រឿងពិតចំនួន ៧យ៉ាងពាក់ព័ន្ធនឹងសេដ្ឋកិច្ចបច្ចុប្បន្នរបស់អតីតបងធំសហភាពសូវៀត រុស្សី​



បន្ទាប់ពីសង្គ្រាមលោកលើកទី ២ សហភាពសូវៀតបានងើបមុខឡើងជាមហាអំណាចពិភពលោកដែលមានការប្រកួតប្រជែងជាមួយសហរដ្ឋអាមេរិកយ៉ាងស្វិតស្វាញ។ ប៉ុន្តែបន្ទាប់ពីសហភាពសូវៀតបានដួលរលំនៅដើមទសវត្សឆ្នាំ ១៩៩០ ហើយលេចមុខឡើងជាប្រទេសរុស្ស៊ី អតីតមហាអំណាចពិភពលោកនេះចង់ប្រឆាំងជាមួយនឹងវាសនាបែបនេះហើយព្យាយាមស្ដារសេដ្ឋកិច្ចឡើងវិញក្នុងខណៈនោះកំពុងតែជួបទុក្ខបុកម្នេញជាខ្លាំងដូចជាតម្លៃរូបិយប័ណ្ឌ និងចំនួនប្រជាជនធ្លាក់ចុះយ៉ាងគំហុកហើយសេដ្ឋកិច្ចរបស់ខ្លូនស្ទើរតែពឹងផ្អែកលើប្រេងនិងឧស្ម័នទាំងស្រុង។

ហេតុនេះហើយ BizKhmer បានធ្វើការស្រាវជា្រវទាក់ទងនឹងប្រធានបទសេដ្ឋកិច្ចរបស់ប្រទេសរុស្សីហើយនឹងលើកយករឿងពិតចំនួន ៧ ចំណុចពាក់ព័ន្ធនឹងសេដ្ឋកិច្ចរបស់អតីតមេធំសហភាពសូវៀតមួយនេះមកបកស្រាយដល់ប្រិយមិត្តទាំងអស់គ្នា៖

១) ប្រទេសរុស្ស៊ីបាត់បង់មនុស្ស ៧០០ នាក់ស្ទើរតែជារៀងរាល់ថ្ងៃ

ប្រជាជនរុស្ស៊ីកំពុងថយចុះប្រមាណជា ៧០០ នាក់ក្នុងមួយថ្ងៃឬច្រើនជាង ២៥០ ពាន់នាក់ជារៀងរាល់ឆ្នាំ នេះបើយោងតាមការផ្សាយរបស់សារព័ត៌មានអ៊ីរ៉ាស្យាប្រចាំថ្ងៃ (Eurasia Daily Monitor)។ ទីក្រុងមួយចំនួនដូចជា Murmansk គឺមានការធ្លាក់ចុះចំនួនប្រជាជនច្រើនជាង ៣០% ចាប់តាំងពីសហភាពសូវៀតដួលរលំមកម្ល៉េះ។ ការថយចុះនេះគឺដោយសារតែកត្តាវ័យចំណាស់កាន់តែកើន អត្រាចំណូលស្រុកធ្លាក់ចុះ និងការបរាជ័យរបស់រដ្ឋាភិបាលក្នុងការចាត់វិធានការលើប្រព័ន្ធផ្ដល់ស្បៀងអាហារនិងសុខាភិបាលអោយមានប្រសិទ្ធភាព។ ប៉ុន្តែមានសាធារណជនមួយចំនួនបានបន្ទោសទៅលើទណ្ឌកម្មសេដ្ឋកិច្ចរបស់លោកខាងលិចថាបានចូលរួមចំណែកធ្វើអោយអត្រាភាពក្រីក្រនិងបញ្ហាសេដ្ឋកិច្ចរបស់រុស្ស៊ីស្ទុះកើនឡើងជាបន្តបន្ទាប់ដែលកត្តាទាំងនេះបានញ៉ាំញ៉ើប្រទេសមួយនេះកន្លងមកទល់បច្ចុប្បន្ន។

២) ទិន្នផលសេដ្ឋកិច្ចរបស់ប្រទេសរុស្ស៊ីបានធ្លាក់ចុះ ៤៥% បន្ទាប់ពីសហភាពសូវៀតបានបែកបាក់

