គួរ​ឲ្យ​បារម្ភ! សំណល់​ប្លាស្ទិក​នឹង​កើន​ដល់​៣៤ប៊ីលាន​តោន​នៅ​ឆ្នាំ​២០៥០​



កំណើន​ប្រជាជន តម្រូវ​ការ រួម​ផ្សំ​នឹង​ការ​រីកចម្រើន​របស់​សង្គម បាន​បង្ក​ផល​ប៉ះពាល់​មិន​តិច​នោះ​ឡើយ​ដល់​បរិស្ថាន ពិសេស​បើ​និយាយ​ដល់​កាក​សំណល់​ប្លាស្ទិក​ដែល​កំពុង​កើន​ឡើង​ឥត​ឈប់ឈរ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​វិញ បច្ចុប្បន្ន​វា​បាន​ក្លាយ​ជា​ក្ដី​កង្វល់​ដ៏​ធំ​របស់​ពិភព​លោក រហូត​ជំរុញ​ឲ្យ​មាន​វិធាន​ការ​ទប់ស្កាត់​ជា​ហូរហែ​ដែល​យើង​តែង​ឃើញ​​ផ្សាយ​តាម​រយៈ​បណ្ដាញ​សង្គម។ ជា​មួយ​គ្នា​នេះ យោង​តាម​ក្រសួង​បរិស្ថាន​បាន​ឲ្យ​ដឹង​ថា សំណល់​ប្លាស្ទិក​នឹង​កើន​រហូត​ដល់​៣៤ប៊ីលានតោន​ឯណោះ​នៅ​ក្នុង​ឆ្នាំ​២០៥០ ដែល​ចំនួន​នេះ​វា​អាច​នឹង​ច្រើន​ជាង​ត្រី​នៅ​ក្នុង​សមុទ្រ​ទៅ​ទៀត​ប្រសិន​បើ​គ្មាន​វិធាន​ការ​ទប់ស្កាត់​ដ៏​មាន​ប្រសិទ្ធភាព​ទេ​នោះ។

បច្ចុប្បន្ន​ការ​បំពុល​ដោយ​កាក​សំណល់​ប្លាស្ទិក​កំពុង​ក្លាយ​ទៅ​ជា​មហន្តរាយ​យ៉ាង​ធ្ងន់ធ្ងរ​ដល់​បរិស្ថាន ក្នុង​នោះ​គេ​បាន​ប៉ាន់​ប្រមាណ​ថា សំណល់​ប្លាស្ទិក​ប្រមាណ​ជា ១០០លានតោន​ឯណោះ​ត្រូវ​បាន​គេ​ប្រមូល​យក​ចេញ​ពី​មហាសមុទ្រ។ នេះ​បើ​យោង​តាម​គេហទំព័រ​របស់  Basel Convention (សន្ធិសញ្ញា​អន្តរជាតិ​មួយ​ដែល​ធ្វើ​ការ​គ្រប់គ្រង​លើ​កាក​សំណល់​រឹង​ប្លាស្ទិក មាន​ទីតាំង​នៅ​ទីក្រុង Basel Switzerland)។ 

ក្នុង​វេទិកា​ស្ដី​អំពី «សកម្មភាព​ទប់​ស្កាត់​សំណល់​ប្លាស្ទិក​នៅ​កម្ពុជា» កាល​ពី​ពេល​ថ្មីៗ​កន្លង​ទៅ ឯកឧត្ដម នេត្រ ភក្ត្រា រដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន​បាន​លើក​ឡើង​ថា  សព្វ​ថ្ងៃ​នេះ​ ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​សំណល់​រឹង​សំរាម​ សំណល់​ប្លាស្ទិក​ជា​សកម្មភាព​ជា​អាទិភាព​បំផុត​មួយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា។ រាជរដ្ឋាភិបាល​កម្ពុជា​ មិន​អនុញ្ញាត​ឱ្យ​មាន​ជា​ដាច់ខាត​ចំពោះ​ការ​នាំ​ចូល​នូវ​សំណល់​ប្លាស្ទិក​មក​កែច្នៃ​នៅ​កម្ពុជា​ហើយ​កម្ពុជា​តែងតែ​ជំទាស់​ជា​និច្ច​នឹង​ការ​នាំចូល​សំណល់​ប្លាស្ទិក និង​ប្រេង​ម៉ាស៊ីន​មក​កែច្នៃ​នៅ​កម្ពុជា។ 

គួរ​បញ្ជាក់​ថា ចាប់​តាំង​ពី​ការ​បង្កើត​ប្លាស្ទិក​ដំបូង រហូត​ដល់​ឆ្នាំ ២០១៧ សំណល់​ប្លាស្ទិក​មាន​ចំនួន​ប្រមាណ​ជាជាង ៨.៣ ប៊ីលានតោន ហើយ​មាន​តែ ៩% តែ​ប៉ុណ្ណោះ​នៃ​សំណល់​ប្លាស្ទិក​ដែល​ត្រូវ​បាន​យក​មក​កែច្នៃ​ដើម្បី​ប្រើប្រាស់​ឡើង​វិញ ក្នុង​នោះ​ថៃ​ជា​ប្រទេស​មួយ​ដែល​មាន​ការ​ប្រើប្រាស់​ និង​ចោល​សំណល់​ជា​ថង់​ប្លាស្ទិច​ច្រើន​ជាង​គេ​លើ​ពិភពលោក​ដែល​បង្ក​ឲ្យ​ប៉ះពាល់​ដល់​ជីវិត​សត្វ​សមុទ្រ​មិន​តិច​ឡើយ៕ 

ដោយ៖ ជួប ស្រីរ័ត្ន