ប្រទេសចំនួន៤កំពុងប្រើប្រាស់ស្លឹកចេក ជាយុទ្ធនាការដើម្បីកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក​



ថង់ប្លាស្ទិក បំពង់បឺត ប្រអប់ស្នោរ កំប៉ុងទឹកជ័រ និងកាកសំណល់ប្លាស្ទិកជាច្រើនទៀតកំពុងក្លាយជាកង្វល់របស់ពិភពលោក ព្រោះសំណល់ទាំងនោះបានកើនឡើងកាន់តែច្រើនទៅៗពីមួយថ្ងៃទៅមួយថ្ងៃ។ យោងតាមរបាយការណ៍ពី Ellen MacArthur Foundation បានបង្ហាញថា នៅឆ្នាំ ២០៥០ ខាងមុខផលិតផលប្លាស្ទិកនឹងមានការប្រើប្រាស់ ២០% នៃផលិតផលដែលផលិតចេញពីសំណល់ប្រេងកាតទាំងអស់ ដែលអត្រានេះកើនឡើង ៥% ធៀបនឹងពេលបច្ចុប្បន្ន។ គួរបញ្ជាក់ថា មូលនិធិមួយបង្កើតឡើងក្នុងគោលបំណងជម្រុញឱ្យគិតឡើងវិញ នូវការរចនានិងកសាងអនាគតវិជ្ជមានតាមរយៈក្របខ័ណ្ឌនៃសេដ្ឋកិច្ចរាងជារង្វង់។

ដោយក្រឡែកឃើញបញ្ហាទាំងនេះ នៅតាមបណ្តាផ្សារទំនើបមួយចំនួនក្នុងប្រទេសថៃបានចាប់ផ្តើមយុទ្ធនាការប្រើប្រាស់ស្លឹកចេក និងស្លឹកឈូកដើម្បីវេចខ្ចប់បន្ថែដូចជាត្រសក់ ស្លឹកខ្ទឹម ស្តៅ ជី ម្ទេសជាដើម។

ជាមួយគ្នានេះផងដែរ ម៉ាកយីហោចំនួន ៧៥ ដែលស្ថិតក្រោម Thai Retailer Association បានប្រកាសថា ពួកគេនឹងបញ្ឈប់ការផ្តល់ថង់ប្លាស្ទិកដល់អតិថិជនក្នុងឆ្នាំ ២០២០ ខាងមុខក្នុងគោលបំណងចូលរួមចំណែកក្នុងការកាត់បន្ថយសំណល់ប្លាស្ទិកក្នុងប្រទេសឲ្យបានប្រមាណ ២០%។ ហាងលក់ទំនិញស្ទើរទាំងអស់នៅប្រទេសថៃ បានលើកទឹកចិត្តដល់អតិថិជនរបស់ខ្លួនចូលរួមកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ដោយផ្តល់ជូនជាការសន្សំពិន្ទុរាលើការប្រើប្រាស់ថង់ក្រណាត់ ឬចង់បរិស្ថាន។

ងាកទៅប្រទេសវៀតណាមវិញក៏ដូចគ្នា បើយោងតាមគេហទំព័រ www.straitstimes.com បានឲ្យដឹងថាផ្សារទំនើបក្នុងទីក្រុងហាណូយមួយចំនួនធំចេញយុទ្ធនាមិនប្រើប្រាស់ថង់ប្លាស្ទិកក្នុងការវេចខ្ចប់បន្លែ និងម្ហូបអាហារ។ យោងតាមការឲ្យដឹងពី Vnexpress ផ្សារទំនើប Lotte Mart Saigon Co-op នៅទីក្រុងហូជីមិញ និង Big C នៅ ហាណូយ បាននឹងកំពុងចាប់ផ្តើមប្រើប្រាស់ស្លឹកចេកជំនួសប្លាស្ទិកដើម្បីវេចខ្ចប់ ស្លឹកខ្ទឹម ពោតបារាំង ប៉េងប៉ោះជាដើម។

អ្វីដែលកាន់តែពិសេសនៅប្រទេសឥណ្ឌា មានក្រុមហ៊ុនមួយបានបង្កើតបច្ចេកវិទ្យាថ្មីកែច្នៃស្លឹកចេកឲ្យទៅជាចាន កូនកែវដើម្បីអាចដាក់ម្ហូបអាហារជំនួសឲ្យការប្រើប្រអប់ជ័រស្នោរ។ ឥណ្ឌាជាប្រទេសមួយដែលអាចដាំដុះចេកបានច្រើនជាងគេលើពិភពលោក នេះបើតាមការឲ្យដឹងពីអង្គការស្បៀងអាហារ និងកសិកម្មរបស់អង្គការសហប្រជាជាតិ ហើយនេះក៏ជាការចូលរួមចំណែកយ៉ាងធំធេងមួយដើម្បីអាចកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិកក្នុងជីវភាពរស់នៅប្រចាំថ្ងៃផងដែរ។ 

រីឯប្រទេសហ្វីលីពីនវិញ មិនត្រឹមតែយកស្លឹកចេកដើម្បីជំនួសប្លាស្ទិកទេ សូម្បីតែស្រទបដើមចេកក៏ត្រូវបានគេប្រើប្រាស់ដើម្បីខ្ចប់បន្លែដែលដាក់លក់តាមផ្សារនានាទៀតផង៕

ដោយ៖ យ៉ាយ៉ា

 

 

X
5s