ហេតុផល ៨ យ៉ាងបញ្ជាក់ថាភាពជោគជ័យនៃអ្នកដឹកនាំត្រូវមាន Emotional Intelligence ខ្ពស់​



Emotional Intelligence គឺជាសមត្ថភាពរបស់បុគ្គលម្នាក់ៗក្នុងការស្គាល់ពីអារម្មណ៍ផ្ទាល់ខ្លួន និងអារម្មណ៍របស់អ្នកដទៃ ដឹងពីភាពខុសគ្នានៃអារម្មណ៍រវាងមនុស្សម្នាក់ៗ។ ពួកគេបានប្រើព័ត៌មានដែលពីការបញ្ចេញអារម្មណ៍ដើម្បីគិត រៀបចំឥរិយាបថ គ្រប់គ្រង សម្រួលអារម្មណ៍ដើម្បីសម្របខ្លួនទៅនឹងបរិស្ថាន ឬដើម្បីសំរេចគោលដៅ។ 

ការដឹកនាំមានច្រើនបរិបថ ច្រើនបែប ច្រើនសណ្ឋាន ខុសគ្នាតាមអង្គភាព កម្រិតវិជ្ជាជីវៈនៃអ្នកដឹកនាំ និងអ្នកក្រោមបង្គាប់ តែបុគ្គលដែលតែងផ្តួចផ្តើមគំនិ តមានចក្ខុវិស័យ រៀបចំផែនការ និងរកយុទ្ធសាស្រ្តដើម្បីសំរេចគោលដៅត្រូវបានគេចាត់ទុកថាជាអ្នកដឹកនាំល្អ។ 

សំណួរសួរថា ធ្វើយ៉ាងណាទើបអាចអភិវឌ្ឍខ្លួនឲ្យក្លាយជាអ្នកដឹកនាំល្អ ចេះរៀបចំផែនការ បង្កើតយុទ្ធសាស្រ្ត ដឹកនាំក្រុមការងារឲ្យសម្រេចបានគោលដៅ និងចក្ខុវិស័យដែលកំណត់ទុក? ទាំងអស់នេះវាត្រូវការលើសពីជំនាញដែលបានរៀន ឬបទពិសោធន៍ការងារកន្លងមក ហើយអ្វីដែលអ្នកដឹកនាំត្រូវការមានជាចាំបាច់គឺភាពឆ្លាតវៀងវៃលើការប្រើប្រាស់អារម្មណ៍ ឬ Emotional Intelligence។ ហេតុអ្វីបានជា Emotional Intelligence សំខាន់សម្រាប់អ្នកដឹកនាំខ្លាំងម្ល៉េះ?

១) មានក្តីសណ្ដោស
ពេលដែលនរណាម្នាក់មាន Emotional Intelligence ឬ EI ខ្ពស់គេក៏ច្រើនតែជាមនុស្សដែលមានក្តីសណ្ដោសដូចគ្នា តែក្តីសណ្ដោសនោះក៏ត្រូវធ្វើឡើងតាមក្រឹតក្រមច្បាប់ទម្លាប់ដែរ។ អ្នកដឹកនាំបែបនេះច្រើនតែជាមនុស្សដែលពូកែសង្កេត អាចដឹងថាបុគ្គលិកឬអ្នកក្រោមបង្គាប់របស់ខ្លួនកំពុងធ្វើអ្វី ជួបបញ្ហាអ្វីខ្លះពេលនេះ ហើយការដឹកនាំរបស់គេមានគោលដៅធំមួយគឺដើម្បីរីកចម្រើនទាំងអង្គភាព និងបុគ្គលិក។

២) EI ធ្វើឲ្យការប្រាស្រ័យទាក់ទងមានប្រសិទ្ធិភាពបំផុត
អ្នកដឹកនាំខ្លាំងជាមនុស្សដែលមានសមត្ថភាពពន្យល់ អធិប្បាយ ឲ្យបុគ្គលិកនិងអ្នករួមដំណើរយល់ច្បាស់ពីអ្វីដែលជាគោលដៅ អ្វីជាយុទ្ធសាស្រ្ត អ្វីជាបេសកកម្មត្រូវធ្វើដើម្បីសម្រេចបានលទ្ធផលជាផ្លែផ្កាមួយ។ ការលើកទឹកចិត្តទាំងឡាយកើតចេញដំបូងពីការទំនាក់ទំនងដ៏មានប្រសិទ្ធិភាពមួយនេះ ហើយវាក៏ជាគន្លឹះនៃការកសាងទំនុកចិត្តដល់បុគ្គលិកដែរ។

៣) EI ជួយឲ្យអ្នកដឹកនាំស្គាល់ខ្លួនឯងបានច្បាស់
មិនថាយើងជាមនុស្សពូកែសង្កេត មានសមត្ថភាពពិសេសក្នុងការប្រើប្រាស់អារម្មណ៍ មានការបញ្ចេញអារម្មណ៍ និងគ្រប់គ្រងវាបានល្អយ៉ាងណាក៏វាមិនអាចធ្វើឲ្យយើងដឹង និងស្គាល់អ្នកដទៃបានច្បាស់ទេ តែ EI ជាផ្នែកមួយសំខាន់ដែលអាចឲ្យអ្នកស្គាល់ខ្លួនឯងបានច្បាស់។ ពេលមួយដែលអ្នកអាចស្គាល់ខ្លួនឯងច្បាស់ អ្នកប្រាកដជាអាចគ្រប់គ្រងខ្លួនឯងបានល្អកម្រិតនោះដែរ អ្នកនឹងមិនបញ្ចេញអារម្មណ៍ដែលនឹងនាំឲ្យប៉ះពាល់ដល់អ្នកជុំវិញខ្លួន អ្នកចេះយល់ពីទុក្ខលំបាករបស់អ្នកដទៃពិសេសអ្នកក្រោមបង្គាប់ ហើយក៏ក្លាយជាមនុស្សម្នាក់ដើរតួនាទីយ៉ាងសំខាន់ក្នុងការដោះស្រាយបញ្ហាប្រឈមនានាដែរ។

