សហស្ថាបនិកវ័យក្មេង ម៉េង ស្រីលីន៖ បណ្ដាញសង្គមជួយជំរុញល្បឿនអាជីវកម្មយ៉ាងមានប្រសិទ្ធភាព​



បណ្ដាញសង្គម ឬការធ្វើពាណិជ្ជកម្មតាមអនឡាញបានក្លាយជាគោលដៅដ៏សំខាន់មួយសម្រាប់ម្ចាស់អាជីវកម្ម ឬសហគ្រិនវ័យឆ្លាតក្នុងយុគសម័យឌីជីថលនេះ។ សញ្ញាវិជ្ជមានដែលផ្តល់ជូនអាជីវកម្មតាមរយៈការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលមានច្រើនដូចជា មានភាពច្នៃប្រឌិតខ្ពស់ កាត់បន្ថយចំណាយ និងចំណេញពេលវេលាច្រើន។

ជាសហស្ថាបនិក Startup Smart Farm Assistance និងជានិសិ្សតឆ្នាំទី ២ សិក្សាផ្នែក E-Commerce នៃវិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ហៅកាត់ថា នីបទិក (NIPTICT) កញ្ញាម៉េង ស្រីលីន បានធ្វើការចែករំលែកថា ការប្រើប្រាស់បណ្ដាញសង្គមបានធ្វើឲ្យអាជីវកម្មកសិកម្មឆ្លាតវៃរបស់កញ្ញាមានដំណើរការឆាប់រហ័ស និងមានអ្នកស្គាល់ច្រើនក្នុងរយៈពេលខ្លី។ 

យុវតីវ័យក្មេងរូបនេះបានរៀបរាប់ថា មកទល់ពេលនេះចំនួនអ្នកដែលមានទូរស័ព្ទឆ្លាតវៃប្រើប្រាស់គឺមានច្រើន អ្វីដែលកាន់តែគួរឲ្យកត់សម្គាល់គឺការយល់ដឹងលើការប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គមពិសេសគឺ Facebook និង Instagram ក៏មានការកើនឡើងដូចគ្នា។ អ៊ុំ ពូ មីងមួយចំនួនមិនថានៅក្នុងទីក្រុង ឬនៅតាមជនបទក៏មានគណនី Facebook ផ្ទាល់ខ្លួនដែរដើម្បីងាយស្រួលភ្ជាប់ទំនាក់ទំនងជាមួយកូនៗ និងគ្រួសារ ដែលជាកត្តាមួយជំរុញឲ្យពួកគាត់អាចទទួលបានព័ត៌មានជាច្រើន រួមទាំងព័ត៌មានលើវិស័យកសិកម្មជាដើម។ ទាំងនេះជាកត្តាវិជ្ជមាននាំឲ្យការប្រើប្រាស់បណ្ដាញសង្គមសម្រាប់ធ្វើអាជីវកម្មគឺមានផលល្អច្រើន។ 

កញ្ញា លីន បានបន្តថាបើនិយាយពីការលក់ឧបករណ៍គ្រប់គ្រងទឹកដោយប្រព័ន្ធស្វ័យប្រវត្តិ (Smart Valve) របស់អាជីវកម្ម Smart Farm Assistance ក៏ដូចគ្នាគឺធ្វើឡើងតាមរយៈបណ្ដាញសង្គម Facebook បន្ទាប់ពីគម្រោងក្រុមរបស់កញ្ញាបានជាប់ជ័យលេភីក្នុងកម្មវិធីដាក់ដាំ DakDam Incubation និងព្រមទាំងបានជ័យលាភីលេខ ១ ពីការប្រកួតប្រជែងលើកម្មវិធី Techno Innovation Challenge Cambodia ឆ្នាំ ២០១៩ និង BarCamp ASEAN 2019។ បន្ទាប់ពីការបង្កើតទំព័រ Facebook Smart Farm Assistance និង Post ពីឧបករណ៍គ្រប់គ្រងទឹកដោយប្រព័ន្ធស្វ័យប្រវត្តិសម្រាប់កសិដ្ឋានដែលបង្កើតដោយក្រុមរបស់កញ្ញា គឺមានការទាក់ទងសួរនាំច្រើនពីអ្នកដាំដំណាំទាំងលក្ខណៈគ្រួសារ និងកសិដ្ឋាន។ 

មកទល់ពេលនេះឧបករណ៍គ្រប់គ្រងទឹកដោយប្រព័ន្ធស្វ័យប្រវត្តិលក់បាន ៤ គ្រឿងហើយ ដែលជាក់ស្តែង Smart Farm Assistance ទើបតែដំណើរការបានរយៈពេលប្រមាណជា ៥ ខែប៉ុណ្ណោះ ហើយកញ្ញាក៏បានកត់សម្គាល់ដែរថាអតិថិជនរបស់ Smart Farm Assistance ភាគច្រើនក៏បានមកដោយបណ្ដាញសង្គម Facebook នេះដែរ។ ស្រីលីន បានបញ្ជាក់ចំណុចមួយថា៖ “ការប្រើបណ្ដាញសង្គមសម្រាប់អាជីវកម្មវាល្អ តែមិនមែនមានន័យថាម្ចាស់អាជីវកម្មត្រូវកាត់ផ្តាច់ពីការបង្កើតបណ្ដាញទំនាក់ទំនងជាមួយអតិថិជននិងសង្គមឡើយ ការជួបផ្ទាល់និងការលក់ដោយផ្ទាល់ គឺសំខាន់បំផុតក្នុងការលក់”។ 

 

គួរបញ្ជាក់ផងដែរថា Smart Farm Assistance គឺជាគម្រោងអាជីវកម្មបង្កើតថ្មីមួយ (Startup) ដែលបង្កើតឡើងដោយក្រុមនិសិ្សតជួយដោះស្រាយបញ្ហាកសិកម្មនៅក្នុងប្រទេសកម្ពុជា លើការបង្កើតឧបករណ៍គ្រប់គ្រងទឹកដោយប្រព័ន្ធស្វ័យប្រវត្តិសម្រាប់កសិដ្ឋាន។ ឧបករណ៍នេះអាចជួយកសិករត្រួតពិនិត្យទិន្នន័យស្ថានភាពដី សំណើមដី និងបិទបើកទឹកស្វ័យប្រវត្ដិតាមរយៈទូរស័ព្ទដៃ ដែលវាជាជំនួយការសំខាន់មួយសម្រាប់កសិករកាត់បន្ថយការចំណាយពេលវេលា ចំណាយកំលាំង និងថវិកាលើការស្រោចស្រប់ដំណាំ។ ឧបករណ៍នេះអាចជួយឲ្យប្រជាកសិករប្រើប្រាស់ទូរស័ព្ទដៃក្នុងការបញ្ជាបិទ បើកវ៉ាន និងម៉ូទ័រទឹក ហើយអាចប្រើទាំងទូរស័ព្ទឆ្លាតវៃ (Smart Phone) និងទូរស័ព្ទធម្មតាដូចជាស៊េរី N ចុចពិលជាដើម ហើយព័ត៌មាននឹងបញ្ជូនមកក្នុងទូរស័ព្ទតាមរយៈសារ SMS ដើម្បីធ្វើការបញ្ជាបានដោយងាយស្រួលសូម្បីគ្មានអ៊ីនធឺណេតក៏ដោយ។ ចំណែកទូរស័ព្ទឆ្លាតវៃ (Smart Phone) គឺអាចទាញយក App ដើម្បីប្រើបញ្ជា៕

ដោយ៖ យ៉ាយ៉ា

X
5s