៤ ចំណុចពីលោក អ៊ុក វីឡា ក្នុងការគ្រប់គ្រងស្រ្តេសនៅកន្លែងការងារ និងកាត់បន្ថយបញ្ហាក្នុងគ្រួសារ​



ក្នុងពេលបច្ចុប្បន្ន មានមនុស្សមិនតិចទេដែលកំពុងរងផលប៉ះពាល់ពីកត្តាស្រ្តេសនៅកន្លែងការងារ។ បើយោងតាមរបាយការណ៍ពីអង្គការសុខភាពពិភពលោក WHO បានបង្ហាញថា អត្រានៃអ្នកធ្វើអត្តឃាតសកលក្នុងឆ្នាំ ២០១៦ ដែលភាពច្រើនបណ្ដាលមកពីការកើតជំងឺបាក់ទឹកចិត្ត និងមួយចំនួនទទួលរងសម្ពាធខ្លាំងពីការងារដែលពួកគេកំពុងតែធ្វើ ក្នុងនោះនៅប៉ែកអឺរ៉ុប ១៥.៤% អាមេរិក ៩.៨% អាព្រិក ៧.៤% និងអាស៊ីអាគ្នេយ៍ ១៣.២%។ គេសង្កេតឃើញថាអ្នកដែលមានការរងសម្ពាធនៅកន្លែងការងារ មានឱកាសច្រើនក្នុងការបង្កជាបញ្ហាក្នុងគ្រួសារ កើតជាជម្លោះ មានភាពរកាំរកូស បង្កអំពើហិង្សា និងឈានដល់ការបែកបាក់គ្នាក៏មាន។ 

លោក អ៊ុក វីឡា នាយកគ្រប់គ្រងផ្នែកធនធានមនុស្សនៃក្រុមហ៊ុន ប៉េង ហួត គ្រុប បានមានប្រសាសន៍ថា នៅកម្ពុជាសព្វថ្ងៃក៏កំពុងមានការប្រឈមជាមួយបញ្ហាស្រ្តេសដែលភាគច្រើនអ្នកដែលមានការងារធ្វើត្រូវប្រឈមនឹងបញ្ហាស្រេ្តសនៅកន្លែងការងារ និងបញ្ហាសង្គមផ្សេងៗ។

លោកបានលើកឡើងពីករណីក្រុមហ៊ុនឯកជនស្តង់ដារពិភពលោកខា្នតធំមួយមានបុគ្គលិកច្រើន ជាមួយគ្នានេះដែរគេបានរកឃើញថាប្រមាណ ៥៧% នៃអ្នកគ្រប់គ្រងជាន់ខ្ពស់ក្នុងក្រុមហ៊ុន មានបញ្ហាដល់ទំនាក់ទំនងគ្រួសារ ដែលទាំងនេះវាបណ្ដាលមកពីអសមតុល្យរវាងការបំពេញការងារ និងជីវិតឯកជន។ 

ក្នុងសិក្ខាសាលាមួយស្តីពី គន្លឹះក្នុងការបង្កើនតុល្យភាពនៃជីវិតការងារ និងជីវិតឯកជន លោក អ៊ុក វីឡា បានធ្វើការចែករំលែកវិធីសាស្រ្តផ្ទាល់ខ្លួន ៤ យ៉ាងនៃការគ្រប់គ្រងស្រ្តេស និងការបែងចែករវាងការងារ និងជីវិតឯកជនដើម្បីឲ្យមានតុល្យភាព និងសុភមង្គលក្នុងគ្រួសារបានយ៉ាងមានប្រសិទ្ធិភាព៖

១) កត្តាការងារ
“បើចង់ឲ្យការងារដែលយើងកំពុងធ្វើបានជោគជ័យ និងមានដំណើរការទៅយ៉ាងរលូនគឺយើងត្រូវចាប់ផ្តើមដោយការធ្វើផែនការ ដូចខ្ញុំ ខ្ញុំតែងធ្វើផែនការថាក្នុងឆ្នាំនេះខ្ញុំត្រូវធ្វើអ្វី ឆ្នាំក្រោយខ្ញុំត្រូវទៅដល់ណាហើយត្រូវដើរតាមផ្លូវណា ក្រៅពីនេះខ្ញុំតែងពិនិត្យឡើងវិញជានិច្ចរាល់ការងារដែលបានធ្វើរួចរាល់ និងការងារដែលនឹងត្រូវធ្វើបន្ទាប់” ប្រសាសន៍លោក វីឡា។

