ព្រោះ​មូលហេតុ​ទាំង​នេះ​សោះ ទើប​ធ្វើ​ឲ្យ​ម្ចាស់​ហាង​ស៊ុបវ័យ​ក្មេង​មាន​ភ្ញៀវ​កាក់កប​បែប​នេះ​



នៅ​ពី​ក្រោយ​ហាង​ស៊ុប​ដ៏​ល្បី​ឈ្មោះ​មួយ​ក្នុង​រាជធានី​ភ្នំពេញ​យីហោ​ ស៊ុប​ត្រី​ជីវចូវ ការ​ពិត​គឺ​ជា​យុវតី​ស្រស់​សោភា​វ័យ​២៣ឆ្នាំ​ម្នាក់​គឺ កញ្ញា ឆន ម៉ីលីវ ជា​ម្ចាស់​ហាង​នឹង​ជា​អ្នក​គ្រប់គ្រង​ដោយ​ផ្ទាល់។ ថ្វី​ត្បិត​តែ​នាង​នៅ​វ័យ​ក្មេង ប៉ុន្តែ​គំនិត​រួម​និង​ទេពកោសល្យ​របស់​នាង​​ក្នុង​ការ​គ្រប់គ្រង​ហាង​គឺ​មិន​ធម្មតា​នោះ​ឡើយ។ ខាង​ក្រោម​នេះ​គឺ​ជា​ការ​ចែក​រំលែក​នូវ​វិធីសាស្ត្រ​ក្នុង​ការ​ទាក់ទាញ​ភ្ញៀវ​ ពី​ម្ចាស់​ហាង​វ័យ​ក្មេង។

ក្នុង​កិច្ច​សម្ភាសន៍​ជា​មួយ Bizkhmer កញ្ញា ម៉ីលីវ ប្រាប់​ថា  ហាង​ស៊ុប​ត្រី​នេះ​គឺ​ម៉ា​(ជីដូន)​របស់​នាង​បាន​សេង​យក​ពី​ជន​ជាតិ​ចិន​ បន្ទាប់​ពី​សង្កេត​ឃើញ​ថា​ម្ចាស់​ហាង​ដើម​ដែល​ជា​ជនជាតិ​ចិន​ទាំង​នោះ​បើក​មិន​សូវ​មាន​ភ្ញៀវ​គាំទ្រ។ ហាង​ស៊ុប​ត្រី​នេះ គឺ​ជា​អាជីវកម្ម​ទិញ​សិទ្ធ​ពី​ប្រទេស​ចិន​(ហ្រ្វេនឆាយ) និង​បាន​បើក​ដំណើរ​ការ​ក្នុង​កំឡុង​ឆ្នាំ​២០១៦ ក្រោម​ទំហំ​ទុន​ជាង​១០ម៉ឺនដុល្លារ។ ហាង​ស៊ុប​ត្រី​ដែល​បើក​ដំបូង​ក្នុង​រាជធានី​ភ្នំពេញ ប៉ុន្តែ​សូម្បី​តែ​ប្រជាជន​ខ្មែរ​ក៏​មិន​ស្គាល់​ផង​នោះ បច្ចុប្បន្ន​មាន​ទាំង​ភ្ញៀវ​ជន​ជាតិ​ខ្មែរ​ និង​បរទេស ចេញ​ចូល​ជា​ហូរហែ​មិន​ដាច់​ ដោយ​ក្នុង​មួយ​ថ្ងៃ​អាច​លក់​បាន​ប្រមាណ​ជាង​១០ឆ្នាំង និង​អាច​ច្រើន​ជាង​នេះ​ប្រសិន​បើ​មាន​ថ្ងៃ​ពិសេស​ណា​មួយ។ 