៤) ផ្តល់ជូនអ្នកនូវភាពត្រឹមត្រូវ
អ្នកស្គាល់ខ្លួនឯងច្បាស់ អ្នកទទួលបានការគោរពពីបុគ្គលិក និងអ្នកដទៃដោយសារសមត្ថភាពវៃឆ្លាតផ្នែកបញ្ញារបស់អ្នក ហើយវាក៏ផ្តល់ជូនអ្នកនូវភាពត្រឹមត្រូវដូចគ្នា។ ជាការពិតទាក់ទងនឹងការធ្វើការសម្រេចចិត្តមួយ អ្នកត្រូវការភាពច្បាស់លាស់រវាងផលល្អ និងផលអាក្រក់ អ្នកចង់បានលទ្ធផលដ៏គួរឲ្យពេញចិត្តមួយ តែអ្នកក៏តែងវិភាគលើផលប៉ះពាល់នេះសេចក្តីសម្រេចចិត្តមួយនោះដែរ។

៥) EI ផ្តល់ឲ្យអ្នកដឹកនាំនូវការគោរព
ព្រោះអ្នកដឹកនាំប្រភេទនេះតែងមានការយកចិត្តទុកដាក់លើបុគ្គលិករបស់ខ្លួន ផ្តល់ការអប់រំ ការប្រឹក្សាយោបល់នានាតាមលទ្ធភាពដែលគេអាចធ្វើទៅបាន ដូច្នេះហើយគេតែងទទួលបានការគោរពពីមនុស្សនៅជុំវិញខ្លួនគេ។ ប៉ុន្តែត្រូវចាំថា បុគ្គលដែលមាន EI ខ្ពស់អាចទទួលបានការគោរព គឺផ្តើមចេញពីពួកគេផ្ទាល់តែងគោរពខ្លួនឯង និងអ្នកដទៃជានិច្ចទង្វើទាំងនោះក៏ជាអ្នកនាំការគោរពមកកាន់ខ្លួនគេវិញ។

៦) EI ធ្វើឲ្យគេដឹកនាំចេញពីដួងចិត្ត
មិនសំដៅតែលើតួនាទី បុគ្គលបែបនេះធ្វើអ្វីគឺចេញពីចិត្ត ការជួយ ការអប់រំ ការអភិវឌ្ឍ អ្វីៗដែលគេធ្វើចេញមកគឺផុសចេញពីទឹកចិត្តដោយផ្អែកលើអារម្មណ៍យល់ដឹងពីអ្នកដទៃជានិច្ច។ គេដឹងថាបើប្រើតួនាទីដើម្បីដឹកនាំគឺធ្វើឲ្យគេស្ថិតនៅក្នុងគម្លាតមួយឆ្ងាយរវាងគេនិងអ្នកក្រោមបង្គាប់ ហេតុនេះហើយលទ្ធផលដែលទទួលបានក៏ជាភាពល្អប្រសើរដូចទឹកចិត្តដ៏ផូផង់របស់គេដែរ ។

៧) ទំនុកចិត្ត
ការគោរពនាំមកនូវទំនុកចិត្ត ព្រោះគេជាមនុស្សដែលចូលចិត្តរក្សាភាពស្មោះត្រង់ដើម្បីទាញយកមកវិញនូវទំនុកចិត្ត។ គេមិនបំផ្លាញអ្វីដែលគេខំសាងយ៉ាងលំបាកទេ ព្រោះគេដឹងថាទំនុកចិត្តងាយនឹងបាត់បង់ខ្លាំងជាងអ្វីៗទាំងអស់ ខណៈដែលវាលំបាកខ្លាំងក្នុងការកសាងវាឡើង។ អ្នកដឹកនាំដ៏អស្ចារ្យគឺតែងបង្កើតទំនុកចិត្តក្នុងការសម្រេចចិត្ត និងមិនធ្វើវាដោយលំៗឬគ្រាន់តែស្មានៗទេ តែដំបូងគឺគេត្រូវពង្រឹងការបង្កើនទំនុកចិត្តលើខ្លួនឯងជាមុន។

៨) មានគំនិតច្នៃប្រឌិតខ្ពស់
ដោយសារភាពវៃឆ្លាត នាំឲ្យគេចូលចិត្ត និងមានគំនិតច្នៃប្រឌិតបង្កើតអ្វីថ្មីៗ ធ្វើយ៉ាងណាផ្តល់ការអភិវឌ្ឍសមត្ថភាពបុគ្គលិកកាន់តែល្អ កាន់តែរីកចម្រើន។ ដោយសារគេជាអ្នកដឹកនាំល្អ មានផែនការច្បាស់លាស់សម្រាប់ដឹកនាំបុគ្គលិក រួមទាំងអង្គភាពទាំងមូលទៅរកភាពជោគជ័យ គេត្រូវមានគំនិតច្នៃប្រឌិតខ្ពស់ដើម្បីធ្វើឲ្យផែនការ យុទ្ធសាស្រ្ត និងផ្លូវដែលគេបានគូសវាសរួចអាចធ្វើដំណើរបន្តដោយរលូន៕

ដោយ៖ យ៉ាយ៉ា

 

X
5s