ទម្លាប់ប្រចាំថ្ងៃចំនួន៣របស់អ្នកប្រាជ្ញ ជួយឲ្យអ្នកមានសមត្ថភាពកាន់តែខ្លាំង​



មុននឹងក្លាយជាអ្នកប្រាជ្ញដែលមានចំណេះដឹងទូលំទូលាយ និងត្រូវបានទទួលស្គាល់ពីមហាជន គ្មានអ្នកប្រាជ្ញរូបណាមើលរំលងចំណុច ៣ខាងក្រោមនេះឡើយ។ ការត្រិះរិះពិចារណា ឬការវិភាគ ការអាន និងការផ្តោតអារម្មណ៍សញ្ចឹងគិតលើអ្វីមួយ សុទ្ធសឹងតែជាដំណើរប្រតិបត្តិរបស់អ្នកប្រាជ្ញមុននឹងពួកគេទាំងនោះមានសមត្ថភាពខ្លាំងពូកែ។ 

នេះហើយជាមូលហេតុដែលអ្នកគួររៀនសូត្រអនុវត្តិវិធីទាំងនោះឲ្យបានជាប្រចាំ។ អ្នកគួរហ្វឹកហាត់រៀនអនុវត្តតាមបន្តិចម្តងៗ ហើយយូរៗទៅវានឹងក្លាយទៅជាទម្លាប់របស់អ្នកតែម្តង។ 

១) គិតពិចារណា ឬវិភាគឲ្យបាន ១០ នាទីក្នុងមួយថ្ងៃ
តើជានិច្ចកាលអ្នកបានសួរខ្លួនឯងពីហេតុដែលអ្នកកំពុងធ្វើអ្វីមួយដែរឬទេ? ការគិតនេះមិនមែនគ្រាន់តែជាសំនួរដែលទាក់ទងទៅនឹងភារកិច្ចការងារដែលមាននៅក្នុងគម្រោងការងារប្រចាំថ្ងៃរបស់អ្នកប៉ុណ្ណោះទេ ហើយចម្លើយរបស់វាក៏មិនមែនសាមញ្ញដែរ ពីព្រោះចម្លើយនោះគឺជាអ្វីដែលមានភាពចាំបាច់ ឬជាមហិច្ឆតារបស់អ្នក។ នោះហើយជាមូលហេតុដែលធ្វើឲ្យអ្នកចាប់ផ្តើមធ្វើអ្វីដែលអ្នកកំពុងធ្វើ។ អ្នកត្រូវសួរសំនួរខ្លួនឯងជារៀងរាល់ថ្ងៃ ហើយលៃលកពេលណាមួយឲ្យបានសមរម្យដើម្បីសួរសំនួរទាំងនោះដូចជា តើអ្នកចាប់អារម្មណ៍អ្វីខ្លះនៅលើពិភពលោកនេះ? ហេតុអ្វីបានអ្នកធ្វើវា? វាមានប្រយោជន៍អ្វី?  តើគោលដៅជីវិតរបស់អ្នកគឺជាអ្វី? និងសំនួរជាច្រើនទៀត។ 

២) អានយ៉ាងហោចណាស់ឲ្យបាន ២០នាទីក្នុងមួយថ្ងៃ
ការអានជាពិសេសរៀនតាមអនឡាញគឺពិតជាសំខាន់ខ្លាំងណាស់សម្រាប់អភិវឌ្ឍចំណេះដឹង និងសមត្ថភាពរបស់អ្នកនៅពេលបច្ចុប្បន្ននេះ។ ការអានប្រៀបដូចជាការជីគគាស់រំលើងនូវគំនិតថ្មីៗដែលអ្នកមិនធ្លាប់ជួបយកមកបំពេញក្នុងខួរក្បាលរបស់អ្នក។ ការអានធ្វើឲ្យខួរក្បាលរបស់អ្នកកាន់តែសកម្ម  មានគំនិតល្អៗ សំបូរគំនិត មានភាពច្នៃប្រឌិត មានសុទិដ្ឋិនិយមក្នុងជីវិត ឬជួយឲ្យជីវិតរបស់អ្នកមានពន្លឺ។ 

សាកគិតទៅមើល៍! បើអ្នកអានសៀវភៅ ២០ នាទី ឬ ១៥ទំព័រក្នុងមួយថ្ងៃ ដូច្នេះក្នុងមួយឆ្នាំអ្នកអាចអានសៀវភៅចប់ពី ១៥ ទៅ ២០ក្បាលដែរ។ សូមចាំថា អានសៀវភៅល្អមួយក្បាល អ្នកនឹងទទួលបានឱកាសល្អ ម្ល៉ោះហើយបើអ្នកអាចកាន់តែច្រើន អ្នកនឹងមានឱកាសកាន់តែច្រើន។ 

៣) ផ្ចង់ ឬផ្តោតអារម្មណ៍ឲ្យបាន ៣០នាទីក្នុងមួយថ្ងៃ
តាមពិតទៅគ្រូដ៏អស្ចារ្យបំផុតនៅលើពិភពលោកគឺគ្មានអ្វីក្រៅពីការអភិវឌ្ឍសមត្ថភាព ឬដុះខាត់ចំណេះដឹង និងសមត្ថភាពរបស់អ្នកឲ្យកាន់តែខ្លាំងពូកែនោះឡើយ។ នៅពេល អ្នកប្រមូលយកខួរក្បាល និងរាងកាយឲ្យទៅជាមួយគ្នា ហើយបូជាលះបង់វាទៅលើអ្វីមួយហើយនោះ មានន័យថា អ្នកបានបើកទ្វារឱកាសមួយដើម្បីកែលម្អចិត្តរបស់អ្នកតាមរបៀបមួយដែលការគិត និងការអានតែមួយមុខមិនអាចជួយឲ្យអ្នកប្រកួតប្រជែងបានឡើយ។

ការផ្តោតពិតជាមានអំណាចខ្លាំងណាស់។ ប៉ុន្តែដើម្បីផ្តោតឲ្យបានល្អ វាទាមទារឲ្យអ្នករៀនសូត្រហ្វឹកហាត់ជាមុនសិន និងជាដំណាក់កាល។ រាល់សកម្មភាព ឬគម្រោងផ្ទាល់ខ្លួនទាំងអស់ គឺត្រូវចាប់ផ្តើមឡើងដោយការផ្ចិតផ្ចង់សញ្ជឹងគិតប្រកបដោយវិចារណៈញ្ញាណ និងមានភាពម្មត់ចត់ទៅលើគោលដៅមុនជាស្រេច។ អ្នកត្រូវគ្រប់គ្រងអារម្មណ៍ខ្លួនឯងឲ្យបានមិនងាករេ មិនរវើរវាយ ឬផ្លាស់ប្តូរទៅតាមអារម្មណ៍ដែលនឹកឃើញ។ យកចិត្តទុកដាក់លើអ្វីដែលអ្នកកំពុងធ្វើឲ្យបាន ៣០នាទីក្នុងមួយថ្ងៃ គឺជារឿងអស្ចារ្យបំផុត៕

ប្រភព៖ Businessinsider 

 

X
5s