ចាប់ពីឆ្នាំ ១៩៨៩ មកដល់ឆ្នាំ ១៩៩៨ ទិន្នផលរបស់រុស្ស៊ីបានធ្លាក់ចុះយ៉ាងធំធែងជាង ៤៥ ភាគរយដោយសារកំណែទម្រង់សេដ្ឋកិច្ចរបស់ប្រទេសមួយនេះបន្ទាប់ពីការដួលរលំសហភាពសូវៀតក្នុងឆ្នាំ ១៩៩១ ជះឥទ្ធិពលដល់ប្រទេសមួយនេះ។ នៅឆ្នាំ ២០០០ អត្រាទន្និន័យផលិតផលក្នុងស្រុកសរុបរបស់ប្រទេសនេះស្ថិតនៅចន្លោះពី ៣០ ទៅ ៥០ ភាគរយនៃទិន្នផលមុនពេលមានការដួលរលំរបស់ខ្លួន។ កំណែទម្រង់សេដ្ឋកិច្ចរបស់រុស្សីនេះបានបង្កភាពវឹកវរដល់សកម្មភាពនិងសមិទ្ធិផលរបស់ប្រទេសមួយនេះដោយបានរុញច្រានប្រទេសមួយនេះឲ្យក្រាបលូនលើបញ្ហាសេដ្ឋកិច្ចអស់មួយរយៈធំ។

៣) ៥៩% នៃការនាំចេញរបស់រុស្សីគឺជាប្រេងនិងឧស្ម័នឥន្ធនៈ

ប្រទេសរុស្ស៊ីគឺជាប្រទេសមួយដែលមានផ្ទៃដីធំជាងគេលើលោកដែលសម្បូរប្រេងនិងឧស្ម័នយ៉ាងច្រើន។ ហេតុនេះហើយបានជាសេដ្ឋកិច្ចរបស់ខ្លួនពឹងផ្អែកយ៉ាងខ្លាំងលើធនធានធម្មជាតិទាំងអស់នេះក្នុងជំរុញសេដ្ឋកិច្ចរបស់ខ្លូនឲ្យដើរទៅមុខ។ យោងតាមទីភ្នាក់ងារសារព័ត៌មាន Reuters បានឲ្យដឹងថានៅដំណាច់ឆ្នាំ ២០១៨ មុននេះផលិតកម្មប្រេងរបស់ប្រទេសរុស្ស៊ីមានអត្រាខ្ពស់ដាច់គេបង្អស់គឺ ១១.១៦ លានបារ៉ែលក្នុងមួយថ្ងៃៗ។ បន្ថែមពីនេះទៀត បើយោងតាមធនាគារពិភពលោក The World Bank បានឲ្យដឹងថាកាលពីឆ្នាំ ២០១៧ ការនាំចេញឧស្ម័នធម្មជាតិបានកើនឡើងរហូតដល់ ៥៩% និងក្ដោបបានជាង ២៥% នៃប្រាក់ចំណូលសរុបរបស់ប្រទេសមួយនេះ។ 

៤) ប្រជាជនរុស្ស៊ីជាង ១៣% រស់នៅក្រោមបន្ទាត់នៃភាពក្រីក្រ

ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានប្តេជ្ញានៅក្នុងសុន្ទរកថាកាលពីឆ្នាំមុនថាលោកនឹងព្យាយាមកាត់បន្ថយអត្រាភាពក្រីក្រអោយធ្លាក់ចុះមកដល់ពាក់កណ្ដាលក្នុងប្រទេសក្នុងពេលដែលបច្ចុប្បន្នភាពនេះ ប្រជាជនប្រទេសនេះជាង ១៣% កំពុងតែស្ថិតនៅក្រោមបន្ទាត់ភាពក្រីក្រ។ បើយោងតាមការផ្សាយរបស់សារព័ត៌មាន Irish Times បានបង្ហាញពីស្ថិតិផ្លូវការមួយថាប្រជាជនរុស្ស៊ី ១៩.៣ លាននាក់កំពុងរស់នៅក្រោមបន្ទាត់នៃភាពក្រីក្រនេះ។ ហើយជាពិសេសនោះ លោកប្រធានាធិបតីពូទីន បានប្រកាសថាលោកនឹងវិនិយោគលុយ ៣៨០ ពាន់លានដុល្លារក្នុងការធ្វើទំនើបកម្មផ្នែកថែទាំសុខភាព ការអប់រំហេដ្ឋារចនាសម្ព័ន្ធលំនៅដ្ឋាន និងកសិកម្មរបស់រុស្ស៊ីដើម្បីជួយស្រោចស្រង់ប្រជាជនរុស្សីឲ្យមានជីវភាពល្អប្រសើរ។