នៅមិនទាន់អស់ទេ លោកក៏បានបញ្ជាក់ពីសកម្មភាពមួយចំនួនទៀតដែរថា បើពេលណាលោកហាក់ដូចមានអារម្មណ៍ថាស្មុគស្មាញលោកចាប់ផ្តើមផ្លាស់ប្តូរបរិយាកាសសម្រាប់ខួរក្បាលខ្លួនឯង ដោយការដើរចេញមកជជែកលេងជាមួយបុគ្គលិក មើលនេះបន្តិច មើលនោះបន្តិចដើម្បីឲ្យភ្នែកអាចទទួលយករូបភាពថ្មីៗ អាចជួយឲ្យមានការគិតថ្មីៗបន្ទាប់។ “បើនិយាយពីការរៀបចំតុការិយាល័យក៏ជាឥទ្ធិពលសំខាន់មួយដែរ នៅលើតុខ្ញុំមានផ្លែត្នោត ផ្លែស្លាទុំ និងរបស់របរមួយចំនួនទៀតដែលខ្ញុំអាចមើល និងលេងបានដើម្បីផ្លាស់ប្តូរបរិយាកាស បង្វែរការគិតមួយភ្លែត ហើយខ្ញុំក៏តែងអាន និងស្រាវជ្រាវបន្ថែមនៅពេលដែលមានអារម្មណ៍ថាការគិតរបស់ខ្ញុំកំពុងជាប់គាំង ព្រោះការអាន ការស្រាវជ្រាវជួយបង្កើនការគិត និងជួយឲ្យអារម្មណ៍ខ្ញុំបានប្រសើរយ៉ាងល្អ” លោកបញ្ជាក់បន្ថែម។

២) កត្តាសង្គម
គ្មាននរណាម្នាក់ដែលអាចកំចាត់ភាគស្មុគស្មាញបានគ្រប់ពេល និង ១០០% ទេ អារម្មណ៍តានតឹងនៅតែអាចធ្វើឲ្យអ្នកឆេវឆាវដោយជៀសមិនបាន។ តែសម្រាប់លោក វីឡាអ្វីដែលលោកតែងធ្វើពេលដឹងថាអារម្មណ៍ឆេវឆាវកំពុងគ្របដណ្តប់ភាពម្ចាស់ការរបស់ខ្លួន គឺលោកច្រើនដើរចេញពីស្ថានការណ៍តានតឹងនោះដើម្បីចៀសវាងកុំឲ្យមានភាពឆាំងទៅឆាំងមក។ លោកច្រើនកំចាត់អារម្មណ៍មួម៉ៅ អារម្មណ៍ស្មុគស្មាញដោយការចេញក្រៅទទួលទានកាហ្វេ ឬជួបជជែកជាមួយមិត្ត ឬពេលខ្លះការប្រើបណ្ដាញសង្គម ការ Chat លេងជាមួយមិត្តភក្តិក៏ជួយបន្លប់ភាពស្មុគស្មាញបានដែរ។ ការភ្ជាប់ខ្លួនជាមួយនឹងបណ្ដាញសង្គមក៏ជាជម្រើសមួយរបស់លោកដែរ ព្រោះថាលោកយកបណ្ដាញសង្គមជាអ្នកផ្តល់ព័ត៌មាន (មើលតែព័ត៌មានដែលមានប្រភពពិតប្រាកដ និងផ្តល់ជាប្រយោជន៍ដល់ការគិត) និងការកម្សាន្ត។

៣) កត្តាគ្រួសារ
ការចំណាយពេលជាមួយគ្រួសារជារឿងសំខាន់មិនថាតែអ្នកដែលមានគ្រួសារ ឬអ្នកនៅលីវទេព្រោះគ្រួសារជាក្រុមមនុស្សដែលជ្រោមជ្រែង រួមសុខរួមទុក្ខជាមួយអ្នកច្រើនជាងគេបំផុត។ ការបង្កើតភាពស្និតស្នាលជាមួយមនុស្សដទៃជុំវិញខ្លួន ទុកគ្រួសារនៅដោយឡែកហើយពេលខ្លួនយកកំហឹងដែលបានមកពីមជ្ឍដ្ឋានដទៃមកជះលើគ្រួសារប្រពន្ធ កូន ឬឪពុក ម្តាយទៅវិញ សកម្មភាពទាំងអស់នេះយូរៗទៅវាបណ្ដាលឲ្យមានការប្រះឆាក្នុងរង្វង់គ្រួសារ។ 

