ដឹងទេថាហេតុអ្វីបុគ្គលិកចង់ឲ្យអ្នកផ្ទេរអំណាចការងារដល់ពួកគេ?​



ភាពជាសហគ្រិន និងភាពជាអ្នកដឹកនាំគឺអាចសម្រេចជោគជ័យបានកាលណាអ្នកមានសមត្ថភាពធ្វើការងារជាមួយមនុស្ស (ឬចេះប្រើមនុស្សឲ្យធ្វើការ)។ ក្នុងនោះដែរ ភាពជាអ្នកដឹកនាំមិនត្រឹមតែមាននាទីដាក់ការងារឲ្យបុគ្គលិក ឬអ្នកក្រោមបង្គាប់ទេ តែភាពជាអ្នកដឹកនាំនេះដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើន ពង្រឹងសមត្ថភាពបុគ្គលិក។ 

នៅកន្លែងការងារ បុគ្គលិកតែងចង់ឲ្យថ្នាក់ដឹកនាំរបស់ខ្លួនធ្វើការផ្ទេរអំណាចការងារមកដល់ខ្លួន ជាជាងធ្វើតាមការបង្គាប់បញ្ជាគ្រប់ពេលវេលា។ ខាងក្រោមនេះជាហេតុផលមួយចំនួនបញ្ជាក់ពីមូលហេតុ ថាហេតុអ្វីបានជាបុគ្គលិកចង់ឲ្យអ្នកជាថ្នាក់ដឹកនាំផ្ទេរអំណាច៖

១) ពេលខ្លះអ្នកផ្សេង (ក្រៅពីថ្នាក់ដឹកនាំ) អាចធ្វើការងារមួយនេះបានប្រសើរជាង
មានថ្នាក់ដឹកនាំមួយចំនួនមានសមត្ថភាពបំពេញការងារបានល្អ ការងារបុគ្គលរបស់គាត់អាចធ្វើបានលទ្ធផលប្រសើរ តែចំពោះការដឹកនាំវិញគឺគាត់នៅខ្វះខាតខ្លាំង ព្រោះគាត់មិនអាចបំលែងលទ្ធផលការងារដ៏ល្អរបស់គាត់ ឲ្យបានជាលទ្ធផលល្អសម្រាប់ការងារក្រុមបានទេ។ ពេលខ្លះថ្នាក់ដឹកនាំប្រភេទនេះយល់ថា រាល់ការងារមានតែគាត់ដែលអាចយល់ច្បាស់ ហើយថ្នាក់ក្រោមគាត់នៅមានកម្រិត ដូច្នេះបើគាត់ដាក់ការងារនោះឲ្យបុគ្គលិកធ្វើក្រែងទទួលផលមិនល្អ ហើយបង្កទៅជាបញ្ហាដល់ការងារទាំងមូល។ 

មនុស្សម្នាក់ៗ មានតួនាទី ភារកិច្ចនិងជំនាញខុសៗគ្នា កាលដែលដាក់ការងារឲ្យបុគ្គលិកម្នាក់ធ្វើការតាមជំនាញដែលគេមាន ហើយផ្តល់សិទ្ធិអំណាចគ្រប់គ្រាន់ដល់ពួកគេធ្វើការសម្រេចចិត្ត និងទទួលខុសត្រូវលើការងារមួយនោះ។ បន្ទាប់ពីការផ្ទេរអំណាចការងារដល់បុគ្គលិកបានត្រឹមត្រូវ អង្គភាពនឹងមានការរីកចម្រើនជាមួយនឹងលទ្ធផលល្អ ហើយថ្នាក់លើនោះក៏នឹងក្លាយជាអ្នកដឹកនាំឆ្នើមផងដែរ។ 

