ហេតុ​អ្វី​ប៊ូតាន់ ជាប់​ជា​ដែនដី​សន្តិភាពនិង​គេប្រសិទ្ធិនាម​ថា​ជា​ដែនដី​​ដ៏​មាន​សុភមង្គល​​ក្នុង​លោក?​



យោង​តាម​យោង​តាម​គេហទំព័រ​ Globalfinance បាន​បង្ហាញ​ថា ក្នុង​ចំណោម​១៦៣ប្រទេស​ ប៊ូតាន់​បាន​ជាប់​លេខរៀង​ទី១៥​ជា​ប្រទេស​ដែល​មាន​សន្តិភាព​បំផុត​ក្នុង​ពិភពលោក​ក្នុង​ឆ្នាំ​២០១៩​នេះ។ ស្ថិត​នៅ​ភាគ​ខាង​កើត​ភ្នំ​ខ្ពស់​ជាង​គេ​ទី១០​លើ​ពិភពលោក​ ភ្នំហិមាល័យ ប្រទេស​ប៊ូតាន់​មាន​ផ្ទៃដី​ត្រឹម​តែ ៣៨,៣៩៤ គីឡូម៉ែត្រការ៉េ បើ​ប្រៀប​នឹង​កម្ពុជា​គឺ​តូច​ជាង​រហូត​ដល់​ជិត​៥ដង​ឯណោះ។ តើ​មាន​មូលហេតុ​អ្វី​ ទើប​ប្រទេស​ដ៏​តូច​មួយ​នេះ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជា​ដែនដី​សន្តិភាព​ និង​មាន​សុភមង្គល​បំផុត​ក្នុង​ពិភពលោក?

ប៊ូតាន់​គឺ​ជា​ប្រទេស​មួយ​ដែល​មាន​ការ​វិវត្ត​យឺត ហើយ​ប្រជាជន​បាន​រក្សា​នូវ​ប្រពៃណី​បាន​យ៉ាង​ខ្ជាប់ខ្ជួន​ដោយ​ការ​បន្ត​ស្លៀក​សំលៀកបំពាក់​បុរាណ​ជា​រៀងរាល់​ថ្ងៃ។ ព្រះ​មហាក្សត្រ​នៃ​ប្រទេស​នេះ​ធ្លាប់​មាន​បន្ទូល​ថា «ប៊ូតាន់​នឹង​អភិវឌ្ឍ​តែ​ក្នុង​លក្ខខណ្ឌ​ដែល​ធ្វើ​ឲ្យ​ប្រជាជន​សប្បាយ​រីករាយ​ប៉ុណ្ណោះ»។ យោង​តាម​សារព័ត៌មាន ABC News បាន​ឲ្យ​ដឹង​ថា​ប្រទេស​អាស៊ី​ខាង​ត្បូង​មួយ​នេះ បាន​ផ្ដាច់​ខ្លួន​ចេញ​ពី​ពិភព​ខាង​ក្រៅ​រហូត​ដល់​សតវត្ស​រ៍ទី​២០ ហើយ​ទើប​តែ​មាន​ផ្លូវ​ថ្នល់​ក្នុង​ឆ្នាំ​១៩៦០ និង​មាន​ទូរទស្សន៍​ក្នុង​ឆ្នាំ​១៩៩៩។ 

Thimphu គឺ​រាជធានី​របស់​ប្រទេស​ប៊ូតាន់ ទីនេះ​គ្មាន​អាគារ​ខ្ពស់ៗ​និង​ចរាចរណ៍​កកកុញ​ និង​គួរ​ឲ្យ​ធុញ​ទ្រាន់​ដូច​បណ្ដា​រាជធានី​នៃ​ប្រទេស​ផ្សេងៗ​ឡើយ។ នៅ​ក្នុង​ទីក្រុង​ពុំ​សូវ​មាន​រថយន្ត​នោះ​ទេ ហើយ​ប៉ូលីស​ចរាចរណ៍​មាន​តួនាទី​ជា​អ្នក​ធ្វើ​សញ្ញា​ជំនួស​ឲ្យ​ភ្លើង​សញ្ញា​ចរាចរណ៍។ ទី​នេះ មាន​វិហារ​ព្រះពុទ្ធសាសនា​ជា​ច្រើន​ស្កឹមស្កៃ អម​ទៅ​ដោយ​ទន្លេ និង​ហុំព័ទ្ធ​ដោយ​កូន​ភ្នំ​ពណ៌បៃតង​ខៀវ​ស្រងាត់ ដែល​ធ្វើ​ឲ្យ​ប្រទេស​តូច​នៅ​លើ​ភ្នំ​មួយ​នេះ ប្រៀប​ដូច​ជា​ឋានសួគ៌​លើ​ដី។

