ឧស្សាហកម្មការងារទាំង ៥ ដែលអាចនឹងមានតម្រូវការខ្ពស់នាពេលប៉ុន្មានឆ្នាំខាងមុខ​



នៅពេលដែលពិភពលោកកាន់តែផ្តោតទៅលើបច្ចេកវិទ្យា ស្វ័យប្រវត្តិកម្មនិងបញ្ញាសិប្បនិម្មិតនឹងបន្តជំនួសការងាររាប់លាននៅលើពិភពលោក។ យោងតាមរបាយការណ៍របស់វិទ្យាស្ថាន McKinsey Global នាពេលថ្មីៗនេះបានឲ្យដឹងថាការងារចំនួន ៣៧៥ លាននឹងត្រូវបាត់បង់ត្រឹមឆ្នាំ ២០៣០ ទោះបីជាមានការច្នៃប្រឌិតបច្ចេកវិទ្យាក៏ដោយ ចំណែកឧស្សាហកម្មខ្លះនឹងបន្តរីកចម្រើនយ៉ាងខ្លាំង។ នេះគឺជាវិស័យចំនួន ៥ ដែលអាចនឹងមានការរីកលូតណាស់យ៉ាងខ្លាំក្លានៅពេលខាងមុខ៖

១) អ្នកវិភាគនិងគ្រប់គ្រងទិន្នន័យ
ទិន្នន័យនិងការវិភាគគឺជាការបង្កើតជំនាញការងារសម្រាប់ហេតុផលល្អមួយ។ ការងារជាអ្នកវិភាគកំពុងរីកចម្រើនយ៉ាងខ្លាំងនៅគ្រប់ផ្នែកទីផ្សារហើយគោលការណ៍របស់វាត្រូវបានអនុវត្តទៅគ្រប់ផ្នែកនៃមុខជំនួញចាប់ពីការលក់និងទីផ្សាររហូតដល់ធនធានមនុស្ស។ PricewaterhouseCoopers ប៉ាន់ប្រមាណថានៅឆ្នាំ ២០២០ នឹងមានការងារទាក់ទងនឹងទិន្នន័យនិងការវិភាគចំនួន ២.២ លានការងារដែលត្រូវបានប្រកាសនៅសហរដ្ឋអាមេរិក។ តំបន់ដែលមានកំណើនខ្ពស់ជាងគេក្នុងវិស័យវិភាគរួមមានអ្នកវិទ្យាសាស្ត្រទិន្នន័យ អ្នកវិភាគប្រតិបត្តិការ និងអ្នកវិភាគធនធានមនុស្សជាដើម។

២) សន្តិសុខអ៊ីនធឺណិត
សន្តិសុខអ៊ីនធឺណិតកំពុងមានសារៈសំខាន់កាន់តែខ្លាំងឡើងនៅពេលអាជីវកម្មកាន់តែប្រមូលផ្តុំចែករំលែកនិងប្រើប្រាស់ទិន្នន័យនៅលើបណ្តាញសង្គម។ តម្រូវការនឹងកាន់តែច្រើនសម្រាប់មុខតំណែងសុវត្ថិភាពតាមអ៊ីនធឺណិត ការប៉ាន់ស្មានដោយ Cybersecurity Ventures បានបង្ហាញថានឹងមានការងារដែលទាក់ទងនឹងការរក្សាប្រព័ន្ធសុវត្ថិភាពតាមប្រព័ន្ធអ៊ិនធឺណិតចំនួន ៣.៥ លានការងារនៅឆ្នាំ ២០២១។ ការងារនេះរួមមានស្ថាបត្យករប្រព័ន្ធសុវត្តិភាព អ្នកសាកល្បងការជ្រៀតចូល(អ្នកធ្វើតេស្ត), អ្នកវិភាគសុវត្តិភាពព័ត៌មាន និងប្រធានសុវត្តិភាពព័ត៌មាន។

