មេរៀនអាជីវកម្មទាំង ៤ ដែលអ្នកគួររៀនសូត្រពីស្ថាបនិក Walmart លោក Sam Walton​



ថ្ងៃមួយនៅដើមទសវត្សរ៍ឆ្នាំ ១៩៦០ លោក Sam Walton ដែលកាលនោះមានអាយុ ៤៤ ឆ្នាំបានបង្កើតហាងលក់ទំនិញដំបូងតូចមួយនៅសង្កាត់ក្រុង Bentonville រដ្ឋ Arkansas។  ពីរបីឆ្នាំក្រោយមក លោកត្រូវបានបង្ខំឲ្យដើរចាកចេញពីហាងជោគជ័យដំបូងបំផុតរបស់លោកមួយនេះដោយសារតែមានកំហុសនៅក្នុងកិច្ចសន្យាមុខជំនួញរបស់លោក។ 

ចាប់តាំងពីថ្ងៃនោះរហូតដល់ថ្ងៃទី ២ ខែកក្កដាឆ្នាំ ១៩៦២ ក្រុមហ៊ុន Walmart បានក្លាយជាក្រុមហ៊ុនលក់រាយដ៏ ជោគជ័យបំផុតមួយនៅលើពិភពដែលមានហាងលក់ទំនិញជាង១ម៉ឺនហាង និងមានតម្លៃជាង ២០០ ពាន់លានដុល្លារ។ ទាំងអស់នេះដោយសារតែស្នាដៃបុរសម្នាក់ដែលខិតខំប្រឹងប្រែង និងព្យាយាមរស់នៅតាមគោលការណ៍របស់លោក ហើយបានផ្តល់ឲ្យមនុស្សគ្រប់គ្នានូវមហិច្ឆតា ការតស៊ូប្រឹងប្រែង ការបំផុសគំនិត និងការអនុវត្តដែលនាំ មកនូវភាពជោគជ័យសម្រាប់ខ្លួនឯង។ 

១) យល់ពីតម្លៃនៃប្រាក់ដុល្លារ 
លោក Sam Walton មិនឲ្យតម្លៃលើជីវិតស្រណុកសុខស្រួល  ហើយយកលុយទៅចាយខ្ជះខ្ជាយឥតប្រយោជន៍នោះទេ។ លោកថា លុយ១កាក់១សេនគឺពិតជាមានតម្លៃណាស់ ហេតុដូច្នេះការចាយលុយឲ្យឆ្លាត គឺជារឿងចាំបាច់។ ការសន្សំសម្ចៃគឺជាមូលដ្ឋានគ្រឹះរបស់លោក ហើយសូម្បីតែអតិថិជនរបស់លោក ក៏លោកធ្លាប់បានអះអាងថា លោកជួយសន្សំឲ្យពួកគេតាមរយៈការដាក់លក់ទំនិញក្នុងតម្លៃមួយសមស្រប។ លោកជាមហាសេដ្ឋីប្រើរបស់ប្រេនៗ ហើយគោលការណ៍ហិរញ្ញវត្ថុរបស់លោកគឺ (Save Money, Live Better ឬ សន្សំលុយ ជីវិតនឹងកាន់តែប្រសើរ)។

២) ការពារភាពជោគជ័យរបស់អ្នក និងរៀនគ្រប់កំហុសនីមួយៗដែលបានកើតឡើង
បន្ទាប់ពីខិតខំធ្វើការយ៉ាងលំបាកអស់រយៈពេល ៥ ឆ្នាំនៅរដ្ឋ Arkansas ទីបំផុតលោក Walton អាចយកប្រៀបលើ គូប្រជែងរបស់លោក និងកសាងកេរ្តិ៍ឈ្មោះហាងលក់ទំនិញ Walmart ជាមួយនឹងប្រាក់ចំណូលដ៏ច្រើននៅក្នុងតំបន់រដ្ឋនេះ។ ជាអកុសលមហាសេដ្ឋីវ័យ ៧៤ឆ្នាំនេះ បានបាត់បង់អ្វីៗទាំងអស់ដោយសារតែកំហុសកិច្ចសន្យាមួយ។  ម្ចាស់ដីមានចិត្ដលោភលន់ ហើយចង់ប្រគល់ឃ្លាំងរបស់លោកឲ្យកូនប្រុសរបស់ខ្លួន ដូច្នេះម្ចាស់ដីបានបដិសេធមិនព្រមជួលបន្តទោះក្នុងតម្លៃណាក៏ដោយ។  

ម្ចាស់ដីនោះបានផ្តល់ឲ្យលោក Walton នូវតម្លៃសមរម្យជាថ្នូរនឹងការផ្លាស់ប្តូរឈ្មោះ និងសិទ្ធិលើអាជីវកម្មរបស់លោក។ ប៉ុន្តែមហាសេដ្ឋីមានប្រាក់ជាង ៨ពាន់លានដុល្លាររូបនេះបានបដិសេធន៍ ហើយបោះបង់ចោលភាពជោគជ័យដែលលោកទើបតែកសាងនោះចោលទៅ។ ប៉ុន្តែអ្វីដែលធ្វើឲ្យលោកមានសុទិដ្ឋិនិយម និងអាចរៀនសូត្រពីបទពិសោធន៍នេះគឺថា លោកមិនបន្ទោសអ្នកណាទាំងអស់ ហើយលោកត្រូវរៀបចំក្រុមការងារផ្នែកច្បាប់ដ៏រឹងមាំមួយសម្រាប់អនាគតក្រុមហ៊ុនរបស់លោកទាក់ទងទៅនឹងបញ្ហាផ្លូវច្បាប់នេះ។ នេះជាមូលហេតុមួយដែលលោកបានជំរុញឲ្យកូនប្រុសច្បងរបស់លោកឲ្យក្លាយជាមេធាវីពេញសិទ្ធិ។

