ការស្រាវជ្រាវរកឃើញថា នេះ​ជា​មូលហេតុសំខាន់៣ដែលនៅសុខៗធ្វើឲ្យបុគ្គលិកលាឈប់ពីក្រុមហ៊ុន​



នៅក្នុងបរិស្ថានការងារ ជៀសមិនផុតឡើយការជ្រើសរើសថ្មីជំនួសបុគ្គលិកចាស់ ឬការលាឈប់របស់បុគ្គលិក ។ ចំពោះការលាឈប់របស់បុគ្គលិកណាមួយវាអាចមានហេតុផលជាច្រើនដូចជា លក្ខខណ្ឌការងារមិនសមស្រប ប្រាក់ខែតិច ឬវិវាទផ្សេងៗ។ យ៉ាងណាមិញ ការស្រាវជ្រាវរបស់វេទិកាសិក្សាតាមអនឡាញអាមេរិក Udemy  បានរកឃើញមូលហេតុសំខាន់ចំនួន ៣ ដែលជាមូលហេតុនៅពីក្រោយការលាឈប់របស់បុគ្គលិក។

១) ការទំនាក់ទំនងមានឥទ្ធិពលដល់លទ្ធផលការងាររបស់បុគ្គលិក
ការផ្លាស់ប្តូរមួយរបស់និយោជកត្រូវធ្វើ គឺត្រូវកែលំអលើការទំនាក់ទំនងដើម្បីឲ្យបុគ្គលិកចូលរួមកាន់តែសកម្មខ្លាំងឡើង។  ការសិក្សាមួយរបស់ Udemy ធ្វើឡើងនៅក្នុងឆ្នាំ ២០១៩ ដែលបានស្ទង់មតិលើបុគ្គលិកអាមេរិកជាង ១ ០០០ នាក់បានរកឃើញថា បុគ្គលិកជិត ២ ភាគ ៣ បានពិចារណាលាឈប់ពីការងារដោយសារតែកង្វះការទំនាក់ទំនងល្អនៅកន្លែងការងារ។ 

អ្នកត្រូវដឹងថា បុគ្គលិករបស់អ្នកនឹងកាន់តែមានអារម្មណ៍ម្ចាស់ការលើខ្លួនឯងនៅពេលអ្នកធ្វើឲ្យតម្លាភាពកើតមានឡើងរវាងបុគ្គលិកម្នាក់ៗ និងក្រុមហ៊ុនរបស់ពួកគេ។ ភាពម្ចាស់ការជំរុញឲ្យមានការចូលរួមកាន់តែខ្លាំងឡើង និងផលិតភាពការងារកាន់តែខ្ពស់ជាងមុនដែលអាចជួយបង្កើនប្រាក់ចំណូលរបស់អ្នក។ 

២) ការគ្រប់គ្រងដើរតួនាទីយ៉ាងសំខាន់ក្នុងការរក្សាបុគ្គលិក
សារៈសំខាន់ដ៏ពិសេសមួយចំពោះអ្នកគ្រប់គ្រងទាក់ទងនឹងទំនាក់ទំនងនេះ គឺទំនាក់ទំនងរវាងអ្នកគ្រប់គ្រង និងបុគ្គលិក។ ការសិក្សារបស់ Udemy ក្នុងឆ្នាំ ២០១៨ បានរកឃើញថា មានបុគ្គលិកស្ទើរតែ ២ភាគ៣ ជឿជាក់ថា អ្នកគ្រប់គ្រងរបស់ពួកគេខ្វះការបណ្តុះបណ្តាលភាពជាអ្នកគ្រប់គ្រងល្អ។ 

ការទទួលស្គាល់លើការគ្រប់គ្រងល្អពិតជាមានសារៈសំខាន់ខ្លាំងណាស់ ហើយវាគួរតែជាអាទិភាពសម្រាប់ក្រុមហ៊ុនទាំងអស់ដែលចង់រក្សាបុគ្គលិករបស់ខ្លួន ជៀសវាងការចំណាយខ្ពស់ ខាតបង់ពេលវេលា និងប្រាក់ចំណូល។ ការទំនាក់ទំនងល្អមានន័យថា ការជួលបុគ្គលិក និងការបណ្តុះបណ្តាលផ្នែកគ្រប់គ្រងគឺជាយន្តការដែលអាចទុកចិត្តបាន និងត្រូវតែធ្វើរវាងនិយោជិក និងក្រុមហ៊ុន។

៣) បរិស្ថានកន្លែងការងារ គឺជាបញ្ហា
សំនួរមួយដែលការស្រាវជ្រាវខាងលើបានចោទសួរបន្តពីមូលហេតុដែលបុគ្គលិកដើរចេញពីក្រុមហ៊ុនគឺទាក់ទងទៅនឹងបរិស្ថានកន្លែងការងារ។  បរិស្ថានការងារមិនល្អ កង្វះសម្ភារៈធ្វើការ កន្លែងធ្វើការគ្មានផាសុខភាព គ្មានសណ្តាប់ធ្លាប់ ឬមិនមានស្តង់ដារជាដើម គឺជាមូលហេតុសំខាន់មួយធ្វើឲ្យបុគ្គលិកដើរចេញ។

អ្នកត្រូវទទួលស្គាល់ថា ការរៀបចំបរិស្ថានល្អនៅកន្លែងធ្វើការ អាចមានប្រសិទ្ធភាពជួយជំរុញឲ្យមានផលិតភាពនៅកន្លែងការងារ ពោលគឺអាចជួយឲ្យបុគ្គលិកមានគំនិតច្នៃប្រឌិត សុខភាពល្អ និងអាចបត់បែនសមស្របទៅនឹងកាលៈទេសៈការងារ៕

ប្រភព៖ Businessinsider 

 

X
5s