៣) ការថែរក្សាសុខភាពមនុស្សចាស់
នៅពេលទារករីកលូតលាស់ឈានដល់អាយុចូលនិវត្តន៍សមាមាត្រនៃចំនួនប្រជាជនពិភពលោកត្រូវបានអង្គការសហប្រជាជាតិប៉ាន់ប្រមាណថានៅឆ្នាំ ២០៥០ នឹងមានប្រជាជនចំនួន ២.១ ពាន់លាននាក់ដែលមានអាយុលើស ៦០ ឆ្នាំនៅទូទាំងពិភពលោកដែលត្រូវការថែរក្សា និងត្រួតពិនិត្យសុខភាពជាប្រចាំ។ ចំពោះបណ្តាប្រទេសមួយចំនួនគឺមានរួចរាល់អស់ហើយ ជាពិសេសសហរដ្ឋអាមេរិក ប៉ុន្តែនៅតែបន្តខ្វះខាតគ្រូពេទ្យដែលមានសមត្ថភាព ហើយមានតម្រូវការខ្ពស់ប្រហាក់ប្រហែលគ្នានឹងគ្រូពេទ្យជំនាញខាងព្យាបាលរោគនិងអ្នកជំនាញផ្នែកវេជ្ជសាស្ត្រដទៃទៀត ដែលត្រូវបានបណ្តុះបណ្តាលដើម្បីគាំទ្រដល់មនុស្សវ័យចំណាស់។

៤) ថាមពលកកើតឡើងវិញ
ទីភ្នាក់ងារថាមពលកកើតឡើងវិញអន្តរជាតិ (International Renewable Energy Agency) បានបង្ហាញថាការងារពិភពលោកនៅក្នុងវិស័យថាមពលកកើតឡើងវិញបានកើនឡើងដល់ជាង ១០ លានការងារជាលើកដំបូងនៅឆ្នាំ ២០១៨ ហើយពួកគេរំពឹងថានឹងមានការងារចំនួន ២៨ លានការងារនៅក្នុងឧស្សាហកម្មនេះនៅឆ្នាំ ២០៥០។ ការិយាល័យស្ថិតិការងារ (Bureau of Labour Statistics) បានបង្ហាញថាអ្នកតម្លើងម៉ាស៊ីនស្រូបពន្លឺព្រះអាទិត្យ និងអ្នកបច្ចេកទេសទួរប៊ីនខ្យល់ ត្រូវបានគេរំពឹងថានឹងមានកំណើនការងារខ្ពស់បំផុតនៅឆ្នាំ ២០២៦ ហើយសំណុំជំនាញសំណង់និងមេកានិចនឹងមានតម្លៃខ្ពស់នៅក្នុងវិស័យទាំងនេះ។

៥)  យន្តហោះគ្មានមនុស្សបើក (ដ្រូន)
ឧស្សាហកម្មដ្រូនត្រូវបានគេរំពឹងថានឹងកើនឡើងដល់ទំហំ ១២, ១ ពាន់លានដុល្លារនៅឆ្នាំ ២០២១ ហើយការវិភាគទិន្នន័យដែលទទួលបានពីការធ្វើអធិការកិច្ចនិងការត្រួតពិនិត្យត្រូវបានគេរំពឹងថានឹងក្លាយជាឧស្សាហកម្មមួយដែលមានទឹកប្រាក់រាប់ពាន់លានដុល្លារ។ យន្តហោះដ្រូនដែលគ្មានមនុស្សបើកនេះត្រូវបានគេ យកទៅបម្រើក្នុងវិស័យទូរគមនាគម៍មួយចំនួនដូចជា ការដឹកជញ្ជូន ការថតយកផែនទី ការផ្ចិតយកទេសភាពដែលយើងមិនអាចទៅដល់ និងត្រូវបានយកទៅប្រើប្រាស់លើវិស័យជាច្រើនទៀត។ បច្ចុប្បន្នមានតម្រូវការខ្ពស់សម្រាប់អ្នកបើកយន្តហោះដ្រូនហើយការងារនេះអាចទទួលបានប្រាក់កម្រៃ ៤០ ដុល្លារក្នុងមួយម៉ោងដែលកើនឡើងយ៉ាងឆាប់រហ័សអាស្រ័យលើកម្រិតបទពិសោធន៍៕

ដោយ៖ ជា ធារិទ្ធ

 

X
5s