ទម្លាប់រាល់ថ្ងៃ ៥យ៉ាងដែលកំពុងបំផ្លាញភាពរីកចម្រើនរបស់អ្នកដោយមិនដឹងខ្លួន​



មានតែលទ្ធផលបរាជ័យប៉ុណ្ណោះទើបអាចបញ្ជាក់ថា អ្នកបានបង្កើតកំហុសឲ្យខ្លួនឯងនៅពេលកន្លងមក។ អ្នកអាចនឹងមិនដឹង ឬប្រហែលជាបន្តនៅតែមិនដឹងរហូតទៅមុខទៀត ប្រសិនបើលទ្ធផលបរាជ័យនោះមិនបង្ហាញចេញមក។ អ្នកចាប់ផ្តើមខកចិត្ត ហើយយល់ឃើញថា អ្នកបានដើរថយក្រោយ ជាជាងរីកចម្រើនទៅមុខ។ 

យ៉ាងណាក៏ដោយ ទាំងនេះដោយសារតែអ្នកបង្កើតទម្លាប់មិនល្អដោយខ្លួនឯងដោយពេលខ្លះអ្នកបានធ្វើវាដោយអចេតនា និងខ្វះការពិចារណា។ សូមពិនិត្យមើលទម្លាប់ចំនួន ៥ខាងក្រោមនេះ ហើយផ្ទៀងផ្ទាត់មើល៍ថា តើវាកំពុងមានវត្តមាននៅក្នុងខ្លួនរបស់អ្នកឬយ៉ាងណា? 

១.រំពឹងថា អ្វីៗនឹងអាចផ្លាស់ប្តូរត្រឹមតែមួយយប់
តើអ្នកធ្លាប់គិតថា ជីវិតអ្នកនឹងអាចផ្លាស់ប្តូរត្រឹមតែរយៈពេលមួយយប់ដែរទេ?  បើអ្នកយល់ថាពិតជាអាចទៅរួច នោះគឺជាគំនិតរវើររវាយមួយតែប៉ុណ្ណោះ។ នៅក្នុងជីវិតការងាររកលុយក្តី ជំនួញក្តី ឬស្នេហាក្តី វាមិនអាចធ្វើឲ្យអ្នកសម្រេចបានត្រឹមប្រើពេលមួយយប់ឡើយ។ ទាំងអស់នេះ វាត្រូវការពេលវេលា ការខិតខំប្រឹងប្រែងព្យាយាម អត់ធ្មត់ និងអភិវឌ្ឍខ្លួនជាប្រចាំ។ ហេតុដូច្នេះហើយ កុំធ្វើឲ្យខ្លួនឯងធ្លាក់ក្នុងទន្ទាក់នៃអារម្មណ៍ស្រមើស្រមៃបែបនេះដោយមិនដឹងខ្លួន។  

២.វាស់ស្ទង់តាមដានគោលដៅរបស់ខ្លួនមិនបានត្រឹមត្រូវ 
អ្នកនឹងមិនអាចឈានទៅមុខបានដល់គោលដៅរបស់អ្នកឡើយ ប្រសិនបើអ្នកមិនបានដឹងថា តើភាពរីកចម្រើនរបស់អ្នកនៅពេលនេះមានលក្ខណៈបែបណា?  ដើរដល់កន្លែងណា? ជោគជ័យបណ្តើរៗហើយឬនៅ? អ្នកនឹងអាចរកឃើញការវិវត្តរបស់អ្នកដោយប្រើប្រាស់សំនួរសំខាន់ៗទាំងនេះធ្វើជាគោលការណ៍វាស់ស្ទង់ភាពរីកចម្រើនរបស់អ្នកគឺ (១) តើខ្ញុំចង់បានអ្វី? (២)តើខ្ញុំអាចដឹងថា ខ្ញុំអាចទទួលបានអ្វីដែលខ្ញុំចង់បានដោយរបៀបណា? តើមានជំហានអ្វីខ្លះដែលខ្ញុំត្រូវធ្វើនៅក្នុងដំណាក់កាលរីកចម្រើនទាំងនោះ? តើខ្ញុំចង់បានអារម្មណ៍បែបណានៅពេលឆ្លងកាត់ដំណាក់កាលទាំងនោះ?