ចំពោះលោកវីឡាផ្ទាល់ លោកតែងបែងចែកពេលវេលាយ៉ាងច្បាស់លាស់ថាពេលណាជាពេលសម្រាប់ការងារ និងពេលណាជាពេលវេលាដែលលោកត្រូវចំណាយ និងផ្តល់ជូនគ្រួសារ។ លោកបញ្ជាក់ថា “វាមិនមែនជាបញ្ហាទេសម្រាប់ខ្ញុំដែលគ្រាន់តែចំណាយពេលជាមួយប្រពន្ធ និងកូនទៅដើរកម្សាន្តពេលចុងសប្ដាហ៍ ថ្ងៃឈប់សម្រាក។ ពេលខ្លះការជួយកិច្ចការងារក្នុងផ្ទះក៏ជាតួនាទីរបស់បុរសជាស្វាមីដែរ គ្មានអ្វីខាតបង់ទេដោយគ្រាន់តែចេញពីធ្វើការចូលផ្សារទិញបន្ថែ និងម្ហូបមួយចំនួន មើលកូនខ្លះ បង្រៀន ជជែកលេងជាមួយកូនប្រពន្ធខ្លះ ព្រោះទង្វើតូចតាចទាំងអស់នេះផ្តល់ជាក្តីសុខ និងសុភមង្គលយ៉ាងធំធេងសម្រាប់គ្រួសារ”។   

៤) កត្តាផ្ទាល់ខ្លួន
លោកបានបញ្ជាក់ថា កត្តាគ្រប់គ្រងអារម្មណ៍ផ្ទាល់ខ្លួនជាចំណុចសំខាន់អាចជះឥទ្ធិពលដល់កត្តាទាំង ៣ ខាងលើ។ ក្នុងនាមជាអ្នកគ្រប់គ្រងផ្នែកធនធានមនុស្សលោកដឹងច្បាស់ថា សមត្ថភាពក្នុងការគ្រប់គ្រងអារម្មណ៍វាសំខាន់កម្រិតណា ព្រោះការគ្រប់គ្រងអារម្មណ៍មិនបានល្អជះឥទ្ធិពលខ្លាំងដល់ការគ្រប់គ្រងបុគ្គលិក និងទំនាក់ទំនងក្នុងអង្គភាព។ 

ភាពហត់នឿយមួយចំនួនក៏បានធ្វើឲ្យអារម្មណ៍ប្រែប្រួលទៅជាឆេវឆាវដែរ តែលោកវីឡាមានទម្លាប់មួយដែលជួយឲ្យលោកគេងលក់ក្នុងរយៈពេលត្រឹមតែប្រមោណ ៥ ទៅ១០នាទី លោកបានកត់សម្គាល់ថាទម្លាប់មួយនេះជួយឲ្យមានស្មារតីស្វាងស្រលះល្អ។ លោកបានមានប្រសាសន៍ថា វាពិតជាលំបាកសម្រាប់មនុស្សយើងពិសេសបើឈានចូលដល់វ័យត្រូវបំពេញការងារនេះ តែលោកបានព្យាយាមអនុវត្តទម្លាប់មួយនេះហើយក៏ទទួលផលលើការគ្រប់គ្រងអារម្មណ៍ ព្រោះវាជួយសម្រួលនិងកាត់បន្ថយភាពតានតឹងបានច្រើន ក៏ជួយឲ្យលោកបង្កើនផលិតភាពការងារបានខ្ពស់ដូចគ្នាដែរ។ មួយវិញទៀត ស្វែងរកពេលវេលាផ្ទាល់ខ្លួនដើម្បីសម្រាកជារឿងមួយសំខាន់ ដូចជាការទៅស្ទីម ការអានសៀវភៅ ស្តាប់តន្ត្រីឬព័ត៌មាន និងការសរសេរកំណត់ត្រានានាព្រោះមនុស្សម្នាក់ៗសុទ្ធតែត្រូវការពេលវេលាសម្រាប់ខ្លួនឯង។

គួរបញ្ជាក់ថាសិក្ខាសាលាមួយនេះបានលើកយកប្រធានបទសំខាន់មួយស្តីពី គន្លឹះក្នុងការបង្កើនតុល្យភាពនៃជីវិតការងារ និងជីវិតឯកជន រៀបចំឡើងដោយ ក្រុមហ៊ុន ប៉េង ហួត គ្រុប កាលពីថ្ងៃសៅរ៍ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩ ដែល​មានវាគ្មិន​ចំនួន​ពីររូបគឺ​លោក អ៊ុក វីឡា និង​លោក​អួង​ បូរិន នាយក​សេវាធនធាន​មនុស្សនៃ​ក្រុមហ៊ុន Aplus Consulting។ នេះគឺជាសិក្ខាសាលាលើកទី ៣ ហើយដែលក្រុមហ៊ុន ប៉េង ហួត គ្រុប បានរៀបចំឡើង ហើយជានិច្ចកាល ប៉េង ហួត គ្រុប បានចូលរួមចំណែកការងារសង្គម ក៏ដូចជាចែករំលែកចំណេះដឹងល្អៗឆ្លើយតបនឹងទំនួលខុសត្រូវសង្គម៕

ដោយ៖ យ៉ាយ៉ា