អនុវត្តវិធីសាស្រ្តទាំង ៥ នេះខួរក្បាលអ្នកកាន់តែរឹងមាំ ប្រឆាំងជាមួយភាពតានតឹង​



អាយុកាន់តែច្រើន អ្នកឆ្លងកាត់រឿងរ៉ាវទាំងសប្បាយ ទាំងកើតទុក្ខក៏កាន់តែច្រើន ឯខួរក្បាលរបស់អ្នកក៏រងសម្ពាធកាន់តែខ្លាំងដូចគ្នា បើអ្នកមិនរកវិធីសាស្រ្តដើម្បីធ្វើឲ្យខួរក្បាលអ្នកមានសុខភាពល្អ ហើយប្រឆាំងនឹងភាពតានតឹងទាំងនោះទេវានឹងបង្កបញ្ហាជាច្រើនដល់អ្នក។ អនុវត្តវិធីសាស្រ្តខាងក្រោមនេះនឹងជួយបង្កើនសមត្ថភាពខួរក្បាលអ្នកទប់ទល់ជាមួយបញ្ហា ភាពតានតឹងបានយ៉ាងមានប្រសិទ្ធិភាព៖

១) ទទួលទានអាហារពេលព្រឹកពោរពេញដោយថាមពលសម្រាប់បំពេញការងារពេញមួយថ្ងៃ

មានមនុស្សជាច្រើនដែលចូលចិត្តមើលរំលងការទទួលទានអាហារពេលព្រឹក ព្រោះគិតថាវាមិនសូវជាចាំបាច់ តែផ្ទុយមកវិញការទទួលទានអាហារពេលព្រឹកជាកាតព្វកិច្ចសំខាន់បំផុតដែលអ្នកត្រូវធ្វើជារៀងរាល់ថ្ងៃមុនពេលទៅធ្វើការ ឬទៅសាលារៀន។ ចាប់ផ្តើមថ្ងៃថ្មីបានស្រស់ស្រាយនិងជោគជ័យជាមួយអាហារពេលព្រឹកដ៏ល្អសម្រាប់សុខភាពមានដូចជា៖

ក) អាហារមានជាតិអាមីដុង (បាយ ដំឡូង នំប៉័ង...) មិនថាការទទួលទានបាយ ឬនំប៉័ងនៅពេលព្រឹកសុទ្ធតែល្អដូចគ្នាឲ្យតែអ្នកបានទទួលទានជាតិអាមីដុងនៅពេលព្រឹកក្នុងកម្រិតត្រឹមត្រូវ។

ខ) លីពីត (ស៊ុត ជាតិប្រេង តែមិនមែនខ្លាញ់កក) ជាតិលីពីតនេះជួយបំពេញថាមពលដល់រាងកាយ។

គ) ជាតិម៉ាញ៉ស្យូមដែលបានពីគ្រាប់ធញ្ញជាតិ (សណ្ដែកដី គ្រាប់អាល់ម៉ុន...) ជួយដុតកម្ដៅខ្លាញ់ក្នុងរាងកាយ ជួយឲ្យចរន្តឈាមមានដំណើរការល្អ។

ឃ) ជាតិកាល់ស្យូម (ទឹកដោះគោ) ជួយផ្តល់ថាមពលដល់ខួរក្បាល។

ង) ជាតិប៉ូតាស្យូម ជាតិសរសៃ វីតាមីន C និងវីតាមីនផ្សេងៗដែលមានក្នុងផ្លែឈើ (ផ្លែចេក ក្រូច ល្ហុង ទទឹម ទំពាំងបាយជូរជាដើម) ជួយឲ្យប្រព័ន្ធរំលាយអាហារដំណើរការល្អ។

ច) ទទួលទានជាតិកាហ្វេអ៊ីនតិចតួចដូចជា កាហ្វេ តែ ដើម្បីឲ្យមានស្មារតីល្អសម្រាប់បំពេញការងារ។

ពេលទទួលទានអាហារពេលព្រឹកបានឆ្អែត ខួរក្បាលរបស់លោកអ្នកនឹងពោរពេញទៅដោយថាមពល និងគំនិតច្នៃប្រឌិតថ្មីៗ។

