លោក អ៊ុយ រដ្ឋធានី៖ ការបន្តសិក្សារៀនសូត្រ ជាអាថ៌កំបាំងនៅពីក្រោយជោគជ័យដ៏ធំធេងរបស់សហគ្រិន​



អាជីវកម្មមួយអាចដំណើរការទៅបានល្អ និងទទួលបានភាពជោគជ័យលុះត្រាអ្នកគ្រប់គ្រង ឬម្ចាស់អាជីវកម្មមានយុទ្ធសាស្រ្តនៃការដឹកនាំច្បាស់លាស់ មានភាពបត់បែន និងភាពច្នៃប្រឌិតខ្ពស់។ 

ក្នុងចំណុចនេះដែរ លោក អ៊ុយ រដ្ឋធានី សហស្ថាបនិកនិងជានាយកគ្រប់គ្រងក្រុមហ៊ុន បាឌឹលផ្លាស់ (BuddlePlus Cambodia Co.,Ltd) បានលើកឡើងថា ការសិក្សា និងបន្តស្វែងរកចំណេះដឹងរបស់សហគ្រិនជាកត្តាសំខាន់រុញសន្ទុះអាជីវកម្មឲ្យមានការរីកចម្រើនលឿន។ 

ក្នុងកិច្ចសម្ភាសន៍ផ្ទាល់ជាមួយក្រុមការងារ BizKhmer លោក រដ្ឋធានី បានមានប្រសាសន៍ថា ការសិក្សានេះគឺបែងចែកជាពីរ គឺការសិក្សាតាមបែបផ្លូវការ (សំដៅដល់ការអប់រំមុន និងក្រោយឧត្តម) និងការសិក្សាក្រៅផ្លូវការ (សំដៅដល់ការចូលរួមសិក្ខាសាលា សិក្សាវគ្គខ្លី និងវគ្គបណ្ដុះបណ្ដាលនានាសម្រាប់អាជីវកម្ម) ។ លោកក៏បានបញ្ជាក់ដែរថា៖ “ខ្ញុំជឿថាការសិក្សាគឺសំខាន់ណាស់សម្រាប់សហគ្រិនគ្រប់រូប ព្រោះនៅពេលដែលសហគ្រិនសិក្សាបានកាន់តែច្រើន គំនិតរបស់គាត់ក៏កាន់តែទូលំទូលាយ មានការគិតគូរវែងឆ្ងាយជ្រៅជ្រះ យល់ដឹងពីអ្នកជុំវិញខ្លួន និងបរិបទក្នុងសង្គមបានល្អ។ ចំណេះដឹងទាំងនោះជួយឲ្យសហគ្រិនមានគំនិតជាអ្នកដឹកនាំពិតប្រាកដ ពួកគាត់តែងដោះស្រាយបញ្ហាចំពោះមុនមិនថាតែក្នុងអាជីវកម្ម និងក្នុងជីវិតរបស់នៅទេគឺបានល្អជានិច្ច”។ 

“លើសពីនេះ សហគ្រិនដែលទទួលបានការបណ្ដុះបណ្ដាលគឺជាបុគ្គលដែលមានផែនការច្បាស់លាស់ក្នុងការងារនិងអាជីវកម្ម និយាយនេះមិនមែនមានន័យថាអ្នកមិនបានរៀនបរិញ្ញាបត្រ ឬបរិញ្ញាបត្រជាន់ខ្ពស់ធ្វើអាជីវកម្មមិនបាននោះទេ គ្រាន់តែថាការគិត ការវិភាគនានារបស់ពួកគាត់មិនទាន់ស៊ីជម្រៅនៅឡើយ។ ការសិក្សាទាំងបែបផ្លូវការ និងក្រៅផ្លូវការគឺជួយឲ្យសហគ្រិនមានជំនាញលើការគ្រប់គ្រងរួមមាន ការគ្រប់គ្រងធនធានមនុស្ស ការគ្រប់គ្រងហិរញ្ញវត្ថុ គ្រប់គ្រងពេលវេលា ការវិភាគ និងការរៀបចំយុទ្ធសាស្រ្តយ៉ាងត្រឹមត្រូវក្នុងការដឹកនាំអាជីវកម្ម ” លោកធានីបានបន្ថែម។ 

