កំហុសឆ្គង ៥ ពេលបានឡើងតំណែងជាអ្នកគ្រប់គ្រងថ្មីថ្មោង​



ចាប់ផ្តើមឡើងតំណែងជាអ្នកគ្រប់គ្រង អ្នកចាប់ផ្តើមមានការងារកាន់តែច្រើន ហើយការទទួលខុសត្រូវក៏កាន់តែធំជាងមុន។ មុខតំណែងថ្មីនេះប្រហែលធ្វើឲ្យអ្នកសប្បាយចិត្តមិនស្ទើរដែរ លាយឡំនឹងអំនួតផង ឬទំនុកចិត្តខ្ពស់ផង។ ក៏ប៉ុន្តែនៅទន្ទឹមនឹងពេលវេលាដ៏រីករាយនេះ អ្នកអាចមើលមិនធ្លុះពីបញ្ហាប្រឈមដែលនឹងកើតមានជាពិសេសទាក់ទងទៅនឹងអត្តចរិតរបស់អ្នកថា តើអ្នកបានត្រៀមខ្លួនហើយឬនៅដើម្បីធ្វើជាអ្នកគ្រប់គ្រងល្អម្នាក់? 

សូមពិនិត្យមើលកំហុសឆ្គង៥ ទាំងនេះ តើអ្នកមានចំណុចខ្វះខាតណាមួយដែរឬទេ? 

១ )និយាយច្រើនពេក
ជាធម្មតាទេនៅពេលបានឡើងដំណែងថ្មីថ្មោង អង្គុយកន្លែងខ្ពស់ជាងគេ អ្នកចាប់ផ្តើមមានឬកពារហំហួនបន្តិច រៀបចំខ្លួនបែបវិជ្ជាជីវៈ និងព្យាយាមធ្វើឲ្យសម្តីរបស់អ្នកមានឥទ្ធិពលកាន់តែខ្លាំងជាងមុន។ អ្នកអាចមានគំនិតជាច្រើនត្រូវនិយាយចេញមកដើម្បីបង្ហាញ និងបង្គាប់បញ្ជាឲ្យកូនចៅរបស់អ្នកអនុវត្តតាម។ ទន្តឹមនឹងនេះបទពិសោធន៍ជាអ្នកគ្រប់គ្រងថ្មីថ្មោង វាអាចធ្វើឲ្យអ្នកមានទំនុកចិត្តច្រើនពេកដែលអាចបណ្តោយឲ្យអ្នកធ្វេសប្រហែសក្នុងការគ្រប់គ្រងការនិយាយស្តីរបស់ខ្លួន ។ នេះជាកំហុសឆ្គងដ៏ធំមួយដូចអ្វីដែលគេនិយាយថា បានតែសម្តី អនុវត្តគ្មាន។ 

ដូច្នេះហើយ អ្នកគួរបង្កើតបរិយាកាសការងារមួយដែលអាចផ្តល់ឱកាសឲ្យមនុស្សគ្រប់គ្នាបានលើកឡើងពីគំនិត និងមតិដែលពួកគេចង់លើកឡើង។ សូមកុំតក់ក្រហល់ចង់និយាយកាត់ពួកគេ ហើយតាំងខ្លួនជាមនុស្សដំបូងដែលអារកាត់លើទស្សនៈរបស់ពួកគេ។ បើកចិត្តឲ្យទូលាយ ហើយអនុញ្ញាត្តឲ្យសមាជិកក្រុមឯទៀតបានបញ្ចេញមតិយោបល់ផង។ 