២) ផ្តល់អាស៊ីត Omega 3 ដល់ខួរក្បាលឲ្យបានគ្រប់គ្រាន់

Omega 3 គឺជាប្រភេទអាស៊ីតខ្លាញ់មួយប្រភេទដែលមានប្រយោជន៍យ៉ាងច្រើនសម្រាប់ទ្រទ្រង់រាងការរបស់មនុស្ស វាបានរួមចំណែកក្នុងការកាត់បន្ថយជាតិខ្លាញ់ក្នុងថ្លើម និងកូឡេស្តេរ៉ុលក្នុងសរសៃឈាម។ Omega 3 ក៏មានតួនាទីជួយឲ្យមានស្ថេរភាពនៃអរម៉ូនអាដ្រេណាលីន ដែលជាអរម៉ូនមួយដើរតួនាទីយ៉ាងសំខាន់ក្នុងការគ្រប់គ្រងសម្ពាធឈាម គ្រប់គ្រងប្រព័ន្ធភាពស៊ាំនៅក្នុងខ្លួនទប់ទល់ជាមួយបាក់តេរី កែតម្រូវការបំបែកកាបូអ៊ីដ្រាត និងប្រូតេអ៊ីនក្នុងរាងកាយ។ ដូច្នេះ Omega 3 មានតួនាទីសំខាន់ក្នុងការជួយឲ្យខួរក្បាលអ្នកប្រឆាំងទប់ទល់នឹងភាពតានតឹងបានល្អ។

៣) កម្រិតការទទួលទានផ្អែម និងអាហារឆ្អិនស្រាប់ (Fast Food)

ពិតណាស់ថាអាហារឆ្អិនស្រាប់ជាប្រភេទ Fast Food មានរសជាតិឆ្ងាញ់ ហើយអាចចំណាយតិចសម្រាប់ទទួលទានតែជាក់ស្តែងវាមិនល្អសម្រាប់ខួរក្បាលនិងសុខភាពទេ ព្រោះវាពោរពេញទៅដោយជាតិខ្លាញ់ដែលបង្កឲ្យឡើងទម្ងន់ និងការកើនឡើងជាតិកូឡេស្តេរ៉ុលក្នុងសរសៃឈាម។ ចំពោះជាតិផ្អែមក្នុងអាហារ និងភេសជ្ជៈក៏ដូចគ្នា ជាតិស្ករច្រើនដែលចូលទៅក្នុងខ្លួនពីមួយថ្ងៃទៅមួយថ្ងៃវាបណ្តាលឲ្យសរីរាង្គនានាក្នុងរាងកាយប្រឈមនឹងបញ្ហាជាច្រើន។ ជាតិស្ករ និងជាតិខ្លាញ់ដែលយើងទទួលទានច្រើនជារៀងរាល់ថ្ងៃនាំឲ្យយើងជួបបញ្ហាសុខភាពដូចជា ជំងឺទឹកនោមផ្អែម ជំងឺលើសឈាម លើសទម្ងន់ ខ្លាញ់កកក្នុងសរសៃឈាម ជំងឺប្រព័ន្ធរំលាយអាហារ ជំងឺមហារីកនានាជាច្រើន។ ដូច្នេះការបរិភោគអាហារដែលមានជាតិផ្អែម និងពពួកអាហារឆ្អិនស្រាប់ Fast Food គឺត្រូវតែមានកម្រិត ចៀសវាងការបរិភោគហួសប្រមាណដែលអាចនាំទុក្ខទោសដល់ខ្លួនឯងទៅវិញ។

