ក្រសួងសេដ្ឋកិច្ច៖ ត្រីមាសទី៣ឆ្នាំនេះ រដ្ឋាភិបាលប្រមូលចំណូលថវិការដ្ឋបានប្រមាណ៥ពាន់លានដុល្លារ​ភ្នំពេញ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបញ្ជាក់ថា នៅត្រីមាសទី៣ឆ្នាំនេះ រាជរដ្ឋាភិបាលកម្ពុជា ប្រមូលចំណូលថវិការដ្ឋសរុបប្រមាណ១៩,១២៥ប៊ីលានរៀល (ប្រមាណជិត៥ពាន់លានដុល្លារ) ស្មើនឹង៩០% ធៀបនឹងច្បាប់ថវិកាឆ្នាំ២០១៩។

សេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការ ដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងក្រុមការងារបច្ចេកទេស បានបញ្ជាក់ថា «តាមរយៈរបាយការណ៍បូកសរុប, រហូតមកដល់ត្រីមាសទី៣នេះ គ្រប់ផ្នែកនៃផែនការសកម្មភាពរួមនៃការងារ កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៅបន្តមានវឌ្ឍនភាពល្អ និងវិជ្ជមាន ដោយក្នុងរយៈពេល៩ខែនេះ, រាជរដ្ឋាភិបាលកម្ពុជា បានប្រមូលចំណូលថវិការដ្ឋសរុបប្រមាណ១៩,១២៥ប៊ីលានរៀល ស្មើនឹង៩០% ធៀបនឹងច្បាប់ថវិកាឆ្នាំ ២០១៩»។

ក្រសួងសេដ្ឋកិច្ចបានឲ្យដឹងថា ការអនុវត្តផែនការប្រមូលចំណូលប្រចាំត្រីមាសទី៣ បង្ហាញថា ទិន្នផលចំណូលបានពីការប្រមូលដោយពន្ធគយ និងរដ្ឋាករ មានប្រមាណ៤៩%, ពន្ធដារ មានប្រមាណ៣២%, ចំណូលមិនមែនសារពើពន្ធ មានប្រមាណ១២% និងចំណូលផ្សេងៗប្រមាណ៦%។ រីឯការអនុវត្តចំណាយ ស្ថិតក្នុងស្ថានភាពដែលអាចគ្រប់គ្រង បានតាមច្បាប់ជាធរមាន។ សម្រាប់ការអនុវត្តសកម្មភាពនៃការងារកែទម្រង់ទាំងក្របខ័ណ្ឌក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏ដូចជាក្របខ័ណ្ឌក្រសួង-ស្ថាប័ន កំពុងបន្តមានវឌ្ឍនភាពល្អប្រសើរ ដែលត្រូវបានរំពឹងទុកថា អាចសម្រេចបានគោលដៅប្រចាំឆ្នាំ ។

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការ ដឹកនាំការងារកែទម្រង់ការគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈបានគូសបញ្ជាក់ថា ការប្រមូលចំណូល និងការអនុវត្តចំណាយ នៅបន្តមានសុខភាពល្អធៀបនឹងឆ្នាំមុនៗ និងនៅរក្សាបាននិន្នាការល្អប្រសើរ ទៅតាមការគ្រោងទុក។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្រ្តី ក៏បានផ្តល់អនុសាសន៍ណែនាំបន្ថែម លើការពង្រឹងសមត្ថភាពមន្ត្រី ដោយត្រូវគិតគូររៀបចំឲ្យបានគ្រប់ជ្រុងជ្រោយ តាមរយៈការបន្តបណ្តុះបណ្តាលដែលជាក់លាក់ ប្រកបដោយគុណភាព ក៏ដូចជាបំពាក់ជំនាញច្បាស់លាស់ និងប្រើប្រាស់ធនធាន ដែលបានបណ្តុះបណ្តាលឲ្យត្រូវតាមតួនាទី និងភារកិច្ច និងជំនាញនីមួយៗ ។

ជាមួយគ្នានេះ, តំណាងដៃគូអភិវឌ្ឍន៍ បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផល ដែលសម្រេចបានក្នុងត្រីមាសទី៣ និងការខិតខំប្រឹងប្រែងអនុវត្តការងារកែទម្រង់ យ៉ាងសកម្មពីក្រសួង-ស្ថាប័ន ទាំងអស់។ ដៃគូអភិវឌ្ឍន៍ ក៏បានផ្តល់អនុសាសន៍បន្ថែម ជាពិសេស ទៅលើប្រសិទ្ធភាពនៃការអនុវត្តចំណាយរបស់ក្រសួង-ស្ថាប័ន, ការប្រើប្រាស់ប្រព័ន្ធ (Financial Management Information System - FMIS) និងពង្រឹងការផ្សព្វផ្សាយ លើការត្រួតពិនិត្យការអនុវត្តថវិកាកម្មវិធី។

បន្ថែមពីនេះ, ដៃគូអភិវឌ្ឍន៍ នៅតែបន្តផ្តល់ការសហការល្អ និងកិច្ចគាំទ្រ ទាំងជំនួយបច្ចេកទេស និងហិរញ្ញវត្ថុ ទៅលើសកម្មភាពគន្លឹះសំខាន់ៗរបស់ការងារកែទម្រង់ហិរញ្ញវត្ថុសាធារណៈនៅកម្ពុជានេះ ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ចំពោះអនុសាសន៍ ដែលជាធាតុចូលបន្ថែមរបស់ដៃគូអភិវឌ្ឍន៍ និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ កោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែង និងការ យកចិត្តទុកដាក់ខ្ពស់របស់ដៃគូរអភិវឌ្ឍន៍ ដែលបានចូលរួមសហការ និងធ្វើការជាមួយគ្នាយ៉ាងជិតស្និទ្ធ ជាមួយរាជរដ្ឋាភិបាលកម្ពុជា ពិសេស ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយឈលើស្មារតីដែលកម្ពុជា ជាម្ចាស់លើការដ្ឋានការងារកែទម្រង់នេះ ដែលធាតុចូលបន្ថែមរបស់ដៃគូអភិវឌ្ឍន៍ ឆ្លើយតបទៅនឹងតម្រូវ និងសភាពការជាក់ស្តែងរបស់កម្ពុជា។

ជាមួយគ្នានេះ, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្រ្តី ក៏បានស្នើ និងលើកទឹកចិត្ត ឲ្យមន្រ្តីរាជការគ្រប់ក្រសួង-ស្ថាប័ន ទាំងអស់ បន្តកិច្ចខិតខំប្រឹងប្រែង ក្នុងការអនុវត្តការងារកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់៕

ដោយ៖ ស្រីពេជ្រ

X
5s