សញ្ញាបត្រធំ ខួរ(ខួរក្បាល)តូច​



សញ្ញាបត្រគ្រាន់តែជាក្រដាសមួយសន្លឹកដែលគេធ្វើឡើងដើម្បីបញ្ជាក់ថាអ្នកបានរៀននេះ ឬរៀនចប់ថ្នាក់នោះតែប៉ុណ្ណោះ។ ប៉ុន្តែវាមិនបានឆ្លុះបញ្ចាំងពីទិដ្ឋភាពពិតនៃចំណេះដឹង ជំនាញ បញ្ញាក្នុងការគិតពិចារណា និងភាពជាមនុស្សរបស់អ្នកនោះទេ។

សញ្ញាតបត្រច្រើនយកមកធ្វើអ្វី? រៀនខ្ពស់យកមកធ្វើអ្វី បើការគិតមិនបានស្មើកូនក្មេង? មនុស្សមួយចំនួនមានសញ្ញាបត្រពីរ បី  ដោយគេគិតថាប្រហែលអាចយកប្រើប្រាស់បាស់ក្នុងការងារជាដើម។ សញ្ញាបត្រមួយសន្លឹកមិនបញ្ចាក់ថាអ្នកខ្លាំង អ្នកចេះធ្វើការជាមួយអ្នកដទៃ អ្នកមានសមត្ថភាពដឹកនាំគេ ចេះធ្វើការជាមួយក្រុមការងារ ចេះដាក់ខ្លួន ចេះដោះស្រាយបញ្ហា មានទំនាក់ទំនងល្អនោះទេ។ 

សញ្ញាបត្រច្រើន រៀនខ្ពង់ខ្ពស់ (ថ្នាក់បរិញ្ញាបត្រ អនុបណ្ឌិត បណ្ឌិត) តែរស់នៅមិនចូលចំណោមជាមួយគេ គេប៉ះមិនបាន អគតិ និយាយមិនចេះគិតពិចារណា កុហក់បោកប្រាស់ និយាយចាក់ពីក្រោយ អ្នកនេះអ៊ីចេះអ្នកនោះអ៊ីចុះ និយាយដើមអ្នកដទៃ មិនចេះចែករំលែក អាត្មានិយម ពុករលួយ ឬគិតថាខ្លួនត្រឹមត្រូវ មានតែឯងលើលោក។ មនុស្សជំពូកនេះគ្រាន់តែដើរជិតគេដឹងពីសន្ដានរបស់ខ្លួនបាត់ទៅហើយ យូរៗទៅគ្មានអ្នករាប់រកព្រោះគេដឹងពីពុតត្បុតរបស់ខ្លួន។ មិនបានស្មើនឹងមនុស្សមិនបានចូលរៀនក្នុងសាលាផង។

សញ្ញាបត្រមិនបញ្ចាក់ថាអ្នកជាមនុស្សល្អ ត្រឹមត្រូវនោះទេ តែការរៀននៅសាលាបង្រៀនអ្នកឲ្យមានចំណេះដឹង មានទំនាក់ទំនងល្អ ប្រាស្រ័យទាក់ទងជាមួយអ្នកដទៃ ចេះលែករំលែកជាមួយអ្នកដទៃ។ សាលាជួយឲ្យអ្នកមានចំណេះដឹង ចេះប្រើខួរ (ខួរក្បាល) គិតពិចារណា ចេះវិភាគ។ ទាំងអស់នេះជួយឲ្យអ្នករីកចម្រើន មានសមត្ថភាព ចំណងទំនាក់ទំនងដែលប៉ះពាល់ដល់ជីវិតរបស់អ្នកទៅថ្ងៃក្រោយ។ មិនមែនសញ្ញាបត្រទេ ដែលបញ្ជាក់ថាអ្នកនឹងជោគជ័យ ប៉ុន្តែសាលានិងមនុស្សជុំវិញអ្នកដែលត្រូវរៀនសូត្រ។ សាលាគ្រាន់តែជាការអប់រំផ្លូវការមួយដែលដឹកនាំមនុស្សឲ្យក្លាយជាមនុស្សតែប៉ុណ្ណោះ៕

អត្ថបទដោយ៖ លង់ វណ្ណៈ

 

X
5s