៤​ថ្ងៃ​ទៀត​ប៉ុណ្ណោះ ព្រឹត្តិការណ៍​ជួបជុំ​ក្រុម​ម៉ូតូ​ដ៏​ធំ​នៅ​សៀមរាប​នឹង​ចាប់​ផ្ដើម​



ព្រឹត្តិការណ៍​ជួបជុំ​ក្រុម​ម៉ូតូ​ដ៏​ធំ​អស្ចារ្យ​និង​ដំបូង​បំផុត​នៅ​កម្ពុជា Motorrad Angkor Festival 2019 នឹង​ចាប់​ផ្ដើម​ឡើង​រយៈ៣ថ្ងៃ គឺ​ចាប់​ពី​ថ្ងៃទី០៦ ដល់​ថ្ងៃ​ទី​០៨ ខែ​ធ្នូ ឆ្នាំ​២០១៩ នា​ទឹក​ដី​ខេត្ត​សៀមរាប ដែល​នឹង​មាន​ការ​ចូល​រួម​យ៉ាង​ច្រើន​កុះករ​ពី​សំណាក់​ក្រុម​ម៉ូតូ​ធំ​របស់​កម្ពុជា រួម​នឹង​ក្រុម​ម៉ូតូ​ធំ​នានា​មក​ពី​តាម​បណ្ដា​ប្រទេស​មួយ​ចំនួន​ទៀត​ក្នុង​តំបន់​អាស៊ាន។

លោក អ៊ុំ ប៊ុនរ៉េត ប្រធាន​ក្លឹប BMW Motorcycle Club Cambodia បាន​លើក​ឡើង​ថា ព្រឹត្តិការណ៍​នេះ​ រៀបចំ​ឡើង​ក្នុង​គោលបំណង​លើកកម្ពស់​វិស័យ​កីឡា​យានយន្ត​កម្ពុជា ជា​ពិសេស​ម៉ូតូ​គ្រប់​ប្រភេទ​ ដែល​បាន​បង្កើត​ជា​ក្រុម​និង​បាន​ចុះ​បញ្ជី​ក្នុង​សហព័ន្ធ​ ដើម្បី​ចូល​រួម​ផ្សព្វផ្សាយ​អំពី​សុវត្ថិភាព​ចរាចរណ៍ ​សីលធម៌​ក្នុង​ការ​ប្រើប្រាស់​ផ្លូវ​ថ្នល់​ជា​មួយ​គ្នា និង​ការ​ចែក​រំលែក​បទពិសោធន៍​បច្ចេកទេស​រវាង​អ្នក​ចូល​ចិត្ត​ម៉ូតូ​ធំ​ជា​ដើម។ 

លោក សូ សុជាតិ អគ្គលេខាធិការ​សហព័ន្ធ​យានយន្ត​កម្ពុជា បាន​លើក​ឡើង​ថា សហព័ន្ធ​កីឡា​នឹង​ធ្វើ​ជា​ស្ពាន​ដែល​នឹង​នាំ​កីឡា​ករ​កម្ពុជា​ទៅ​កាន់​ឆាក​អន្តរជាតិ ព្រោះ​មក​ដល់​ពេល​នេះ​កម្ពុជា​បាន​ក្លាយ​ទៅ​ជា​សមាជិក​របស់​អង្គការ​យានយន្ត​ពិភពលោក (FIA) រយៈពេល​២ឆ្នាំ​មក​ហើយ ដែល​វា​នឹង​ក្លាយ​ជា​ឱកាស​ដ៏​សម្រាប់​កីឡាករ​កម្ពុជា​ដែល​មាន​សមត្ថភាព​ អាច​បង្ហាញ​ទេពកោសល្យ​និង​សមត្ថភាព​នៅ​លើ​ឆាក​អន្តរជាតិ​បាន ដែល​នេះ​គឺ​ជា​មោទនភាព​សម្រាប់​ប្រទេស​ជាតិ​ ក៏​ដូច​ជា​សហព័ន្ធ​កីឡា​កម្ពុជា​ផង​ដែរ។

Motorrad Angkor Festival 2019 និង​ប្រព្រឹត្តិ​ឡើង​នៅ​លើ​ផ្ទៃដី​ប្រមាណ​ជាង ៨ហិកតា នៅ​តំបន់​អង្គរ​ឃ្យូងយូរ នៅ​តាម​បណ្ដោយ​ផ្លូវ​៦០ម៉ែត្រ ទល់​មុខ​សណ្ឋាគារ​សុខា​សៀមរាប ដែល​ជា​ទីតាំង​នៅ​ចំកណ្ដាល​ក្រុង​សៀមរាប ដែល​នឹង​ចូល​រួម​ដោយ​អ្នក​ទស្សនា​ប្រមាណ​ជាង​៥ម៉ឺននាក់​មក​ពី​គ្រប់​ទិសទី ពិសេស​គឺ​ប្រមូល​ផ្ដុំ​ទៅ​ដោយ​អ្នក​ស្រលាញ់​ម៉ូតូ​ធំ​រាប់ពាន់​នាក់​មក​ពី​បណ្ដា​ប្រទេស​ក្នុង​តំបន់​អាស៊ាន​ដូច​ជា កម្ពុជា ថៃ វៀតណាម ឡាវ សិង្ហបុរី ម៉ាឡេស៊ី ចិន ស្រីលង្កា អ៊ីរ៉ង់ ហ្វីលីពីន ឥណ្ឌូណេស៊ី និង​ប្រទេស​មួយ​ចំនួន​ទៀត​ផង​ដែរ។

គួរ​បញ្ជាក់​ផង​ដែរ​ថា នៅ​ក្នុង​កម្មវិធី​ជួបជុំ​អ្នក​ស្រលាញ់​ម៉ូតូ​ប្រចាំ​ឆ្នាំ​លើក​ទី​មួយ​នេះ មាន​ការ​ចូល​រួម​ឧបត្ថម្ភ​ពី​ក្រុមហ៊ុន​មួយ​ចំនួន​ដូច​ជា៖ ម៉ាហ្វីយ៉ា រីស្សត, G.T.V.C, ក្រុមហ៊ុន​ Cell Card, ក្រុមហ៊ុន Golden Oasis Entertainment Co.,Ltd, ក្រុមហ៊ុន​ដឹក​ជញ្ជូន​អ្នក​ដំណើរ វិរៈប៊ុនថាំ, ក្រុមហ៊ុន ប្រេង​រំអិល BCP Super1, ទឹក​បរិសុទ្ធ SKH Premium Water សណ្ឋាគារ Platinum Residence និង​ភេសជ្ជៈ​ប៉ូវ​កម្លាំង Boxing៕

 

 

X
5s