ដោយឡែកសហគ្រិនរូបនេះក៏បានលើកឡើងទៀតដែរថា ការបន្តការសិក្សា (Keep Learning) ជួយសហគ្រិនក្នុងការបង្កើតបណ្ដាញទំនាក់ទំនងសម្រាប់អាជីវកម្មបានកាន់តែរឹងមាំ ព្រោះការចូលរួមសិក្ខាសាលា ចូលរួមវគ្គបណ្ដុះបណ្ដាលនានា សហគ្រិនមានឱកាសជួបជាមួយមនុស្សថ្មីៗជាច្រើន ដែលពួកគេអាចនឹងក្លាយជាបណ្ដាញចែកចាយ ឬជាអតិថិជនគោលដៅយ៉ាងល្អរបស់អាជីវកម្ម។ ពេលខ្លះមនុស្សថ្មីៗដែលយើងបានជួបនោះអាចជាអ្នកជំនាញផ្នែកអ្វីមួយ (ដូចជាផ្នែកលក់ ផ្នែកគ្រប់គ្រង-ល-)  អាចនឹងត្រូវក្លាយជាខ្នងបង្អែក ឬជាអ្នកជួយដោះស្រាយបញ្ហាអាជីវកម្មនៅថ្ងៃណាមួយ ពួកគាត់ក៏អាចជាអ្នកប្រឹក្សាយោបល់យ៉ាងជំនាញ និងគួរឲ្យទុកចិត្តសម្រាប់អាជីវកម្មយើង។ អ្វីដែលអ្នកកាន់តែនឹកស្មានមិនដល់ ការចូលរួមក្នុងវគ្គបណ្ដុះបណ្ដាលអាជីវកម្មធ្វើការជួបមនុស្សថ្មីៗក្នុងសង្គម ដែលមនុស្សថ្មីៗទាំងនោះអាចនឹងក្លាយជាសហស្ថាបនិក អ្នកចូលរួមទុនដើម្បីពង្រីកអាជីវកម្មផងក៏ថាបាន។ 

ជាគំនិតមួយជ្រុងផ្សេងទៀត លោក ធានី ក៏បានមានប្រសាសន៍ដែរថា ទោះជាសហគ្រិន ឬម្ចាស់អាជីវកម្មមិនបានបញ្ជ្រាបខ្លួនខ្លាំងក្នុងការចូលរួមវគ្គសិក្សាណាមួយ ឬចូលជាសមាជិកកម្មវិធីបណ្ដុះបណ្ដាលអាជីវកម្មណាមួយក្តី តែអ្វីដែលសហគ្រិនត្រូវធ្វើជាប្រចាំគឺការរកឲ្យឃើញពីចំណុចខ្វះខាតរបស់ខ្លួន ចំណុចខ្សោយអ្វីខ្លះដែលខ្លួនមិនទាន់អភិវឌ្ឍ។ យើងត្រូវព្យាយាមស្រាវជ្រាវពីវិធីសាស្រ្តកែប្រែចំណុចខ្វះខាតមួយនោះចេញ ឧទាហរណ៍ថាយើងជាម្ចាស់អាជីវកម្មតែយើងខ្លួនឯងក៏ខ្សោយខាងទំនាក់ទំនង គ្មានភាពក្លាហានក្នុងការនិយាយជាមួយមនុស្សប្លែកមុខជាដើម។ ដូច្នេះអ្វីដែលសហគ្រិនត្រូវធ្វើពេលនេះគឺស្រាវជ្រាវពីរបៀបនៃការពង្រឹងទំនាក់ទំនង ជំនាញនិយាយ (ដោយគ្មានភាពភ័យខ្លាច)  និងជំនាញលក់ អនុវត្តវាម្តងហើយម្តងទៀតឲ្យបានច្រើន។ “សម័យនេះយើងអាចរៀនសូត្របានគ្រប់ពេលវេលា គ្រប់ជំនាញ ព្រោះជាសម័យបច្ចេកវិទ្យាឧស្សាហកម្ម ៤.០ អ្វីៗមាននៅលើលំហរអាកាស យើងអាចទាញវាយកមកសិក្សា យកមកប្រើប្រាស់បានទាំងអស់ឲ្យតែយើងចង់បាន ហើយក៏ជាសម័យមួយដែលគ្មានដែនកំណត់ក្នុងការស្វែងរកចំណេះដឹងដែរ” លោកធានី បញ្ជាក់។

គួររំឮកផងដែរថា ក្រុមហ៊ុនបាឌឹលផ្លាស់ (BuddlePlus Cambodia Co.,Ltd) ជាក្រុមហ៊ុនផ្តល់សេវាកម្មថែទាំអាគារ (Facilities Solution Management Service) ដែលក្នុងនោះរួមមានកញ្ចប់សេវាកម្មសម្អាតអាគារ ថែសួន សេវាកម្មសន្តិសុខ កម្ចាត់សត្វល្អិត ជួសជុលម៉ាស៊ីនត្រជាក់ និងបច្ចេកទេសមួយចំនួនទៀត ៕

ដោយ៖ យ៉ាយ៉ា

 

X
5s