល​មិន​បាន​តូច​ចិត្ត ខឹង មួម៉ៅ ពិបាក​តែ​ខ្លួនឯង។ ដូច្នេះ​ត្រូវ​ចេះ​សង្រួម​ឥន្រ្ទីយ៍​ គិត​រឿង​ល្អៗ ហើយ​គួរ​កាត់​បន្ថយ​ការ​ប្រើប្រាស់​ប្រព័ន្ធ​អស់​ទាំង​នោះ។ 

វិធី​កាត់​បន្ថយ​ការ​ប្រើប្រាស់​ព្រះអង្គ​ប្រាប់​ថា ត្រូវ​បិត​ប្រព័ន្ធ notification ចោល​ ព្រោះ​តាម​ការ​ស្រាវជ្រាវ​ប្រព័ន្ធ​នេះ​បាន​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​ញៀន​នឹង​ការ​ប្រើប្រាស់ ជាក់​ស្ដែង​នៅ​ពេល​បង្ហោះ​រូប​គឺ​តែង​តែ​រង់ចាំ​មើល​ចំនួន​អ្នក​ ឡាច និង​ខមិន ដែល​វា​ធ្វើ​ឲ្យ​អ្នក​នៅ​មិន​ស្ងប់​ ចេះ​តែ​ចង់​ឆែក​មើល និង​មិន​អាច​គ្រប់គ្រង​ខ្លួនឯង​បាន ​ទាំង​នោះ​មាន​ន័យ​ថា​ប្រព័ន្ធ​ទាំង​នោះ​កំពុង​តែ​គ្រប់គ្រង​អ្នក​ហើយ។ ដូច្នេះ គួរ​រៀន​កាត់​បន្ថយ​កាត់​បន្ថយ​ការ​ប្រើប្រាស់ និង​គ្រប់គ្រង​លើ​ប្រព័ន្ធ​ទាំង​នោះ​វិញ៕

រូបភាព៖ Kou Sopheap

ដោយ៖ ជួប ស្រីរ័ត្ន