(រាជធានី Thimphu)

រាជាណាចក្រ​ប៊ូតាន់ ត្រូវ​បាន​គ្របដណ្ដប់​ដោយ​ព្រៃឈើ​ប្រមាណ​ជាង​៧០ភាគរយ ដែល​ធ្វើ​ឲ្យ​ដែនដី​នេះ​ពោរពេញ​ទៅ​ដោយ​ពណ៌​បៃតង​ធម្មជាតិ​យ៉ាង​ស្រស់​ត្រកាល និង​គ្មាន​ការ​បំពុល​បរិយាកាស។ ជាង​នេះ​ទៅ​ទៀត ប្រជាជន​ប្រមាណ​ជាង​៧៦ម៉ឺននាក់​របស់​ប៊ូតាន់​ភាគច្រើន​គឺ​ប្រកប​របរ​កសិកម្ម​ និង​បាន​រក្សា​នូវ​លក្ខណៈ​ប្រពៃណី ដែល​ធ្វើ​ឲ្យ​ដែនដី​នេះ​អាច​បំបាត់​ឧស្ម័នកាបូនិច​រហូត​ដល់​៣ដង​ឯណោះ​ គឺ​ច្រើន​ជាង​អ្វី​ពួកគេ​បញ្ចេញ​ទៅ​ក្នុង​បរិយាកាស​ទៅ​ទៀត។

ក្នុង​ឆ្នាំ​២០១២ របាយការណ៍​ពិភពលោក​ដែល​បង្ហាញ​ពី​ប្រទេស​​រីករាយ​បំផុត​ក្នុង​ពិភព​លោក (World Happiness Report) បាន​បង្ហាញ​ថា ប៊ូតាន់​ជាប់​លេខរៀង​ទី​៩៥ ក្នុង​ចំណោម​១៥៦ប្រទេស។ ប៉ុន្តែ បើ​ផ្អែក​លើ​ការ​ស្ទង់​មតិ​ពី មជ្ឈមណ្ឌល​សិក្សា​ប៊ូតាន់​ ក្នុង​ឆ្នាំ​២០១៥ បាន​រក​ឃើញ​ថា  ប្រជាជន​ប៊ូតាន់ ៩១,២ភាគរយ ទទួល​បាន​ភាព​សប្បាយ​រីករាយ និង​ ៤៣,៤ភាគរយ គឺ​សប្បាយ​រីករាយ​ខ្លាំង។ 

ប្រសិន​បើ​អ្នក​ចង់​ទេសចរ​ទៅ​កាន់​ប៊ូតាន់ អ្នក​ត្រូវ​រៀបចំ​ទុក​ជា​មុន​ជា​មួយ​ក្រុមហ៊ុន​ទេសចរណ៍​នៅ​ក្នុង​តម្លៃ ២០០ដុល្លារ ក្នុង​មួយ​ថ្ងៃ​ដែល​មាន​សណ្ឋាគារ អ្នក​មគ្គុទេសដ៍​ទេសចរណ៍​ ការ​ធ្វើ​ដំណើរ និង​ការ​ញាំ​អាហារ។ អ្នក​អាច​ធ្វើ​ការ​សាកសួរ​ព័ត៌មាន និង​ធ្វើ​ដំណើរ​កំសាន្ត​ទស្សនា​ប្រទេស​ប៊ូតាន់​ជា​មួយ​ក្រុមប្រឹក្សា​ទេសចរណ៍​នៅ​ក្នុង​ប្រទេស Tourism Council of Bhutan។ គួរឲ្យដឹងថា Drukair ជា​ជើង​ហោះហើរ​តែ​មួយ​គត់​ទៅ​កាន់​ប្រទេស​ប៊ូតាន់៕

ប្រភព៖ សារព័ត៌មាន ABC News/thetravelmagazine
ដោយ៖ ជួប ស្រីរ័ត្ន