៣) រៀនអ្វីៗគ្រប់យ៉ាងដែលអ្នកអាចធ្វើបានអំពីអាជីវកម្មរបស់អ្នក
ទោះបីជាអាជីវកម្មរបស់អ្នកស្ថិតដល់ចំណុចសូន្យក៏ដោយ អ្នកមិនត្រូវអស់សង្ឃឹមនោះទេ។ នេះជាដំបូន្មានរបស់លោក Walton។ លោកថា  អ្នកត្រូវរៀនអ្វីៗគ្រប់យ៉ាងអំពីអាជីវកម្មរបស់អ្នក ហើយរាប់អានមនុស្សដែលចេះជាងអ្នកឲ្យបានច្រើន។ ហាង Wal-Mart បានគ្របដណ្តប់លើឧស្សាហកម្មលក់រាយអស់រយៈពេលជាច្រើនឆ្នាំមកហើយ ប៉ុន្តែតើអ្នកដឹងទេថា អ្នកណាដែលធ្វើឲ្យលោក Walton ចាប់អារម្មណ៍លើអាជីវកម្មមួយនេះ? ចម្លើយនោះគឺ ជាងកាត់សក់របស់លោក។

ច្បាប់ដំបូងដែលលោក ធ្លាប់បានដឹងពីការងារលក់រាយគឺបានមកពីជាងកាត់សក់ និងបងប្អូនរបស់លោកដែលក្រោយមកបានពង្រីកហាងលក់ទំនិញរបស់ពួកគេទៅជាខ្សែសង្វាក់ហាងរហូតដល់ទៅចំនួន ៦០ ហាង។

ក្នុងអាជីវកម្ម អ្នកត្រូវរៀនសូត្របណ្តើរ ធ្វើជំនួញបណ្តើរ។ មហាសេដ្ឋីដើមកំណើតអាមេរិករូបនេះ ក៏ឆ្លៀតពេលថ្ងៃអាទិត្យរបស់លោកដើម្បីរៀនសូត្រពីការធ្វើជំនួញពីអ្នកគ្រប់គ្រងរបស់លោកផងដែរទាក់ទងទៅនឹងជំនួញលក់រាយរបស់លោក។ លោកចូលចិត្តទំនាក់ទំនងជាមួយអ្នកជំនាញពូកែៗ ជាពិសេសអ្នកដែលមានជំនាញខាងវិស័យលក់រាយនេះតែម្តង។

៤) ត្រូវប្រកួតប្រជែង
និយមនន័យល្អបំផុតដែលនិយាយអំពីមហាសេដ្ឋី Walton គឺការប្រកួតប្រជែង។ ចំណុចនេះលោកទទួលបានមេរៀនដ៏ល្អមួយពីម្តាយរបស់លោកដែលបានបង្ហាត់បង្រៀនលោកយ៉ាងក្រិត្យក្រមកាលពីលោកនៅក្មេងដែលបានធ្វើឲ្យលោកក្លាយជាមនុស្សខិតខំប្រឹងប្រែងបំផុតម្នាក់។ លោកធ្លាប់ធ្វើជាអង្គរក្ស ជាអ្នកបម្រើតាមហាងជាថ្នូរនឹងការទទួលបានអាហារ និងរៀនរកលុយដោយខ្លួនឯងពេលចូលរៀននៅវិទ្យាល័យ។ លោកក៏ធ្លាប់រកលុយបានច្រើនផងដែរពេលអំឡុងរៀនមហាវិទ្យាល័យបើទោះបីជាបានឆ្លងកាត់ក្នុងសម័យកាលដ៏ខ្មៅងងិតជាច្រើនរបស់ពិភពលោកក៏ដោយ។

បទពិសោធន៍ជីវិតរាប់មិនអស់ទាំងនោះ បានជួយឲ្យលោក Walton កំណត់បាននូវផ្នត់គំនិតឆ្ពោះទៅរកភាពជោគជ័យ និងយល់ពីសារៈសំខាន់នៃការងារជាក្រុម។ លោកបានដឹងថា ការប្រើគោលការណ៍អាត្មានិយមជាពិសេសនៅចំពោះមុខសាធារណៈជន មិនមែនជាវិធីត្រឹមត្រូវដើម្បីបង្កើតអាជីវកម្មដ៏រឹងមាំមួយបានទេទេ។ ហេតុដូច្នេះហើយលោកបានវិនិយោគលុយ និងពេលវេលាយ៉ាងច្រើនក្នុងការទាក់ទាញមនុស្សពូកែៗ ឆ្លាតៗ និងមានសមត្ថភាពមកធ្វើការឲ្យលោក៕

ប្រភព៖ addicted2success

 

X
5s