៤) ដាក់កម្រិតការទទួលទានសុរា ជាតិអាល់កុល និងកាហ្វេអ៊ីន

ទោះបីជាតិកាហ្វេអ៊ីនត្រូវបានគេណែនាំជាផ្នែកមួយល្អសម្រាប់អាហារពេលព្រឹក តែការទទួលទានកាហ្វេអ៊ីនក៏ត្រូវមានកម្រិត ព្រោះនៅពេលដែលអ្នកបណ្តោយឲ្យជាតិកាហ្វេអ៊ីនចូលក្នុងខ្លួនច្រើនពេកវានឹងបង្កជាបញ្ហាដល់ខួរក្បាលរបស់អ្នកវិញ។ ជាតិកាហ្វេអ៊ីនជួយជំរុញការផលិតអរម៉ូនក័រទីសូល (Cortisol) ជម្រុញបង្កើនភាពស្រ្តេស និងជាបុព្វហេតុនាំឲ្យមានអារម្មណ៍តានតឹង និងធ្វើឲ្យអារម្មណ៍មិននឹងនរ។ អ្វីដែលកាន់តែចៀសវាងគឺការទទួលទានកាហ្វេ ឬតែចាស់ (ចត់ ល្វីងខ្លាំង) កៀកម៉ោងចូលគេងគឺចាប់ពីម៉ោង ៧ ឬ៨ យប់ឡើងទៅ ព្រោះវាធ្វើឲ្យខួរក្បាលអ្នកមិនអាចសម្រាកបាន។ 

ចំពោះសុរា ឬជាតិអាល់កុលក៏ដូចគ្នាវាក៏នឹងបង្កផលអាក្រក់ដល់សុខភាពខ្លាំងជាងកាហ្វេអ៊ីនទៅទៀតបើអ្នកប្រើប្រាស់ឬទទួលទានមិនបានត្រឹមត្រូវ។ ជាធម្មតាជាតិអាក់កុលមានតួនាទីមួយផ្នែកសម្រួលដល់បញ្ហាផ្លូវចិត្តដោយជួយឲ្យប្រព័ន្ធប្រសាទមានដំណើរការល្អ តែដំណើរការនេះប្រព្រឹត្តទៅបានល្អខណៈដែលអ្នកប្រើប្រាស់ ឬអ្នកទទួលទានមានកម្រិត។ ទទួលទានស្រាក្រហមទំពាំងបាយជូរមួយកែវមុនពេលគេងអាចជួយឲ្យអ្នកគេងលក់ស្កប់ តែមិនមែនស្មុគស្មាញហើយទទួលទានស្រាបៀររហូតស្រវឹងសន្លប់ដេកដាបនៅនឹងកន្លែងទេ។ 

ជាការណែនាំពីគ្រូពេទ្យចិត្តសាស្រ្ត នៅពេលមានបញ្ហាស្មុគស្មាញអ្នកគួរធ្វើលំហាត់ប្រាណ ដើម្បីអាចបញ្ចេញជាតិពុលចេញពីសរសៃឈាម និងសាច់ដុំ ឬធ្វើដំណើរទៅកន្លែងដែលមានអុកស៊ីសែនគ្រប់គ្រាន់ដើម្បីឲ្យអារម្មណ៍ស្រស់ថ្លាឡើងវិញ។ 

៥) អានសៀវភៅ

ការអានជាអាហារល្អបំផុតដែលអ្នកត្រូវផ្តល់ទៅឲ្យខួរក្បាល មិនថានៅពេលដែឡអញនកស្មុគស្មាញឬរីករាយនោះទេព្រោះការអានបង្កើនគំនិត ចំណេះដឹង និងផ្តល់អ្វីៗគ្រប់យ៉ាងដល់អ្នក។ មនុស្សដែលមានទម្លាប់អានច្រើន ជាមនុស្សដែលមានភាពសុទិដ្ឋិនិយម មានគំនិតវិជ្ជមានច្រើន ហើយក៏មានសុខភាពល្អផងដែរ។ យោងតាមការសិក្សាពីសកលវិទ្យាល័យ Sussex (University of Sussex) កាលពីឆ្នាំ ២០០៩ បានរកឃើញថាការអានជួយឲ្យអ្នកកាត់បន្ថយភាពតានតឹងបាន ៦៨% ហើយវាបានធ្វើឲ្យអ្នកអានមានខួរក្បាលល្អជាងអ្នកមិនចូលចិត្តអាន៕

ដោយ៖ យ៉ាយ៉ា

 

X
5s