បន្ថែម​ពី​លើ​រសជាតិ​យ៉ាង​ឆ្ងាញ់​នៃ​ស៊ុប​ត្រី​បែប​ចិន​មួយ​ប្រភេទ​នេះ​ដែល​ធ្វើ​ឲ្យ​ភ្ញៀវ​ជាប់​ចិត្ត ក៏​នៅ​មាន​មូល​ហេតុ​ចម្បង​ផ្សេង​ទៀត​ផង​ដែរ​ដែល​រួម​ផ្សំ​ក្នុង​ការ​ទាក់​ទាញ​ភ្ញៀវ។ យុវតី​សម្បុរ​ស​រាង​តូច​ច្រឡឹង​រូប​នេះ​ចែក​រំលែក​ថា «តាម​ការ​មើល​ឃើញ​របស់​ខ្ញុំ ពេល​ចូល​ទៅ​ហាង​គេ​ផ្សេង ថៅកែ​របស់​គេ​ភាគ​ច្រើន​គឺ​មិន​ដែល​ចេញ​មុខ​ទទួល​ភ្ញៀវ​ផ្ទាល់​ទេ គឺ​មាន​តែ​បុគ្គលិក​ជា​អ្នក​ទទួល​ជំនួស ប៉ុន្តែ​ចំពោះ​ខ្ញុំ​គឺ​ខ្ញុំ​ចេញ​មុខ​ខ្លួនឯង​ផ្ទាល់​ ហើយ​តែង​និយាយ​សួស្ដី រាក់ទាក់​និង​សួរ​ពី​នេះ​ពី​នោះ និយាយ​លេង និង​តែង​អរគុណ​នៅ​ពេល​ភ្ញៀវ​ត្រឡប់​ទៅ​វិញ រហូត​មាន​ពេល​ខ្លះ​មាន​ភ្ញៀវ​ហៅ​ខ្ញុំ​អង្គុយ​ញាំ​ជា​មួយ​នឹង​សួរ​ថា​ហេតុ​អ្វី​បាន​ជា​ស៊ុប​ឆ្ងាញ់​ម្ល៉េះ»។

ម្ចាស់​ហាង​វ័យ​ក្មេង​ លើក​ឡើងបន្ថែម​​ថា ​ការ​ធ្វើ​អាជីវកម្ម​​គឺ​មិនងាយស្រួលទេ ហើយ​នៅ​ពេល​ដែល​ធ្វើ​គឺ​មិន​ដូច​ជា​ការ​គិត​របស់​យើង​នោះ​ទេ ដូច្នេះ​ត្រូវ​រៀន​ធ្វើ​វា​ម្ដង​មួយ​ជំហានៗ​ ដូច​ជា​កញ្ញា​ផ្ទាល់​គឺ​ត្រូវ​គ្រប់គ្រង​និង​កាន់​ជា​ច្រើន​ផ្នែក ដោយ​មាន​ទាំង​ការ​គ្រប់គ្រង​បុគ្គលិក​ បញ្ជី​ចំណូល​ចំណាយ ការ​បញ្ជា​ទិញ​គ្រឿង​ទេស​ផ្សេងៗ​ជា​ដើម។ ជា​មួយ​គ្នា​នេះ​ ម្ចាស់​ហាង​វ័យក្មេង​លើក​ទឹក​ចិត្ត​ថា ប្រសិន​បើ​ចង់​បើក​អាជីវកម្ម​បែប​ភោជនីយដ្ឋាន​អ្វី​ដែល​គួរ​ត្រៀម​ខ្លួន​គឺ ស្វែង​យល់​ឲ្យ​ច្បាស់​ពី​អាជីវកម្ម​នោះ ចេះ​គ្រប់គ្រង​បុគ្គលិក​និង​ចេះ​មើល​ការ​ខុសត្រូវ​ហាង​ ពិសេស​គឺ​រក្សា​ទំនាក់ទំនង​ល្អ​ជា​មួយ​ភ្ញៀវតែម្ដង។

Image may contain: food

សូម​បញ្ជាក់​ថា ស៊ុប​ត្រី​ជីវចូវ ចម្អិន​ឡើង​ដោយ​ត្រី​ទន្លេ​ធម្មជាតិ រួមផ្សំ​ជា​មួយ​នឹង​​គ្រឿង​ផ្សំ​បែប​ចិន​រហូត​ដល់​១៨មុខ​ ដែល​មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​ស៊ុប​មួយ​ឆ្នាំង​នេះ​មាន​រសជាតិ​ឆ្ងាញ់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ប៉ូវ​កម្លាំង​និង​ជំនួយ​ដល់​សុខភាព​ទៀត​ផង។  ពិសេស​ជាង​នេះ​ទៅ​ទៀត​ នៅ​ក្នុង​ហាង​ស៊ុប​មួយ​នេះ​គឺ​ការ​ទទួលទាន​ស៊ុប​ត្រី នៅ​លើ​ខ្ទះ​ថ្ម​សម័យ​ស្តេច​លីវប៉ា​ ដែល​ខ្ទះ​ថ្ម​ទាំង​នោះ​ត្រូវ​បាន​បញ្ជា​ទិញ​ពី​ប្រទេស​ចិន​។ ស៊ុប​ត្រី​ជីវចូវ មាន​ទីតាំង​ស្ថិត​នៅ​លើ​ផ្លូវ ១៧៣ ទល់​មុខ​ស្ថានទូត​ចិន៕ 

ដោយ៖ ជួប ស្រីរ័ត្ន