ពិសេស​មែន! កសិករ​អាច​​លក់​ផលិតផល​កសិកម្ម​គ្រប់​មុខ​តាម​កម្មវិធី​ទូរស័ព្ទ​ដៃ «ទន្លេសាប​អ្នក​លក់»​



ពិត​ជា​ដំណឹង​ដ៏​ល្អ​មួយ​សម្រាប់​ប្រជាកសិករ​ខ្មែរ​ទូទាំង​ប្រទេស ព្រោះ​ពេល​នេះ​កម្មវិធី​ទូរស័ព្ទ​ដៃ​ «ទន្លេសាប» ទើប​តែ​បន្ថែម​នូវ​កម្មវិធី​ទូរស័ព្ទ​ដៃ​ថ្មី​មួយ​ទៀត​ឈ្មោះ​ថា «ទន្លេសាប​អ្នក​លក់» ដែល​បង្កើត​ឡើង​ក្នុង​គោល​បំណង​ជួយ​ជំរុញ​ឲ្យ​ទីផ្សារ​ផលិតផល​កសិកម្ម​កម្ពុជា​កាន់​តែ​មាន​ភាព​សម្បូរ​បែប និង​ប្រសើរ​ឡើង ដោយ​ក្នុង​នោះ​ប្រជា​កសិករ​ខ្មែរ​អាច​ដាក់​លក់​នូវ​ផលិតផល​កសិកម្ម​របស់​ខ្លួន​បាន​គ្រប់​ប្រភេទ​នៅ​លើ​ទីផ្សារ​អនឡាញ​តាម​រយៈ​កម្មវិធី​ទូរស័ព្ទ «ទន្លេសាប​អ្នក​លក់»។

ក្នុង​ឱកាស​នៃ​សិក្ខាសាលា​ស្ដី​អំពី «កម្មវិធី​ទូរស័ព្ទ​ដៃ​អនឡាញ​សម្រាប់​អ្នក​ផ្គត់ផ្គង់​ផលិតផល​កសិកម្ម​ និង​វឌ្ឍនភាព​នៃ​កម្មវិធី​ទូរស័ព្ទ​ដៃ​ទន្លេសាប» កញ្ញា សុខ សិរីរ័ត្ន មន្ត្រី​បច្ចេកទេស​កសិកម្ម បាន​លើក​ឡើង​ថា បន្ទាប់​ពី​ទាញ​យក​កម្មវិធី​ទូរស័ព្ទ​ដៃ​ទន្លេ កសិករ​អាច​ចុះ​ឈ្មោះ​លក់​ផលិតផល​របស់​ខ្លួន​បាន​យ៉ាង​ងាយ​ស្រួល​តាម​រយៈ​ប្រព័ន្ធ​អនឡាញ ដោយ​ក្នុង​នោះ​ពួកគាត់​អាច​ទទួល​និង​គ្រប់គ្រង​ការ​បញ្ជា​ទិញ​ផលិតផល​ដោយ​ផ្ទាល់។ កញ្ញា​បាន​បញ្ជាក់​ថា ក្រុម​ការងារ​នឹង​មាន​ផែនការ​បន្ត​ក្នុង​ការ​ដាក់​បញ្ចូល​មុខងារ​ដឹក​ជញ្ជូន ដើម្បី​ផ្ដល់​ភាព​ងាយ​ស្រួល​ដល់​អ្នក​ទិញ​ក៏​ដូច​ជា​អ្នក​ផ្គត់ផ្គង់​ផង​ដែរ។

ជា​មួយ​គ្នា​នេះ លោក គា បូរាន ប្រធាន​នាយក​ប្រតិបត្តិ​ អេ អឹម ខេ បាន​បង្ហាញ​ពី​ក្ដី​រំពឹង​ថា តាម​រយៈ​ការ​បង្កើត​នូវ​កម្មវិធី​ទូរស័ព្ទ​ដៃ​នេះ​ឡើង​ និង​ចូល​រួម​ចំណែក​ជួយ​កាត់​បន្ថយ​ថ្លៃ​ដើម​និង​ថ្លៃ​ផលិត ដោយ​សារ​តែ​ពួកគាត់​អាច​មើល​តម្លៃ​ទីផ្សារ​តាម​រយៈ​កម្មវិធី​នេះ។ មួយ​វិញ​ទៀត កសិករ​និង​មាន​ចំណេះ​ដឹង​បច្ចេកទេស​ផ្នែក​កសិកម្ម​បន្ថែម ដែល​វា​នឹង​ជំរុញ​ឲ្យ​ការ​ផលិត​របស់​គាត់​កាន់​តែ​ប្រសើរ​ជាង​មុន ពិសេស​ពួក​គាត់​នឹង​អាច​ស្វែង​រក​ទីផ្សារ​សម្រាប់​លក់​ផលិតផល​បាន។

គួរ​បញ្ជាក់​ថា «កម្មវិធី​ទូរស័ព្ទ​ដៃ​ទន្លេសាប» ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ​២០១៨ និង​បាន​ដាក់​ឲ្យ​ដំណើរ​ការ​ជា​ផ្លូវ​ការ​នៅ​ក្នុង​ឆ្នាំ​២០១៩ ដោយ​កម្មវិធី​នេះ​គឺ​ជា​ផ្នែក​មួយ​នៃ​សកម្មភាព​របស់​ គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ អេ អឹម ខេ ក្រោម​កិច្ច​សហប្រតិបត្តិការ​ជា​មួយ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ និង​គាំទ្រ​សហការ​មូលនិធិ​ដោយ គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ អេ អឹម ខេ គម្រោង​មូលនិធិ​ការ​បង្កើត​ថ្មី​សម្រាប់​កាត់​បន្ថយ​ភាពក្រីក្រ (IAP) ដែល​សហការ​អនុវត្ត​រួមគ្នា​ដោយ SIDA  SNV  IB Sweden និង BoP Inc. និង​គម្រោង​ហាវែស II នៃ​ទី​ភ្នាក់ងារ​ជំនួយ​អាមេរិក USAID ក្នុង​គោល​បំណង​ចូល​រួម​ចំណែក​ក្នុង​ការ​លើក​ស្ទួយ​វិស័យ​កសិកម្ម​នៅ​កម្ពុជា តាម​រយៈ​ការ​ផ្ដល់​នូវ​ចំណេះដឹង​ផ្នែក​បច្ចេកទេស​ក្នុង​ការ​ដាំដំណាំ ចិញ្ចឹម​សត្វ ព្រម​ទាំង​ការ​ស្វែង​រក​សម្ភារៈ​កសិកម្ម និង​ព័ត៌មាន​ជា​ច្រើន​ទាក់​ទង​នឹង​ទីផ្សារ​កសិកម្ម៕