ខុនដូជាប់មាត់ទឹកដំបូងគេនៅភ្នំពេញ កម្ពស់៦៩ជាន់ បើកការដ្ឋានសាងសង់ជាផ្លូវការ​



ភ្នំពេញ៖ គម្រោងវិនិយោគលើវិស័យលំនៅឋានជាប់មាត់ទឹក ដំបូងគេនៅក្នុងរាជធានីភ្នំពេញ ដែលស្ថតិក្រោមការវិនិយោគរបស់វិនិយោគិនចិន នៅតំបន់ជ្រោយចង្វារ ត្រើយខាងកើត ប្រកាសបើកការដ្ឋានជាផ្លូវការហើយ ជាមួយនឹងទុនវិនិយោគប្រមាណ៦០០លានដុល្លារអាមេរិច។

យោងតាមលោក ទីង យ៉ុងជុន(Ding Youngjun )  អគ្គនាយកក្រុមហ៊ុនម៉ហ្គេនហ្វដ បានមានប្រសាសន៍ថា គម្រោងដែលចាប់ផ្ដើមសាងសង់នៅពេលនេះ មានឈ្មោះថា Morgan EnMaison ដែលជាគម្រោងលំនៅឋាន ជាប់មាត់ទឹកដំបូងគេនៅក្នុងរាជធានីភ្នំពេញ  និងរំពឹងថាមានការគាំទ្រខ្ពស់ពីសំណាក់ប្រជាពលរដ្ឋកំពុងរស់នៅក្នុងប្រទេសកម្ពុជា  ហើយនឹងអាចក្លាយជាអគារនិមិត្តរូបថ្មីមួយទៀត តំណាងអោយកម្ពុជា។

លោកបន្តថា គម្រោងនេះ មិនមែនជាគម្រោងទី១នៃក្រុមហ៊ុនរបស់ខ្លួនឡើយ ព្រោះ ក្រុមហ៊ុនយើង បានសាងសង់គម្រោងជាច្រើននៅក្នុងប្រទេសកម្ពុជា ដែលបានជួយលើកកម្ពស់សោភណភាពទីក្រុង និងប្រណិតភាព ដែលជាកត្តាមួយ អាចទាក់ទាញ ដល់វិនិយោគិនមកពីគ្រប់ទិសទី ដើម្បី មកបណ្ដាក់ទុនវិនិយោគបន្ថែមទៀត ។គម្រោងសំខាន់ៗមួយដែលក្រុមហ៊ុនបានសហការជាមួយវិនិយោគិនក្នុងស្រុក ក្នុងការបណ្ដាក់ទុនរួមមាន គម្រោងរបស់កាណាឌីយ៉ា គម្រោង អូឡាំព្យាជាដើម ដូច្នេះយើងជឿជាក់ថា គម្រោងMorgan EnMaison នៅតំបន់ជ្រោយចង្វារនេះ នឹងក្លាយជាសក្ខីភាពមួយទៀត សម្រាប់ទាញវិនិយោគិនបណ្ដាក់ទុននៅក្នុងបរទេសកម្ពុជា ។  

បើតាមឯកឧត្តមហោ ណាំហុង ឧបនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងពិធីបើកការដ្ឋាននោះថា ការវិនិយោគរបស់ក្រុមហ៊ុន Morgan នៅក្នុងប្រទេសកម្ពុជា បានផ្ដល់ឱកាសការងារជាច្រើនដល់ប្រជាពលរដ្ឋ ព្រោះតាមការសង្កេតនិងកត់សម្គាល់ ក្រុមហ៊ុនមួយនេះ បានវិនិយោគនៅក្នុងប្រទេសកម្ពុជាច្រើនគម្រោងមួយហើយ ចាប់តាំងឆ្នាំ ២០០៨ រហូតមកដល់ពេលបច្ចុប្បន្ននេះ ។ 

ឯកឧត្តមបន្តថា កាលពីឆ្នាំ២០១៨កន្លងទៅនេះ ក្រុមហ៊ុននេះ ក៏បើកការដ្ឋានសាងសង់គម្រោងអគារដ៏ខ្ពស់មួយនៅមជ្ឈមណ្ឌលទីក្រុងកោះពេជ្ររាជធានីភ្នំពេញ ដោយចំណាយទឹកប្រាក់វិនិយោគប្រមាណជាង១០០លានដុល្លារអាមេរិកផងដែរ និងចាត់ទុកជាគម្រោងអគារខ្ពស់ជាងគេមួយនៅកម្ពុជា ហើយសម្រាប់គម្រោងអគារ Morgan EnMaison នេះ ក៏ត្រូវបោះទុនវិនិយោគប្រមាណ ៦០០លានដុល្លារអាមេរិកដែរ ដោយរំពឹងថានឹងរួចរាល់នៅឆ្នាំ ២០២២ខាងមុខ ។ នេះជាការបង្ហាញពីការចូលរួមវិនិយោគរបស់ក្រុមហ៊ុនក្នុងប្រទេសកម្ពុជា ។

គួរបញ្ជាក់ថា បើយោងតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបង្ហាញថាចាប់តាំងពីឆ្នាំ ២០១៦ ដល់ខែសីហា ឆ្នាំ ២០១៩ ការវិនិយោគផ្ទាល់ពីប្រទេសចិន នៅក្នុងប្រទេសកម្ពុជា មានទំហំទឹកប្រាក់ប្រមាណ ៧,៩ពាន់លានដុល្លារអាមេរិក ដែលស្មើនឹងប្រមាណ៣៥ភាគរយនៃទំហំវិនិយោគបរទេសសរុប និងបានធ្វើអោយចិនឈរលំដាប់កំពូលជាវិនិយោគិនដាក់ទុនវិនិយោគច្រើនជាងគេនៅក្នុងប្រទេសកម្ពុជា ៕

ដោយ៖ ស្រីពេជ្រ