៣.ការប្រៀបធៀបខ្លួនឯងជាមួយអ្នកដទៃ
ការយកខ្លួនឯងប្រៀបធៀបទៅនឹងអ្នកដទៃ គឺការប្រកួតប្រជែងគ្មានទីបញ្ចប់ និងគ្មានយុត្តិធម៌ទេ។ អ្នកមានសង្កេតឃើញទេថា មានមនុស្សច្រើនណាស់ដែលទទួលបានភាពជោគជ័យ មានលុយ មានរូបសម្រស់ស្រស់ស្អាត ឬមានទ្រព្យសម្បត្តិច្រើនជាងអ្នក។  ការប្រកួតប្រជែងជាមួយមនុស្សទាំងនោះ នឹងធ្វើឲ្យជីវិតអ្នកមានភាពលោភលន់ច្រើន និងបណ្តាលឱ្យអ្នកបាត់បង់ការផ្តោតលើគោលដៅផ្សេងៗក្នុងជីវិតរបស់អ្នកផងដែរ ហើយទីបំផុតជីវិតរស់នៅដោយភាពសោកសៅ ក្តៅក្រហាយ ច្រណែនឈ្នានីស និងតូចចិត្តរកសេចក្តីសុខឲ្យជីវិតមិនឃើញឡើយ។ 

អ្វីដែលសំខាន់ជាងនេះទៅទៀតនោះគឺថា អ្នកនឹងបាត់បង់ពេលវេលាដ៏មានតម្លៃជាច្រើនសម្រាប់ធ្វើអ្វីផ្សេងទៀតក្នុងជីវិតរបស់អ្នក។ ជំនួសឱ្យការចូលចិត្តលើកយកភាពទន់ខ្សោយរបស់អ្នកមកនិយាយ អ្នកគួរផ្ដោតលើភាពខ្លាំង និងគុណសម្បត្តិដែលអ្នកមានវិញម្តង ព្រោះថា ការប្រៀបធៀបជារឿយៗ វាបានត្រឹមតែធ្វើឲ្យឱកាសរបស់អ្នករំលងផុតទៅ និងបាត់បង់ពេលវេលាសម្រាប់អភិវឌ្ឍខ្លួនឯង។

៤.ចូលចិត្តធ្វើអ្វីៗដែលគ្មានប្រយោជន៍មិនបានប្រាក់ចំណូល ឬសមិទ្ធិផលឲ្យខ្លួនឯង
មើល៍ទៅអ្នកប្រៀបបានដូចជាមនុស្សកំពុងរវល់ម្នាក់។ មួយថ្ងៃៗអ្នកធ្វើនេះធ្វើនោះ មិនចេះចប់មិនចេះហើយ។ ក៏ប៉ុន្តែតើអ្នកមានបានតាមដានសកម្មភាពរបស់អ្នកឲ្យបានដិតដល់ទេថា តើអ្នកកំពុងរវល់ធ្វើអ្វី? វាបានផ្តល់គុណប្រយោជន៍ ឬផលិតភាពដល់អ្នកដែរឬអត់? បើចម្លើយរបស់អ្នកអវិជ្ជមាន មានន័យថា អ្នកកំពុងដើរលើផ្លូវខុសហើយ។ មានសំនួរ ២ដែលអាចជួយឲ្យអ្នកដឹងថា សកម្មភាពរបស់អ្នកស្ថិតនៅក្នុងគុណសម្បត្តិគឺ (១) តើសកម្មភាព របស់អ្នកនាំមកនូវប្រាក់ចំណូលដែរឬអត់? និងទី (២)តើសកម្មភាពទាំងនោះអាចជួយបំពេញតម្រូវការរបស់អ្នកដែរឬទេ? 

៥.ព្យាយាមបង្កើតភាពជោគជ័យចេញពីក្រៅខ្លួន
នៅពេលនិយាយពីភាពជោគជ័យរបស់អ្នក អ្នកអាចនឹងផ្តោតលើការផ្លាស់ប្តូរទៅកាន់អ្វីដែលក្រៅខ្លួនជាជាងផ្តោតលើការផ្លាស់ប្តូរចេញពីក្នុងខ្លួនរបស់អ្នក។ នេះជាអ្វីដែលអ្នកកំពុងលង់លក់ក្នុងសុបិន្តអាក្រក់មួយនេះ ហើយវាប្រហែលជាអ្វីដែលអ្នកបានធ្វើជាយូរណាស់មកហើយ។ នេះជារឿងគួរឲ្យស្តាយត្បិតអីភាពជោគជ័យរបស់មនុស្សម្នាក់ៗផ្តើមចេញពីការផ្លាស់ប្តូរពីខ្លួនឯងជាសំខាន់។ ភាពជឿជាក់ ការជួយខ្លួនឯង ព្យាយាមអភិវឌ្ឍខ្លួនឯង កែប្រែចំណុចខ្វះខាត បណ្តុះទេព្យកោសល្យឲ្យកាន់តែខ្លាំង ការរៀនសូត្រអ្វីថ្វីៗ និងការផ្លាស់ប្តូរខ្លួនឯងជាដើម សុទ្ធសឹងតែជាកិច្ចការចាំបាច់ដើម្បីភាពរីកចម្រើនសមត្ថភាពឆ្ពោះទៅរកភាពជោគជ័យរបស់អ្នកជាជាងផ្តោតលើអ្នកដទៃ៕ 

ប្រភព៖ Businessinsider