២) គ្រប់គ្រងបុគ្គលិកតឹងតែងពេក
អ្នកគ្រប់គ្រងមួយចំនួនជោគជ័យខ្លាំង ព្រោះពួកគេពូកែអ្វីដែលពួកគេធ្វើ។ ពួកគេត្រូវតែជាមនុស្សឆ្លាតជាងគេ និងមានបទពិសោធន៍ច្រើនជាងគេនៅក្នុងសមាជិកក្រុមការងារ ហើយដឹងពីរបៀបធ្វើអ្វីៗជាច្រើនដែលល្អប្រសើរជាងអ្នកដទៃ។ ក៏ប៉ុន្តែក្នុងនាមជាអ្នកគ្រប់គ្រង ប្រសិនបើអ្នកចាប់ផ្តើមព្យាយាមគ្រប់គ្រងបង្គាប់បញ្ជាយ៉ាងតឹងតែងខ្លាំងពេកដល់មនុស្សគ្រប់គ្នានូវអ្វីដែលពួកគេត្រូវធ្វើ និងរបៀបធ្វើវា អ្នកនឹងបង្កើតក្រុមហ៊ុនមួយដែលមានតែអ្នកហៃអើចាំលើកជើង និងចាំដេកចាំយកផលប្រយោជន៍។ 

ជំនួសឲ្យការណែនាំយ៉ាងលម្អិតពីវិធីដែលត្រូវធ្វើ អ្នកគួរផ្តោតលើគោលបំណងចុងក្រោយរបស់អ្នកថា ហេតុអ្វីគោលបំណងទាំងនោះសំខាន់ និងបង្ហាញគោលការណ៍ណែនាំ និងដែនកំណត់ដែលចាំបាច់បុគ្គលិកម្នាក់ៗត្រូវអនុវត្តតាម។ សូមផ្តល់សេរីភាពឲ្យពួកគេម្នាក់ៗក្នុងការបំពេញការងារ និងស្វែងយល់ពីតម្រូវការសម្រាប់ការអនុវត្តការងាររបស់ពួកគេ។ អ្នកគួរឈរនៅជ្រុងមួយចាំផ្តល់ជំនួយប្រសិនបើពួកគេស្នើសុំ ហើយពួកគេពិតជាត្រូវការវាជាចាំបាច់។

៣) តាំងខ្លួនជាមនុស្សឆ្លាតជាងគេនៅក្នុងកន្លែងការងារ
ជាទូទៅនៅពេលអ្នកចង់ឲ្យបុគ្គលិកដទៃទៀតចាប់អារម្មណ៍អ្នក អ្នកទំនងជាព្យាយាមបង្ហាញអ្វីមួយចេញមកដើម្បីធ្វើឲ្យពួកគេចាប់អារម្មណ៍។ អ្នកចង់ឲ្យពួកគេមើលមកអ្នកថា ជាមនុស្សឆ្លាតតែម្នាក់គត់ដែលគួរឲ្យគោរព។ ដូចនេះការបង្ហាញសមត្ថភាព និងចំណេះដឹងរបស់អ្នកចេញមក គឺជាគន្លឹះមានប្រសិទ្ធភាពនៅទីនេះហើយ។ 

ទោះយ៉ាងណាក៏ដោយនៅពេលអ្នកនៅទីកន្លែងខ្ពស់ស្រាប់ទៅហើយនោះ ប្រសិនបើអ្នកបន្តបង្ហាញភាពអស្ចារ្យរបស់អ្នកគ្រប់ពេល និងលើសលប់ជាងបុគ្គលិកផ្សេងទៀត ពួកគេនឹងមើលមកអ្នកថា ជាមនុស្សមានអំនួតជ្រុស។ ផ្ទុយមកវិញ អ្នកគួរផ្តោតលើការផ្តល់ឲ្យកូនចៅរបស់អ្នកនូវចំណុចសំខាន់ៗសម្រាប់តម្រូវការក្នុងការងារ ហើយគូសបញ្ជាក់ពីជំនាញ និងពីអ្វីដែលពួកគេអាចចូលរួមចំណែកបាននៅក្នុងក្រុមហ៊ុននេះ។