៥) ប្រទេសរុស្ស៊ីមានមហាសេដ្ឋីជាង ៧០ នាក់

វិសមភាពទ្រព្យសម្បត្តិរបស់រុស្ស៊ីគឺមានអត្រាខ្ពស់ហើយទីក្រុងមូស្គូដែលជារឿយៗស្ថិតនៅលើបញ្ជីនៃទីក្រុងនានាដែលមានមហាសេដ្ឋីច្រើនជាងគេ ដែលមានមានមហាសេដ្ឋីរហូតលើសពី ៧០ នាក់ទៅទៀត។ ហើយភាគច្រើនមហាសេដ្ឋីទាំងនោះទទួលបានទ្រព្យសម្បត្តិរបស់ពួកគេអំឡុងទសវត្សរ៍ឆ្នាំ ១៩៩០ នៅពេលដែលអំពើពុករលួយបានសាយភាយទូទាំងប្រទេស។ ហើយមហាសេដ្ឋីមួយចំនួនធំតែងមានអំណាចនិងឥទ្ធិពលយ៉ាងខ្លាំងលើរដ្ឋាភិបាលរបស់ប្រទេសមួយនេះ ឯមួយចំនួនទៀតបានវិនិយោគទ្រព្យសម្បត្តិរបស់ខ្លួនជាមួយនឹងអាជីវកម្មរបស់ខ្លួនដូចលោកមហាសេដ្ឋី Mikhail Prokhorov ដែលជាម្ចាស់របស់ក្រុមក្លឹបកីឡាករ NBA's Brooklyn Nets ជាដើម។ 

៦) ប្រាក់ឈ្នួលប្រចាំខែជាមធ្យមនៅប្រទេសរុស្ស៊ីគឺ ៦៧០ ដុល្លារ

ប្រទេសរុស្ស៊ីជាប់ចំណាត់ថ្នាក់ជាប្រទេសកំពូលទាំង ១០ ទាក់ទងនឹងផលិតកម្មសេដ្ឋកិច្ច។ ប៉ុន្តែទោះបីជាផលិតផលក្នុងស្រុកសរុបខ្ពស់ បើប្រៀបធៀបទៅនឹងពិភពលោកទាំងមូលប្រាក់ឈ្នួលប្រចាំខែជាមធ្យមគឺ ៦៧០ ដុល្លារអាមេរិកប៉ុណ្ណោះ។ ប៉ុន្តែទន្និន័យនោះបានកើនឡើងជិត ៥០% ចាប់តាំងពីឆ្នាំ ២០១៦ នៅពេលប្រាក់ខែមធ្យមមានចំនួនត្រឹមតែ ៤៣៧ ដុល្លារ។

៧) ប្រទេសរុស្ស៊ីព្យាយាមពង្រីកឥទ្ធិពលរបស់ខ្លួនក្នុងទ្វីបអាហ្រ្វិក

ក្នុងអំឡុងសង្រ្គាមត្រជាក់ បងធំមហាអំណាចទាំងពីរសហរដ្ឋអាមេរិកនិងសហភាពសូវៀតបានប្រកួតប្រជែងបន្លាយឥទ្ធិពលនៅក្នុងទ្វីបអាស៊ី។ ប៉ុន្តែពេលនេះរុស្ស៊ីបានបង្វែរទិសដៅទៅទ្វីបអាហ្វ្រិកវិញ។ ទាំងរុស្ស៊ីនិងចិនបានធ្វើការវិនិយោគយ៉ាងច្រើននៅពាសពេញទ្វីបមួយនេះដោយព្យាយាមពង្រឹងឥទ្ធិពលរបស់ខ្លួនក្នុងទ្វីបមួយនេះតាមរយៈការនាំចេញផលិតផលយោធានិងក្រុមហ៊ុនធនធានធម្មជាតិរបស់រដ្ឋ។ ហើយកាលពីខែមករា ឆ្នាំ ២០១៩ នេះរុស្សីបានវិនិយោគថវិកាជាង ២៦៧ លានដុល្លារអាមេរិកលើវិស័យរុករកពេជ្រនៅក្នុងប្រទេស Zimbabwe៕