គិត​ត្រឹម​១០ខែ​ឆ្នាំ​២០១៩ ចំណូល​ពន្ធ-អាករ​កើន​ឡើង​ជាង​៥៣០លានដុល្លារ​​



គិត​មក​ដល់​ត្រឹម​ខែ​តុលា ឆ្នាំ​២០១៩​ ចំណូល​ពន្ធ​-អាករ ដែល​អគ្គនាយកដ្ឋាន​ពន្ធដារ​ប្រមូល​បាន​ (តាម​ប្រព័ន្ធ​គ្រប់គ្រង​ទិន្នន័យ​អនឡាញ Online របស់​អគ្គនាយកដ្ឋាន​ពន្ធដារ) មាន​ចំនួន​ប្រមាណ​ ២៤០៤,២១លានដុល្លារ​អាមេរិក ដែល​ស្មើ​នឹង​ ១០៥,០៦% នៃ​ផែនការ​ប្រចាំ​ឆ្នាំ បើ​ធ្វើ​ការ​ប្រៀបធៀប​ទៅ​នឹង​រយៈពេល​ដូច​គ្នា​ក្នុង​ឆ្នាំ​២០១៨​ គឺ​បាន​កើន​ឡើង​ចំនួន​ប្រមាណ​ជា ៥៣០,៥០លានដុល្លារ​អាមេរិក ដែល​ស្មើ​នឹង ២៨,៣១%។

យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ អគ្គនាយកដ្ឋាន​ពន្ធដារ កាល​ពី​ពេល​ថ្មីៗ​កន្លង​ទៅ បាន​ឲ្យ​ដឹង​ថា សម្រាប់​រយៈពេល​១០ខែ ឆ្នាំ​២០១៩​នេះ ចំណូល​ពន្ធ​-អាករ ដែល​អគ្គនាយកដ្ឋាន​ពន្ធដារ​ប្រមូល​បាន​ (តាម​ប្រព័ន្ធ​គ្រប់គ្រង​ទិន្នន័យ​ចំណូល​អនឡាញ Online របស់​អគ្គនាយកដ្ឋាន​ពន្ធដារ) មាន​ចំនួន ៩៦១៦,៨៣ ប៊ីលានរៀល (ប្រមាណ ២ ៤០៤,២១លានដុល្លារ​អាមេរិក) ស្មើ​នឹង​ ១០៥,០៦% នៃ​ផែនការ​ប្រចាំ​ឆ្នាំ​។ 

ឯកឧត្ដម គង់ វិបុល ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​ជា​អគ្គនាយកដ្ឋាន​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ បាន​បញ្ជាក់​ថា នៅ​ក្នុង​ខែ​តុលា ឆ្នាំ​២០១៩ ចំណូល​ពន្ធ​-អាករ ដែល​អគ្គនាយកដ្ឋាន​ពន្ធដារ​ប្រមូល​បាន​ (តាម​ប្រព័ន្ធ​គ្រប់គ្រង​ទិន្នន័យ​ចំណូល​អនឡាញ Online របស់​អគ្គនាយកដ្ឋាន​ពន្ធដារ) មាន​ចំនួន ៨៨៧,៦៤ប៊ីលានរៀល (ប្រមាណ​ជា​ ២២១,៩១លានដុល្លារអាមេរិក) ស្មើ​នឹង​ ៩,៧០%​នៃ​ផែន​ការ​ប្រចាំ​ឆ្នាំ។  ប្រសិន​បើ​ប្រៀបធៀប​រយៈពេល​ដូច​គ្នា​ក្នុង​ឆ្នាំ​២០១៨​ ឃើញ​ថា​បាន​កើន​ឡើង​ចំនួន ១៥៦,១៩ប៊ីលានរៀល (ប្រមាណ​ជា​ ៣៩,៧៩លានដុល្លារអាមេរិក) ស្មើ​នឹង​ ២១,៨៥%។

ឯក​ឧត្ដម​បាន​លើក​ឡើង​ផង​ដែរ​ថា កំណើន​នៃ​ការ​ប្រមូល​ពន្ធ​របស់​អគ្គនាយកដ្ឋាន​ពន្ធដារ​ព្រោះ​ការអនុវត្ត​ដោយ​ជោគជ័យ​នូវ​ប្រព័ន្ធ​ស្នើសុំ​បង្វិល​សង​អាករ​លើ​តម្លៃបន្ថែម​ (E-VAT​ Refund​) ដែល​បច្ចុប្បន្ន​អ្នក​ជាប់​ពន្ធ​ និង​សហគ្រាស​ មានការ​យល់ដឹង​ច្រើន​ ក៏​ដូច​ជា​ការ​ខិតខំ​ប្រឹងប្រែង​ប្រមូល​ចំណូល​ពន្ធ​របស់​ថ្នាក់ដឹកនាំ​និង​មន្ត្រី​ពន្ធដារ​គ្រប់​ជាន់ថ្នាក់​៕

ដោយ៖ ស្រីរ័ត្ន