២) មិនខាតកម្លាំង និងពេលវេលា
យកការងារស្ទើរទាំងអស់មកឱបក្រសោបក្នុងដៃ ដោយសារខ្លាចអ្នកដទៃធ្វើមិនបានជាកំហុសធំបំផុតរបស់អ្នកដឹកនាំ ព្រោះគាត់គ្មានជំនាញគ្រប់គ្រងនៅក្នុងខ្លួនឡើយសូម្បីការគ្រប់គ្រងពេលវេលាក៏មិនចេះផង។ ពេលថ្នាក់ដឹកនាំចេះធ្វើការផ្ទេរអំណាចដល់បុគ្គលិក មានន័យថាថ្នាក់ដឹកនាំចេះគ្រប់គ្រង បែងចែកពេលវេលាបានត្រឹមត្រូវ មិនចំណាយកម្លាំងច្រើនក្នុងការធ្វើការងារមួយ និងមិនបង្កឲ្យមានភាពសាំញ៉ាំដល់ដំណើរការការងារក្នុងអង្គភាព លើសពីនេះក៏បានធ្វើឲ្យបុគ្គលិកពេញចិត្តនឹងការងារ និងភាពទទួលខុសត្រូវរបស់ផងដែរ។ 

៣) គិតលើការងារអាទិភាពដើម្បីសម្រេចបានលទ្ធផលធំ
មិនថាក្នុងកិច្ចការជំនួញ ឬការងារអ្វីទេដើម្បីមានការរីកចម្រើននិងរស់រានបានស្រួលក្នុងសង្គម គឺទាល់តែ មានការប្រកួតប្រជែង ហើយការប្រកួតប្រជែងនោះគឺត្រូវធ្វើអ្វីឲ្យបានមុនគេទើបអាចឈរជើងជាប់។ បើចង់សម្រេចបាន អ្នកត្រូវមើលថាការងារណាដែលមានអាទិភាពហើយត្រូវធ្វើវាជាមុន ដូច្នេះបើអ្នកបានផ្ទេរអំណាចការងារទៅដល់បុគ្គលិក។ អ្នកដឹកនាំនឹងត្រូវឈឺក្បាលនៅពេលដែលមានការងារបន្ទាន់ច្រើន និងកៀកដល់ថ្ងៃកំណត់សឹងតែទាំងអស់ ព្រោះការងារទាំងនោះគាត់ត្រូវធ្វើតែម្នាក់ឯង មិនបែងចែកទៅឲ្យបុគ្គលិកជួយសម្រេចចិត្តខ្លះ ក្រៅពីនោះកំហុសក៏នឹងអាចកើតមានលើអ្នកដឹកនាំកាន់តែច្រើនដែរព្រោះការសម្រេចចិត្តគឺនៅលើអ្នកដឹកនាំតែម្នាក់។ 

៤) បុគ្គលិករីករាយនឹងការបំពេញការងារ និងមានឱកាសរីកចម្រើនខ្ពស់
ពិតណាស់ ការផ្ទេរអំណាចជាការដាក់បន្ថែមកាតព្វកិច្ចការងារដល់ថ្នាក់ក្រោម និងបន្ថែមភាពទទួលខុសត្រូវលើការងាររបស់ពួកគាត់។ មិនថាបុគ្គលិក ឬថ្នាក់ដឹកនាំទេ វាពិតជាលំបាកនៅពេលដែលធ្វើការផ្ទេរអំណាចការងារ ថ្នាក់ដឹកនាំនឹងត្រូវប្រឈមជាមួយលទ្ធផលការងារមួយដែលមិនល្អឥតខ្ចោះទេព្រោះបុគ្គលិកមិនទាន់មានបទពិសោធន៍គ្រប់គ្រាន់ ឬមិនទាន់យល់ច្បាស់ពីការងារមួយនោះ។ ចំណែកបុគ្គលិកវិញ នឹងប្រឈមជាមួយកំហុស ឬការបន្ទោសណាមួយក្នុងករណីលទ្ធផលការងារមិនបានល្អ ឬមិនអាចធ្វើទាន់ពេលវេលាកំណត់ អាចនឹងហត់នឿយជាងមុនដោយសារការបន្ថែមភារកិច្ច និងភាពទទួលខុសត្រូវ។ តែផ្ទុយមកវិញ បុគ្គលិកនឹងពេញចិត្តលើការងាររបស់ពួកគេនៅពេលដែលគេដឹងថា គេមានសមត្ថភាពធ្វើការងារច្រើនជាងមុន ទទួលបានចំណេះដឹងកាន់តែច្រើនដើម្បីអភិវឌ្ឍខ្លួនទៅរកភាពជោគជ័យ៕ 

ដោយ៖ យ៉ាយ៉ា

 

X
5s