៤) ព្យាយាមយកឈ្នះ
នៅពេលអ្នកបានឡើងកាំជណ្តើរក្នុងក្រុមហ៊ុនកាន់តែខ្ពស់ អ្នកនឹងមានភាពសកម្មជាងមុនដើម្បីចូលរួមក្នុងការជជែកវែកញែកផ្សេងៗ ហើយឥទិ្ធពលរបស់អ្នកដែលមានទៅលើមនុស្សទាំងនោះគឺជាជំនាញដ៏សំខាន់សម្រាប់ទទួលបានភាពជោគជ័យ។ ក៏ប៉ុន្តែភាពមានមោទនភាពហួសហេតុ និងភាពជំនៈរបស់អ្នកនៅពេលបានក្លាយជាអ្នកគ្រប់គ្រងថ្មីថ្មោង បានធ្វើឲ្យអ្នកក្លាហានហ៊ានជជែកវែកញែកឥតសម្ចៃមាត់ទៅកាន់មនុស្សគ្រប់គ្នានៅជុំវិញអ្នក បើទោះបីជាពេលខ្លះអ្នកដឹងថា អ្នកមិនចាំបាច់ត្រូវយកឈ្នះពួកគេឡើយ។ 

យ៉ាងណាមិញ វិធីដ៏ល្អបំផុតដើម្បីធ្វើជាអ្នកគ្រប់គ្រងល្អម្នាក់ អ្នកមិនចាំបាច់ត្រូវព្យាយាមយកឈ្នះពួកគេគ្រប់ពេលនោះទេ។ ឈ្នះខ្លះ ចាញ់ខ្លះ នឹងធ្វើឲ្យអ្នកឈ្នះរហូត។ អ្នកត្រូវប្រើយុទ្ធសាស្រ្តបញ្ចុះបញ្ចូលពួកគេឲ្យដើរតាមវិធីរបស់អ្នកដោយផ្តោតលើការបំផុសឲ្យមានការបញ្ចេញ និងគាំទ្រគំនិតរបស់បុគ្គលិកម្នាក់ៗដែលអ្នកយល់ថា វាមានតម្លៃ ឬសក្ដិសមនឹងការចង់បាន។

៥) ធ្វើខ្លួនដូចជារវល់ណាស់គ្មានពេលទំនេរ
ក្នុងនាមជាអ្នកគ្រប់គ្រងថ្មីថ្មោ ការមមាញឹករបស់អ្នកបានបង្ហាញថា អ្នកកំពុងបង្ហាញពីសារៈសំខាន់ និងតម្រូវការរបស់អ្នក។ អ្នកជាប់រវល់ព្រោះអ្នកកំពុងមានការងារច្រើនត្រូវធ្វើតាមតម្រូវការរបស់ក្រុមហ៊ុន។ ភាពរវល់របស់អ្នកគ្មានពេលសម្រាកនេះបានបង្ហាញថា អ្នកមានការលះបង់ និងមានមហិច្ឆតាដើម្បីឲ្យក្រុមហ៊ុនជោគជ័យ។ ក៏ប៉ុន្តែបញ្ហានៅត្រង់ថា នៅពេលអ្នកកំពុងផ្តោតលើសត្វឈ្លុះនៅក្នុងព្រៃក្រាស់ ជាជាងសត្វក្តាន់នៅក្នុងព្រៃរបោះហើយ។

នេះមានន័យថា ភាពមមាញឹករបស់អ្នកអាចបណ្តាលឲ្យអ្នកមានភាពចន្លោះប្រហោងមួយចំនួនដើម្បីឃ្លាំមើលពីខ្លួនឯង និងបុគ្គលិករបស់អ្នក។ ថ្មីត្បិតតែអ្នកឈានដល់តំណែងខ្ពស់មែន អ្នកមិនត្រូវងប់ងល់នឹងតំណែងការងាររបស់អ្នកដកខ្លួនមិនរួចនោះទេ។  អ្នកត្រូវការពេលវេលាជាច្រើនដើម្បី  អភិវឌ្ឍ រៀនសូត្រជំនាញថ្មីៗ រៀបចំបុគ្គលិក បណ្តុះបណ្តាលពួកគេ និងរៀនមើលពីកំហុសឆ្គងឬ ចំណុចខ្វះខាតដែលកើតចេញពីការសម្រេចចិត្តរបស់អ្នកក្នុងនាមជាអ្នកគ្រប់គ្រងរបស់ពួកគេប្រកបដោយការទទួលខុសត្រូវ៕

ប្រភព៖ Inc   

 

X
5s